ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​​​​ណែ​នាំ​ដល់​អភិបាល​រាជ​ធានី​-ខេត្ត ​​​ឱ្យ​​​គាំ​ទ្រ​​​ដល់មណ្ឌល​អប់​រំ​កែ​ប្រែ ​និ​ង​ពន្ធ​នាគារ​នៅ​តាម​ទី​តាំងរាជ​ធានី​​ខេត្ត​សាម៉ី ដើម្បី​ចាត់​​វិធាន​ការ​ទប់​ស្កាត់​​ការ​ឆ្លង​រាល​ដាល​​ជំងឺ​កូវីដ​១៩​ ដោយសារ​មាន​​មន្ត្រី​ពន្ធ​នាគារ​ និង​ជន​ជាប់​ឃុំ​មួយ​ចំនួន​មានវិជ្ជមាន​ជំងឺ​នេះ​។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក ស ខេង នៅថ្ងៃ​ទី៩ ខែ​មិថុនា​ឆ្នាំ​២០២១​នេះ បានចេញ​     សេចក្តីណែ​នាំមួយ​​​ជូន​អភិបាល​រាជ​ធានី​-ខេត្ត​​ទាំង២៥ ឲ្យ​ចូល​រួម​គាំ​ទ្រ​ដល់​មណ្ឌល​អប់​រំ​កែ​ប្រែ​ និង​ពន្ធ​នាគារ​នៅ​តាម​ទី​តាំងរាជ​ធានី​ខេត្តសាម៉ី  ឱ្យ​អនុវត្ត​វិធានការ​គ្រប់​គ្រង​ចាត់​ចែង​ព្យាបាល​អ្នក​មាន​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ពង្រឹង​ការ​អនុវត្ត​វិធានការ​សុខា​ភិបាល​​​លើ​មន្ត្រី​អនុរក្ស​​ពន្ធនាគារ ​និងជន​ជាប់​ឃុំ​ ព្រមទាំង​​បង្កើន​ការ​រក្សា​សន្តិសុខ ​និង​សុវត្ថិភាព​ឱ្យ​បាន​ល្អ​។

លោក​​ ស ខេង​ បាន​បញ្ជាក់​ពី​ការ​អនុវត្ត​វិធាន​ការ​សំខាន់ៗដើម្បី​ឱ្យមាន​ការ​គាំ​ទ្រ​ដល់​មណ្ឌល​​អប់​រំ​កែ​ប្រែ ​និងពន្ធនាគារ​ពីអភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង​២៥​នោះ​ថា​៖ «គ្រប់​គ្រង​ ចាត់​ចែង​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ១៩ ​និង​ពង្រឹង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ​ទាំងនោះ និងពន្ធនាគារ​ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​នេះ​មក​លើ​មន្ត្រី​អនុរក្ស​ពន្ធ​នាគារ និង​ជន​ជាប់​ឃុំ​ ព្រមទាំងបង្កើន​ការ​រក្សា​សន្តិសុខ ​និង​សុវត្ថិភាព​​ឱ្យបាន​ល្អ»។

លោក​ ស ខេង​​ បានណែនាំ​បន្ថែម​ទៀត​ថា​៖ «ចំពោះ​មណ្ឌលអប់រំ​ និង​កែ​ប្រែ ​និងពន្ធនាគារ​ខេត្ត​​មិនទាន់មាន​ឆ្លង​ជំងឺកូវីដ១៩​ ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ ការធ្វើ​អនាម័យ​​ដៃ​ជា​ប្រចាំ​តាម​ទីកន្លែង​បំពេញ​ការងារ​ តាមបន្ទប់​ឃុំឃាំង​ ពាក់ម៉ាស់​ លាង​ដៃ​​ជាមួយ​សាប៊ូ​និងទឹកអាល់កុល​ឬ​ជែល​ វាស់​កម្តៅ​លើ​អនុរក្ស​ពន្ធនាគារ និងជនជាប់ឃុំ»។​

លោក ស ខេង បន្ថែម​​ដោយ​ណែនាំ​ឲ្យ​ត្រួត​ពិនិត្យ​សុខភាព​អ្នក​ដែល​បាន​អនុញ្ញាត​ឱ្យចេញ-ចូល​ក្នុង​ពន្ធនាគារ​។ ក្នុង​ករណី​មាន​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ​ ឬ​ពន្ធ​នាគារ​ណាមួយ​ អភិបាលរាជធានីខេត្ត ត្រូវសហការ​ជួយ​ធ្វើ​អន្តរាគមន៍​ឆ្លើយតប​ និង​ត្រូវ​រាយការណ៍​ជា​បន្ទាន់​មក​ក្រសួងមហាផ្ទៃ។

ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​បាន​ឆ្លង​រាល​ដាល​ខ្លាំង​​ ដោយ​បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ជាលើក​ទី​៣ កាល​ពី​ចុង​ខែ​កុម្ភៈ​មក។​ បច្ចុប្បន្ន ​ក្នុង​មួយ​ថ្ងៃ​មាន​ករណី​ថ្មី​ត្រូវ​បាន​គេ​រក​ឃើញ​ប្រមាណជា៦០០​ ទៅ៧០០នាក់​។​

គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន ៣៦,២៤០​នាក់។ មាន​អ្នក​ជាសះ​ស្បើយ​ចំនួន ២៩,០៤៧ និង​មាន​អ្នក​ស្លាប់​ចំនួន​២៨៩នាក់៕​