អគ្គនាយកដ្ឋាន​ពន្ធដារ​​នៅ​ថ្ងៃ​អង្គារ ជូន​ដំណឹង​ជា​ការ​រំ​ឮក​ដល់​ម្ចាស់​អចលន​ទ្រព្យ​ទាំង​អស់​​នៅ​ទូទាំង​ប្រទេស​ឲ្យ​​​ប្រញាប់​ទៅ​បង់​ពន្ធ​ទាំង​លើ​អចលន​ទ្រព្យ​ និង​ដី​មិន​បាន​ប្រើ​ប្រាស់​ សម្រាប់​​ឆ្នាំ​២០២១​ មុន​ថ្ងៃ​ផុត​កំណត់​ថ្ងៃ​ទី​​៣០​ ខែ​កញ្ញា ឆ្នាំ​២០២១ ពុំ​នោះ​ទេ​នឹង​ទទួល​ទោស​តាម​ច្បាប់​។

យោង​តាម​​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ចេញ​នៅ​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​​បញ្ជាក់​ថា ដើម្បី​ជំរុញ​ការ​ប្រមូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​ជៀស​វាង​ការ​ប្រជ្រៀត​​​គ្នា​មក​ប្រកាស​បង់​ពន្ធ​នៅ​​ថ្ងៃ​ជិត​ផុត​កំណត់​ ដែល​អាច​នាំ​ឲ្យ​មាន​ភាព​អសកម្ម​ណា​មួយ​ នាយកដ្ឋាន​ពន្ធដារ​ចង់​រំឮក​ចំពោះ​ម្ចាស់​អចលនទ្រព្យ​ដែល​មិន​ទាន់​បំពេញ​កាតព្វ​កិច្ច​បង់​ពន្ធ​ ប្រញាប់​អញ្ជើញ​ទៅ​ប្រកាស​បង់​ពន្ធ​ឲ្យ​បាន​ទាន់​ពេល​កំណត់​។

ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​បញ្ជាក់​ថា៖ «​ចំពោះ​ការ​ខក​ខាន​មិន​ទាន់​បាន​ដាក់​លិខិត​ប្រកាស​ពន្ធ​ឲ្យ​បាន​ទាន់​ពេល​វេលា​កំណត់​ខាង​លើ​ ម្ចាស់​អចលនទ្រព្យ​នឹង​ត្រូវ​រង​នូវ​ទោសទណ្ឌ​ តាម​ច្បាប់​ជា​ធរមាន​»។

គួរ​បញ្ជាក់​​ថា​ ពន្ធ​អចលនទ្រព្យ​ គឺ​ជា​ពន្ធ​ដែល​ប្រមូល​ចំពោះ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​លើស​ពី​​​១០០លានរៀល​ និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​រដ្ឋ​បាល​រាជធានី​ និង​​​ខេត្ត​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ ពន្ធ​នេះ​ជា​ប្រភេទ​ពន្ធ​ផ្ទាល់​ដែល​តម្រូវ​ឱ្យ​អ្នក​ជា​​ប់​ពន្ធ​ដែល​ជា​កម្មសិទ្ធករ​ ឬ​អ្នក​កាន់​កាប់​ ឬ​អ្នក​ទទួល​ផល​ប្រយោជន៍​ចុង​ក្រោយ​មក​ចុះ​បញ្ជី​អចលនទ្រព្យ​ និង​ធ្វើ​ការ​ប្រកាស​បង់​ប្រាក់​ពន្ធ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី​៣០ ខែ​កញ្ញាជា​រៀងរាល់​ឆ្នាំ​៕​