លោក​ស្រី​ ចក់​សុភាព​ ជា​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(Cambodian Center for Human Rights) ។ លោក​ស្រី​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​សិក្ខា​កាម​ Newsroom Cambodia ​ព្រះ​តេជ​គុណ​ មេង​ គ្រុយ​ពន្លក​ អំពី​អនុ​សញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តី​ភេទ​។

Q: តើ​អ្វី​ទៅ​ជា​អនុ​សញ្ញា​ស្ដី​ពី​ការ​លុប​បំ​បាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តី​ភេទ​ ដែល​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ភាគី​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ១៩៩២?

A: ច៎ា! ព្រះ​អង្គ ​អនុ​សញ្ញា​នេះ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​ទប់​ស្គាត់​នឹង​ការ​រើស​អើង​ប្រឆាំង​នឹង​រាល់​ទម្រង់​នៃ​ការ​ប្រើ​ប្រាស់​ហិង្សា​ ឬ​ក៏​ការ​រើស​អើង​គ្រប់​ទម្រង់​ទៅ​លើ​ស្ត្រី​ហើយ​ និង​ក្មេង​ស្រី​ផង​ដែរ​ដោយ​សារ​ឆ្លើយ​តប​ យើង​ឃើញ​ហើយ​ស្ថាន​ភាព​ពាក់​ព័ន្ធ​នឹង​ការ​រើស​អើង​លើ​ស្រ្តី​នេះ​នៅ​តែ​មាន​បើ​ទោះ​បី​ជា​នៅ​លើ​សកលលោក​ហាក់​ដូច​ជា​មាន​វឌ្ឍនភាព​ពាក់​ព័ន្ធ​នឹង​សម​ភាព​យេន​ឌ័រ​យ៉ាង​ណា​ក៏​ដោយ ​ប៉ុន្តែ​កិច្ច​ការ​ទាំង​អស់​នេះ​គឺ​នៅ​តែ​ប្រឈម​ហើយ​ដែល​ធ្វើ​ឱ្យ​ជាតិ​ អន្តរ​ជាតិ​ហ្នឹង​មាន​ការ​ទទួល​ស្គាល់​ថា​ ទាម​ទារ​នូវ​កិច្ច​​ការ​ងារ​ចាំ​បាច់​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ការ​លុប​បំបាត់​នូវ​រាល់​ទម្រង់​រើស​អើង​ទៅ​លើ​ស្រ្តី​ភេទ​នេះ​។ ច៎ា! អ៊ី​ចឹង​ហើយ​បាន​ជា​នៅ​ឆ្នាំ​១៩៧៩​ អង្គ​ការ​​សហ​ប្រជា​ជាតិ​ក្នុង​មហា​សន្និ​បាត​ហ្នឹង​បាន​ដាក់​ចេញ​នូវ​អនុ​សញ្ញា​ ព្រះអង្គ​។​

Q: ​ពរ​! សូម​អរ​គុណ​ ចំពោះ​សំណួរ​ទី​ពីរ​វិញ​មុន​ពេល​ដែល​កម្ពុជា​ទទួល​សច្ចា​ប័ន​ តើ​មាន​ការ​រើស​អើង​ទៅ​លើ​ស្ដី្រ​ភេទ​ដែរ​ឬ​ទេ​? បើ​មាន​ មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​?

​A:ជា​ការ​ពិត​ហើយ​ កម្ពុជា​យើង​ក៏​ដូច​ក្នុង​បរិបទ​សកល​ហ្នឹង​ គឺ​ដូច​ដែល​ករុណា​បាន​លើក​ខាង​ដើម​ គឺ​ស្ថាន​ភាព​ស្ត្រី​នៅ​តែ​ប្រឈម​នូវ​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ ហើយ​យើង​ឃើញ​មាន​វិសមភាព​រវាង​ស្រ្តី​ហើយ​និង​បុរស​ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​ជជែក​ដល់​អ្នក​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ថែម​ទៀត​។ អ៊ីចឹង​ហើយ​យើង​ឃើញ​ថា​មុន​ពេល​មាន​ការ​ដាក់​ចេញ​នូវ​អនុ​សញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តី​នេះ​ គឺ​សឹង​តែ​លើ​ពិភព​លោក​ហ្នឹង​គឺ​មាន​ការ​ប្រឈម​ ហើយ​ប្រទេស​កម្ពុជា​យើង​ក៏​មិន​ខុស​ពី​ស្ថាន​ភាព​ប្រទេស​ដទៃ​ដែរ ​ដោយ​សារ​ប្រទេស​យើង​មាន​ប្រវត្តិ​ បើ​ទោះ​បី​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ប្រវត្តិ​យូរអង្វែង​ដែល​មាន​ការ​ឱ្យ​តម្លៃ​លើ​ស្រ្តី​ជា​ធំ​ មាន​ស្រ្តី​ជា​ថ្នាក់​ដឹក​នាំ​ក៏​ដោយ​ ប៉ុន្តែ​យើង​ឃើញ​តួ​នាទី​របស់​ស្រ្តី​នេះ​ត្រូវ​បាន​ធ្លាក់​ចុះ​ ហើយ​ដែល​សង្គម​យើង​មិន​បាន​ឱ្យ​តម្លៃ​ ហើយ​មាន​នូវ​វប្បធម៌​ប្រពៃណី​ជា​ច្រើន​ដែល​បាន​រឹត​បន្ដឹង​ ហើយ​ធ្វើ​ឱ្យ​មាន​វិសមភាព​យេនឌ័រ​មាន​ភាព​ មានស្ថានភាព​នេះ​កាន់​តែ​អាក្រក់​​ហើយ​យើង​ឃើញ​វិសមភាព​នៃ​អំណាច​រវាង​បុរស​ដែល​ជា​ទូ​ទៅ​បាន​ប្រើ​អំណាច​ទាំង​អស់​នោះ​ក្នុង​ការ​បំពាន​ទៅ​លើ​ស្រ្តី​ ដោយ​ផ្អែក​លើ​យេន​ឌ័រ​ហ្នឹង យើង​ហៅ​ដូច​ផ្អែក​លើ​យេន​ឌ័រ​ហ្នឹង​ដោយ​សារ​វិសមភាព​ផ្នែក​យេន​ឌ័រ​នេះ​ ធ្វើ​ឱ្យ​ស្រ្តី​ប្រឈម។

​អ៊ីចឹង​ហើយ​យើង​ឃើញ​ថា ​ប្រទេស​កម្ពុជា​យើង​បើ​ទោះ​បី​ជា​ចំនួន​ស្ត្រី​បុរស​មាន​ចំនួន​ស្មើ​គ្នា​ ប៉ុន្តែ​បើ​យើង​មើល​សមាស​ភាព​នៃ​ការ​ចូល​រួម​របស់​ស្រ្តី​ហ្នឹង​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​ អ៊ីចឹង​ទាំង​មុន​ពេល​ដែល​យើង​ទទួល​ស្គាល់​នូវ​លិខិត​តុប​ករណ៍​របស់​អន្តរ​ជាតិ​ របស់​អង្គការ​សហ​ប្រជា​ជាតិ​ ស្ថាន​ភាព​នេះ​បាន​​ប្រ​ឈម​រួច​ទៅ​ហើយ​ ហើយ​ទោះ​បី​ជា​យើង​បាន​បាន​ទទួល​ស្គាល់​ហើយ​​ក្ដី ក៏​មិន​បាន​ន័យ​ថា​ នៅ​ពេល​យើង​ទទួល​ស្គាល់​ហ្នឹង​ ស្ថាន​ភាព​នេះ​វា​នឹង​ប្រសើរ​ជា​ស្វ័យ​ប្រវត្តិ​ក៏​អត់​ដែរ​ គ្រាន់​តែ​ការ​ទទួល​ស្គាល់​របស់​រដ្ឋា​ភិបាល​ទៅ​លើ​លិខិត​តុប​ករណ៍​អន្តរ​ជាតិ​នេះ​ វា​នឹង​ជួយ​ជា​ការ​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិបាល​ ក្នុង​ការ​ចូល​រួម​លុប​បំបាត់​នូវ​រាល់​ទម្រង់​ការ​រើស​អើង​លើ​ស្រ្តី​ ហើយ​ដែល​ជា​បទ​ដ្ឋានមួយ​ដែល​កម្ពុជា​យើង​អាច​ប្រើ​ប្រាស់​ក្នុង​ការ​​តាក់​តែង​គោល​នយោ​បាយ​ជាតិ​ ហើយ​និង​សកម្ម​ភាព​​​​ ផែន​ការ​ សកម្ម​ភាព​ផ្សេង​ៗ​ដោយ​អនុ​លោម​ទៅ​តាម​គោល​ការណ៍​អន្តរ​ជាតិ​នេះ ​។

Q: បន្ទាប់​ពី​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អស់​រយៈ​ពេល​ជាង​៤២​ឆ្នាំ​មក​នេះ​ តើ​លោក​ស្រីយល់​ថា​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច​ដែរ​?

A:មែន​ទែន​ទៅ​ យើង​ឃើញ​ថា​ស្ថាន​ភាព​ស្រ្តី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ឬ​ក៏​យើង​ហៅ​ថា​ស្ថាន​ភាព​យេន​ឌ័រ​ មាន​វឌ្ឍនភាព​បើ​យើង​មើល​ជា​រួម​ វឌ្ឍនភាព​ក្នុង​ន័យ​ថា​យើង​ឃើង​មាន​ការ​ចាប់​ផ្ដើម​យល់​ច្រើន​របស់​សាធារណជន​ របស់​អ្នក​តាក់​តែង​គោល​នយោបាយ​ហើយ​និង​ស្ថាប័ន​ពាក់​ពន្ធ​ទៅ​ក្នុង​ការការបញ្ជ្រាប​យេន​ឌ័រ​ យើង​ឃើញ​ចាប់​ផ្ដើម​មាន​ការ​ជជែង​អំពី​យេនឌ័រ​ មាន​ការ​លើក​កម្ពស់អំណាច​របស់​ស្រ្តី​អី​ជា​ដើម​នឹង​ នៅ​ក្នុង​សង្គម​យើង​ ហើយ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថាន​ប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ ទាំង​រដ្ឋ​ ទាំង​ឯក​ជន​ នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​ការ​ គេ​ហៅ​ថា​ឱ្យ​មាន​ការ​ ដូច​ថា​សម្រេច​បាន​នូវ​គម្លាត​​ បាន​ន័យ​ថា​កុំ​ឱ្យ​មាន​គម្លាត​ធំ​រវាង​វិសមភាព​យេនឌ័​ររវាង​ស្ត្រី​ហើយ​និង​បុរស​ហ្នឹង។​

អ៊ីចឹង​វា​ជា​កិច្ច​ប្រឹង​ប្រែង​ដែល​យើង​ឃើញ​ថា​មាន​ការ​ចូល​រួម​ទាំង​ពី​សំណាក់​រដ្ឋា​ភិបាល​ ហើយ​និង​ខាង​តួ​អង្គ​មិន​មែន​រដ្ឋា​ភិបាល​ មាន​ទាំង​អង្គ​ការ​សង្គម​ស៊ី​វិល​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​ទោះ​បី​ជា​មានវឌ្ឍនភាព​នេះ​ក៏​ដោយ​ការ​ប្រឈម​គឺ​នៅ​តែ​មាន​ យើង​ឃើញ​ដូច​ដែលករុណា​បានលើក​ពាក់​ព័ន្ធ​នឹង​សមាស​ភាព​នៃ​ការ​ចូល​រួម​របស់​ស្រ្តី​ហ្នឹង​គឺ​នៅ​មាន​តិច​តូច​ទាំង​នៅ ​វិស័យ​នយោបាយ​ ការ​សម្រច​ចិត្ត​នានា​ ការ​តាក់​តែង​គោល​នយោបាយ​ ឬ​ក៏​ស្ត្រី​នៅ​ក្នុង​វិស័យ​យុត្តិ​ធម៌​អី​ហ្នឹង ​គឺ​នៅ​មាន​ចំនួន​តិច​តួច​មែន​ទែន​ ហើយ​ដែល​ទាំង​អស់​នេះ​គឺ​ធ្វើ​ឱ្យ​ជា​កូន​ឧប​សគ្គ ដែល​យើង​ឃើញ​ថា​អាច​ធ្វើ​ឱ្យ​មាន​ការ​មើល​រំលង​នូវ​​ការ​មើល​ពី​ជ្រុង​ខាង​យេន​ឌ័រ​ហើយ​មាន​បញ្ហា​មួយ​ចំនួន​ហ្នឹង​ ដែល​ធ្វើ​ឱ្យ​ជា​ឧបសគ្គ​របស់​ស្រ្តី​ក្នុង​ការ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ ​។ល។ នេះ​ជា​ចំណោទ​មួយ​ ហើយ​ទី​ពីរ​យើង​ឃើញ​នូវ​ការ​កើត​ឡើង​នូវ​ទម្រង់​នៃ​ការ​ប្រើប្រាស់​ហិង្សា​នៅ​ក្នុង​គ្រួសារ​ឬ​ក៏​នៅ​ក្នុង​បរិបទ​សង្គម​គឺ​នៅ​តែ​កើត​មាន​ យើង​ឃើញ​មាន​ករណី​ជា​ច្រើន​ដែល​ស្រ្តី​នៅ​តែ​បន្ត​រង​គ្រោះ​អំពី​ទម្រង់​នៃ​ហិង្សា​នេះ​ ហើយ​ការ​ទទួល​បាន​យុត្តិ​ធម៌​នេះ​ទៀត​សោត​ហ្នឹង​គឺ​នៅ​មិន​ទាន់​បាន​ពេញ​លេញ ​ហើយ​យើង​ឃើញ​ករណី​ជាច្រើន​បាន​រាយការណ៍​ ប៉ុន្តែ​ទន្ទឹម​ហ្នឹង​មាន​ករណី​ជា​ច្រើន​ផ្សេង​ទៀត​មិន​បាន​រាយ​ការណ៍​ដោយ​សារ​តែ​គម្លាត​សង្គម​វប្បធម៌​ ហើយ​វប្បធម៌​បន្ទោស​លើ​ជន​រង​គ្រោះ​ជា​ដើម​។​ល​។ ដែល​ជា​ឧបសគ្គ​ធ្វើ​ឱ្យ​ស្រ្តី​ទទួល​បាន​នូវ​យុត្តិ​ធម៌​និង​ការ​ទទួល​បាន​ការ​គំា​ពារ​ពី​សង្គម​ផង​ដែរ​។

Q: តើ​លោក​ស្រី​យល់​ថា​ រដ្ឋា​ភិបាល​ដែល​បាន​អនុវត្ត​នូវ​ការ​លុប​បំបាត់​ការ​ប្រឆាំង​នឹង​ស្រ្ដីភេទ​ បាន​គ្រប់​គ្រាន់​ហើយ ​ឬ​នៅ?

A: បើ​យើង​មើល​ទៅ​តាម​ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​របស់​គណៈ​កម្មការ​ស៊ី-ដ​ (CEDAW)​ ជា​គណៈ​កម្មការ​ដែល​គាត់​ទទួល​បន្ទុក​ក្នុង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​របាយ​ការណ៍​របស់​រដ្ឋ​ភាគី​ ហើយ​​នៅប្រទេស​កម្ពុជា​យើង​ក៏​បាន​ចូល​រួម​នៅ​ក្នុង​យន្តការ​ ​តាម​រយៈ​ការ​ផ្ញើជូន​នូវ​របាយ​ការណ៍​ ហើយ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​គណៈ​កម្ម​ការ​ស៊ី-ដ​ (CEDAW) ហ្នឹង​ដែរ។ ​អ៊ីចឹង​ចុង​ក្រោយ​នោះ​ នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ហ្នឹង​គឺ​ប្រទេស​កម្ពុជា​យើង​បាន​ទទួល​នូវ​អនុសាសន៍​​​ជា​ច្រើន​ពី​គណៈ​កម្មការ​ អ៊ីចឹង​អនុសាសន៍​ទាំង​អស់​នោះ​ហើយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​ចន្លោះ​ប្រហោង​ ចំណុច​ខ្វះ​ខាត​ ហើយ​ចំណុច​ដែល​រដ្ឋា​ភិបាល​ត្រូវ​បំពេញ​បន្ថែម​ទៅក្នុង​ការ​ធានា​នូវ​សមភាព​យេន​ឌ័រ​ ព្រម​ទាំង​ការ​លុប​បំបាត់​នូវ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តី​ភេទ​ហ្នឹង​ដែល​ប្រទេស​កម្ពុជា​យើង​ត្រូវ​ធ្វើ​កិច្ច​ការ​ងារ​ទាំង​អស់​នេះ​ ហើយ​នៅ​ពេល​ដែល​យើង​ឆ្លងកាត់​នូវ​ការត្រួត​ពិនិត្យ​ជា​ថ្មី​ម្ដង​ទៀត​ដូច​ជា​នៅ​ឆ្នាំ​២០២៣​ អ៊ីចឹង​កម្ពុជា​យើង​អាចបង្ហាញ​នូវ​វឌ្ឍនភាព​ឆ្លើយ​តប​នឹង​បញ្ហា ​ឬ​ក៏​អនុសាសន៍​ដែល​គណៈ​កម្មការ​បាន​ផ្ដល់​ជូន​នោះ។​ ករុណា​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Q: ហេតុ​អ្វី​កម្ពុជា​ចាំ​បាច់​ត្រូវ​ទទួល​សច្ចា​ប័ន​លើ​ពិធី​សារ​បន្ថែម​លើ​អនុ​សញ្ញ​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់នៃ​ការ​រើស​អើង​ប្រឆាំង​និង​ស្ដ្រី​ភេទ​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១០ បើ​ទោះ​បី​ជា​កម្ពុជា​បាន​ក្លាយ​ជា​ភាគី​អនុវត្ត​អនុ​សញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តី​ភេទ​?

​​A: វា​ជា​លិខិត​តុបករណ៍​បន្ថែម​ពី​លើ​អនុ​សញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​ស្ដី​ពី​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ ​គឺ​ខាង​អង្គ​ការ​សហ​ប្រជា​ជាតិ​មាន​ដាក់​ចេញ​​នូវ​​​លិខិត​តុបណ៍​បន្ថែម​ដែល​ផ្ដល់​ជា​ជម្រើស​បន្ថែម​ពី​លើ​អនុ​សញ្ញា​ហ្នឹង​ គឺ​ពិធី​សារ​បន្ថែម​នេះ​គឺ​អនុញ្ញាត​ឱ្យ​បុគ្គល​អាច​ដាក់​ពាក្យ​បណ្ដឹង​បាន​ទៅ​គណៈ​កម្មការ ​ដែល​ប្រសិន​បើ​កម្ពុជា​យើង​មិន​ទទួល​ស្គាល់​ មិន​ផ្ដល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​នោះ​ទេ​ បាន​ន័យ​ថា​មាន​តែ​រដ្ឋ​ភាគី​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​រាយ​ការណ៍ហើ​យ​និង​ការ​ប្ដឹង​ផ្ដល់​អី​ហ្នឹង​គឺ​មិន​មាន​ជា​លក្ខណៈ​បុគ្គល​ទេ​ អ៊ីចឹង​នៅ​ពេលដែល​កម្ពុជា​យើង​បាន​ផ្ដល់​សច្ចា​ប័ន​ទៅ​លើ​ពិ​ធី​សារ​បន្ថែម​នេះ ​អ៊ីចឹង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​កម្ពុជា​ មិន​មែន​ចាំ​បាច់​ទាល់​តែ​មាន​ជា​លក្ខណៈ​ស្ថាប័ន​ជា​រដ្ឋ​ទេ ​ប៉ុន្ដែ​ជា​បុគ្គល​ហ្នឹង​គឺ​យើង​អាច​ នៅ​ពេល​ណា​ដែល​យើង​មិន​អាច​ទទួល​បាន​នូវ​យុត្តិធម៌​ នៅពេល​ដែ​ល​យើង​បាន​ព្យាយាម​គ្រប់​លទ្ធភាព​អស់​ហើយ​ក្នុងយន្តការ​ក្នុង​ស្រុក​ បាន​ន័យ​ថា​ដូច​ជា​តាម​រយៈ​បណ្ដឹង​តាម​តុលា​ការ​អី​ជា​ដើម​ហ្នឹង​ គឺ​យើង​នៅ​តែ​មិន​ទទួល​បាន​នូវ​យុត្តិធម៌​នោះ​ គឺ​ពលរដ្ឋ​សាមញ្ញ​អាច​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ផ្ដល់​ទៅ​តាម​រយៈ​យន្តការ​ស៊ី-ដ  ​(CEDAW)​បាន។ នេះ​ជា​ផល​ប្រយោជន៍​នៃ​ការ​ផ្ដល់​សច្ចា​ប័ន​បន្ថែម​ទៅ​លើ​ពិធី​សារ​បន្ថែម​នៃ​អនុសញ្ញា​នេះ​។ ករុណា!

Q: តើ​លោក​ស្រី​មាន​អនុសាន៍​បែប​ណា​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មិន​មាន​ការ​រើស​អើង​ប្រឆាំ​ង​នឹង​ស្រ្តីភេទ​នា​ពេល​អនាគត​ឆាប់​ៗនេះ​?

A: ការ​ងារ​ទាំង​អស់​នេះ​មែន​ទែន​ទៅ​ឃើញ​ថា​ប្រទេស​កម្ពុជា​បាន​ដាក់​ចេញ​ ទី​មួយ​យើង​បាន​ទទួល​ស្គាល​លិខិត​តុបករណ៍​អន្តរជាតិ​ដូច​ជា​ អនុ​សញ្ញា​ស៊ី-ដ​ (CEDAW)​ ឬ​ក៏​ពិធី​សារ​បន្ថែម​អី​ហ្នឹង​គឺ​ជា​កិច្ច​ការ​មួយ​ល្អ​ហើយ​ ប៉ុន្តែ​ការ​ទទួល​ស្គាល់​លើ​លិខិត​តុបករណ៍​ប៉ុណ្ណឹង​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ គឺ​ទាម​ទារ​នូវ​ការ​អនុវត្ត​ជាក់​ស្ដែង​ដែរ​ អ៊ី​ចឹង​ការ​អនុវត្ត​ជាក់​ស្ដែង​នេះ​ក្នុង​នាម​ជា​រដ្ឋ​ហត្ថ​លេខី​ហ្នឹង​គឺ​ទាម​ទារនូវ​ការ​ងារ​ បាន​ន័យ​ថា​យើង​មាន​កាតព្វ​កិច្ច​សំខាន់​បី​គឺ​ ទី​មួយ​គឺ​ការ​ធានា​ដល់​​ការ​គោរព​ទៅ​តាម​អនុ​សញ្ញា​ទៅ​តាម​ពិធី​សារ​បន្ថែម​។ល។ ដែល​យើង​បាន​ទទួល​ស្គាល់​ហ្នឹង​ ហើយ​ទី​ពីរ​នោះ​គឺ​យើង​ការ​ពារ​ បាន​ន័យ​ថា​នៅ​ពេល​ណា​ដែល​មាន​បុគ្គល​ជា​ជន​រង​គ្រោះ​ពី​ទម្រង់​នៃ​ការ​រើស​អើង​ជា​ដើម​ហ្នឹង​គឺ​រដ្ឋ​ត្រូវ​ផ្ដល់​នូវ​កិច្ច​គាំ​ពារ​ចាំ​បាច់​ហើយ​និង​យុន្ត​ការ​ផ្សេង​ៗ ដើម្បី​គាំពារ​ក្នុង​ការ​ទប់​ស្កាត់ ​​និង​ការ​ដោះ​ស្រាយ​ចំពោះ​បញ្ហា​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ​ហ្នឹង​ ហើយ​ទីបី​នោះ​គឺ​កាតព្វកិច្ច​ក្នុង​ការ​បំពេញ​បន្ថែម​គឺ​ធានា​ថា ប្រសិន​បើ​នៅ​ក្នុង​ច្បាប់​ជាតិ​យើង​​មិន​មាន​ច្បាប់​គ្រប់​គ្រាន់ ​ឬ​ក៏​ច្បាប់​ដែល​មាន​ហើយ​ ប៉ុន្តែ​មិន​បាន​អនុ​លោម​ទៅ​តាម​គោល​ការណ៍​អន្ដរ​ជាតិ​អី​ហ្នឹង ​គឺ​រដ្ឋ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ក្នុង​ការ​​តាក់​​​តែង​​ច្បាប់​​ ឬ​ក៏​ធ្វើ​វិសោធនកម្ម​ ឬ​ក៏​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ថែម​ទៀត​ដូច​ជា​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​នា​នា​ ផែន​ការ​សកម្ម​ភាព​នា​នា​ហ្នឹង​គឺ​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ​ អ៊ី​ចឹង​គឺ​ចាំ​បាច់​ណាស់​គឺ​ការ​ទទួល​ស្គាល់​លិខិត​តុបករណ៍​គ្រាន់​តែ​ជំហាន​មួយ​ទេ​ ប៉ុន្តែ​ការ​អនុវត្ត​ការ​ធានា​នូវ​សិទ្ធិ​ទទួល​បាន​នូវ​ជំនុំ​ជម្រេះ​ដោយ​យុត្តិ​ធម៌​ សិទ្ធិ​ទទួល​បាន​យុត្តិ​ធម៌​ សិទ្ធិ​ទទួល​បាន​នូវ​ការ​គាំពារ​ពី​អាជ្ញា​ធរ​ពាក់​ព័ន្ធ​គឺ​ចាំ​បាច់​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ​។

Q: សូម​អរ​គុណ​លោក​ស្រី សម្រាប់​កិច្ច​សម្ភាសន៍​!

A: ករុណា ព្រះអង្គ!