សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ពុធនេះ បានសម្រេច​ចុះ​កិច្ច​ព្រមព្រៀង​​​ប្រគល់​សម្បត្តិ​វប្បធម៌ខ្មែរ​ចំនួន​២៧​រូប ​ដែល​​​រឹប​អូស​​បាន​ពីការ​កាន់​កាប់​ដោយ​ខុស​ច្បាប់​ មក​ឱ្យកម្ពុជា​គ្រប់គ្រងវិញ។

ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​ លោក ជុំ សុន្ទរី​ និងមេធាវី​​តំណាង​ការិយា​ល័យ​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​ប្រចាំ​សង្កាត់​ញូវយ៉ក​​ លោក​ ស៊ីរូស វ៉ានស៍ (Cyrus Vance) នៅ​ថ្ងៃ​ទី​៩ ​ខែ​មិថុនា​ឆ្នាំ​២០២១​នេះ​ បាន​ចុះ​​ហត្ថ​លេខា​​លើ​កិច្ច​ព្រម​​ព្រៀង​​បញ្ជូន​សម្បត្តិ​​វប្បធម៌​​ខ្មែរ​ចំនួន​​២៧រូប​មកកម្ពុជាវិញ។ នេះ​បើ​យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី​១០​ ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​។

សេចក្តី​ប្រកាស​ដដែល​នោះ​បញ្ជាក់​ថា​ សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំង​នោះ​រួម​មាន​រូបបដិមា​ផ្នែក​ព្រះ​ពុទ្ធសាសនា​និងព្រហ្មញ្ញសាសនា​សម័យអង្គរ​រួម​មាន​ ព្រះពុទ្ធ​គង់​សម្មាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ រូប​ព្រះ​ឥសូរ​ និង​ព្រះ​នាង​ប្រាជ្ញា​បារមិតា​ធ្វើ​ពី​ថ្ម​ភក់​ជាដើម​។

សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​សហរដ្ឋអាមេរិក​ប្រគល់​មក​កម្ពុជា​នោះ​ មិន​ទាន់​អាច​ដឹក​មក​កម្ពុជា​បាន​ភ្លាមៗ​នោះ​ទេ​ ហើយ​ពេល​នេះ​វត្ថុ​បុរាណ​ទាំងនោះ​ត្រូវ​បាន​ថែ​រ​រក្សា​ទុក និង​វេច​ខ្ចប់​តាម​បច្ចេកទេស​ដើម្បីត្រៀម​​ដឹក​ជញ្ជូន​​ម​កកម្ពុជា​វិញ​​។​​

រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌​និង​វចិត្រ​សិល្បៈ​ លោក ហាប់​ ទូច​ ប្រាប់ Newsroom Cambodia ​តាម​ទូរសព្ទ​ថា​៖ «​ការចុះព្រមព្រៀងហើយ បានន័យ​ថា​កម្មសិទ្ធិ​របស់​យើង​ហើយ​។​ យើង​នឹង​ចាត់​ចែង​បន្ត។ ​​​ក្រសួង​បាន​ធ្វើ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ ហើយ​ពេល​នេះ​​គេ​កំពុង​វេច​ខ្ចប់​ទៅ​តាម​បច្ចេក​ទេស​ ហើយ​រក្សា​ទុក​ក្នុង​ឃ្លាំង​ស្តុកសុវត្ថិ​ភាព​​សិន​ដើម្បី​រៀប​ចំ​ឯកសារ​ ហើយ​ដោយ​សារ​ស្ថាន​ភាព​កូវីដ​ផង​ ប្រហែល​ជា​មួយ ឬពីរ​ខែ​អី​ទៀ​ត​យ៉ាង​យូរ​មើល​​ទៅ​»។​

លោក ហាប់ ទូច បន្ត​ថា រហូត​មក​ដល់​​ពេល​នេះ​​ មិនទាន់​មាន​តួ​លេខ​នៃ​វត្ថុ​បុរាណ​ដែល​បាន​ប្រគល់​ជូន​មក​កម្ពុជា​ពី​​រដ្ឋាភិបាល​អាមេរិក​​​នៅ​ឡើយ​​ ប៉ុន្តែលោក​ថា ​រដ្ឋា​ភិបាលកម្ពុជា​​​សហ​ការ​​​ជា​ប្រចាំជា​មួយ​​​ភាគី​សហ​រដ្ឋ​អា​មេរិក​​ក្នុង​ស្វែង​រក ​និង​ទាម​ទារ​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​របស់កម្ពុជា​​ដែល​បាន​លួច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​។​

លោក ហាប់ ទូចបានបន្ថែមទៀតថា៖ «ទោះជាយ៉ាងក៏លទ្ធផលបានឃើញច្រើនហើយ បើ​ជាក់​ស្តែង​ មាន​បញ្ជី​ដែល​ធំ​នៅគណៈ​រដ្ឋ​មន្ត្រី​ យើង​ឃើញ​ថា​នៅ​ឆ្នាំ​២០១៣ ឆ្នាំ​២០១៤​ដែល​មាន​រូប​សំខាន់ៗ​ ដែល​មាន​រូប​មក​ពី​ប្រា​សាទ​កោះ​កេរ្តិ៍​ ហើយ​យើង​បាន​រៀប​ចំ​ពិ​ធី​​យ៉ាង​ធំ​ដុំកន្លង​មក​ហ្នឹង គឺ​សុទ្ធ​តែ​ជា​លទ្ធ​ផល​កិច្ច​សហ​ប្រតិបត្តិការ​របស់​សហរដ្ឋ​អា​មេរិក​ហើយ​​»។

ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​នឹងតម្កល់ថែរ​រក្សា​វត្ថុបុរាណដែល​    អាមេរិក​ប្រគល់​ឱ្យ​ទាំងអស់​​ នៅ​សារៈមន្ទីរ​ជាតិ ​​ក្នុង​រាធានី​​ភ្នំពេញ​​៕