រាជ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​​លុប​ចោល​​ការ​បោះ​ឆ្នោត​សាក​ល្បង​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ឆ្នាំ​២០២១​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​ ឆ្នាំ២០២១នេះ​​ ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

យោង​តាម​លិខិត​របស់​រាជ​រដ្ឋា​ភិបាល​នៅល្ងាច​ថ្ងៃ​ទី​០៩ ​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ បញ្ជាក់​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ស្នើសុំ​​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតឱ្យ​​លុប​ចោល​ការ​បោះ​ឆ្នោត​សាក​ល្បង​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ​ឆ្នាំ​២០២១​ ដោយ​ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សារ​សំឡេង​ដែល​បាន​ផ្សព្វ​ផ្សាយ​ដោយ​បណ្តាញ​សង្គម​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​ លោក​ទើប​​​​បាន​ទទួល​ព័ត៌មាន​ថា​ នៅ​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ខាង​មុខ​នេះ​ នឹង​មាន​ការបោះ​ឆ្នោត​សាក​ល្បង​​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​​។ លោក​ថា លោក​​​​ទើប​​​ទទួល​បាន​​ព័ត៌​មាន​ពី​ខេត្ត​សៀម​រាប​ អំពីតម្រូវការ​នៃ​ការ​ហ្វឹក​ហ្វឺន​ប្រជាជន​សម្រាប់​ការ​បោះ​ឆ្នោត​សាកល្បង ​នៃ​ការ​បោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​​ឆ្នាំ​២០២១​​។

លោកក​បញ្ជាក់​ថា៖ «ដោយ​យោង​ទៅ​លើ​សភាព​ការណ៍​ជាក់​ស្តែង​នៅ​កម្ពុជា​ ជំងឺ​កូវីដ​កំពុង​វាយ​លុក​ ហើយ​ក្នុង​មួយ​ថ្ងៃៗ​ប្រជាជន​ឆ្លង​រាប់​រយនាក់​ និង​មាន​មនុស្ស​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​ ដូច្នេះ​គ្មាន​ការ​ចាំ​បាច់​ណា​ ដើម្បី​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​សាក​ល្បង​នោះ​ទេ​ ព្រោះ​ពេល​វេលា​នេះ​យើង​ត្រូវ​ផ្តល់​អាទិភាព​ និង​ប្រមូល​គ្រប់​កម្លាំង​ទាំង​អស់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​នឹង​កូវីដ១៩​»។

លោកថា នេះ​មិនមែនជាពេលវេលា​ដើម្បី​ប្រមូល​ប្រជាជន​ មក​ធ្វើ​ការ​រៀន​សូត្រ​ហើយ​ធ្វើការ​បោះឆ្នោត​សាក​ល្បង​នោះ​ឡើយ​។

លោក​ ហ៊ុន​ សែន បាន​បញ្ជាក់បន្ថែម​​ថា​៖ «ពេល​វេលា​នេះ​សូម្បី​តែ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ក៏​ត្រូវ​ចូល​រួម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កូវីដ​១៩​ ការ​ប្រមូល​ប្រជាជន​ណា​មួយ​មក​ជួបជុំ​ដើម្បី​ហ្វឹក​ហាត់​សម្រាប់​ការ​បោះឆ្នោត​សាក​ល្បង​ គឺ​គ្មាន​ការ​ចាំ​បាច់​នោះ​ទេ​»។

លោក ហ៊ុន សែន បានចេញ​បទ​បញ្ជា​ក្នុងសារសម្លេងដដែលនោះជូនដល់​គ្រប់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់ ដោយមិនឱ្យមានការប្រមូលប្រជាជន​មក​ធ្វើ​ការ​បណ្តុះ​បណ្តាល​រៀន​សូត្រ​សម្រាប់​ការ​បោះឆ្នោត​សាកល្បង​នេះ​ចាប់ពីការទទួលបទបញ្ជានេះតទៅ។

ភ្លាមៗ​នោះ​ដែរ​ នៅ​ថ្ងៃពុធ​​​​ដដែល អនុ​ប្រធាន​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ លោក នុត សុខុម បានសម្រេច​លើក​ពេលការបោះឆ្នោតសាកល្បង​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ឆ្នាំ២០២១នោះ ដោយ​មិនទាន់​កំណត់​ពីកាលបរិច្ឆេទ​ថ្មី​៕