ការហ្វឹកហាត់ចិត្តឱ្យបានល្អ​ដើម្បីលះនូវសេចក្តីទុក្ខ មានបង្រៀន​​ក្នុង​មេរៀន​របស់​ព្រះសម្មា​សម្ពុទ្ធ។ សេចក្តីទុក្ខកើតមានគ្រប់សត្វលោក​ដោយហេតុ​តែការយល់​បញ្ច្រាស និងមិន​ដឹង​ពី​កង​ទុក្ខ​នៃ​ជីវិត។

ក្នុងអត្ថបទនេះ នឹងមានសេចក្តីបកស្រាយពន្យល់ដោយ សួន កំសាន្ត ដែល​ជា​យុវជន​ចូលចិត្ត​សិក្សា​រៀនសូត្រ​តាម​ព្រះពុទ្ធ​វេចនៈ ហើយមាន​សេចក្តី​ជ្រះថ្លា​ក្នុងព្រះធម៌​ដែល​គួរ​យក​ទៅ​អនុវត្ត​ប្រចាំថ្ងៃ ដើម្បីបាន​ជាការរឮក​ដឹង និង​គ្រប់គ្រង​លើ​ការប្រកាន់​ផ្សេងៗ​នៃ​ដំណើរ​ជីវិត​យ៉ាង​សង្ខេប ដោយ​បកស្រាយត្រឹម​គោលខ្លីៗ។​

សេចក្តីផ្តើម

​បុគ្គលម្នាក់ៗ​ក្នុងលោកនេះ មានអំពើសាងឡើង​សន្សំទុក​ក្នុងចិត្តផ្សេងៗគ្នា ហើយការណ៍​នេះ​ប្រព្រឹត្ត​ទៅ​តាម​ដំណើរ​រប​ស់ធម្មជាតិ​។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​បាន​ពិសោធ​ន៍​ដោយ​ជោគជ័យ និង​យក​ឈ្នះលើ​សេចក្តីទុក្ខនៃជីវិតរបស់ទ្រង់នៅក្នុងសង្សារវដ្តនេះ គឹ​ការត្រាស់ដឹង​សម្មាស​ម្ពោធិ​ញាណ​។​ លទ្ធផលក្រោយ​ការត្រាស់ដឹង​របស់​ព្រះអង្គ​មាន​ឥទ្ធិពល​ដល់​ការរួច​រំដោះ​នៃ​សេចក្តី​ទុក្ខ​ក្នុង​ជីវិត​ដល់​សត្វលោក។ ការត្រាស់ដឹងរបស់ទ្រង់​ជាមគ្គុទ្ទេសន៍បង្ហាញ​ផ្លូវដល់សត្វលោក ដែល​មាន​សេចក្តី​ព្យាយាម​រួចចាកទុក្ខ​សម្រាប់សិក្សាបដិបត្តិក្នុងជីវិត។

សេចក្តីពន្យល់

ព្រះសាស្តា ទ្រង់ជាវេជ្ជបណ្ឌិតឯកទេសឯកក្នុងលោកនេះ លើកការជ្រាបដឹងពីចិត្តរបស់សត្វលោក​។​ ដូច្នេះព្រះអង្គអាចព្យាបាលសត្វលោកដែលមានជំងឺ ដែលព្រមស្ម័គ្រចិត្ត​លេប​ឱសថ​ដែល​ទ្រង់​ផ្សំដើ​ម្បីជា​សះជំងឺបាន។

ទុក្ខវេទនាតែងប្រាកដមានក្នុងខ្លួនរបស់សត្វលោកម្នាក់ៗ ហើយចេះតែ​ប្រព្រឹត្ត​ទៅ​គ្រ​ប់វិ​នាទី​នៃ​ក្រសែ​ជីវិត​។ ការមានសទ្ធាជាចំណុចដែលត្រូវអនុវត្តដំបូងមួយ​ជំរុញឱ្យមានការជឿជាក់ មាន​ទំនុ​ក​ចិត្ត​នៅក្នុងកម្មផល ​បញ្ញានៃការត្រាស់ដឹង​របស់បុគ្គលឯកគឺព្រះសម្មាសម្ពុទ្ធ ព្រមទាំង​មាន​ជំនឿ​នៅ​ក្នុង​សត្វលោក​ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនដែលបានកសាង។ ការបណ្តុះសទ្ធា​គឺជា​ការសន្សំ​នូវ​កម្លាំង​ដើម្បីត្រួសត្រាយផ្លូវសម្រាប់យកឈ្នះលើសេចក្តីទុក្ខនៅក្នុងជីវិត។

​រឿងសំខាន់មួយទៀតនោះគឺការមានសតិរឮកត្រូវជាប្រចាំ។ វាកើតឡើងចេញ​ពី​ការហ្វឹក​ហាត់​ត្រូវ​ជា​ប្រចាំ។ ចូរចាំ​ថា សតិ​រឮក​ដឹង​ មិនមែន​ជា​អំណាច​នៃ​ការបង្គាប់​បញ្ជា​របស់​សត្វ​បុគ្គល​ណា​ឡើយ​។ គ្រប់ពេលដែលយើងខឹង ការជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ រវើររវាយ សង្ស័យ គឺ​អវត្ត​មាន​សតិ​ជានិច្ច។ សភាពចិត្តបែបនោះ ព្រោះអង្គធម៌ស្ថិតក្នុងតួអកុសលទាំង១២ ដែល​មិន​មាន​​សតិ​រឮក​ដឹង​។ ហើយការមិនមានសតិជាឈ្មោះនៃសេចក្តីប្រមាទ។ នៅក្នុងសេចក្តីនេះ ការសម្លាប់សត្វ លួច កុហក សេពកាមគុណខុស សេពសុរាជាដើមជាការប្រមាទដ៏ធ្ងន់ធ្ងរ។​

ការមានសតិរឮក​ដឹង​ក្នុង​សតិប្បដ្ឋាន​បួនមាន កាយ វេទនា ចិត្ត និង ធម៌ គឺជាដំណើរ​ត្រូវហ្វឹកហាត់ និងត្រូវចម្រើនប្រចាំថ្ងៃយ៉ាងខ្ជាប់ខ្ជួន។ ប្រយោជន៍នៃការចម្រើនសតិប្បដ្ឋានបួន មានការ​ឮក​ដឹង​កាយ​ក្នុង​កាយ វេទនាក្នុងវេទនា ចិត្តក្នុងចិត្ត និងធម៌ក្នុងធម៌​ ដើម្បី​លះចោល​នូវ​សេចក្តី​ប្រកាន់​ថា​មាន​តួសត្វបុគ្គល ខ្លួនយើង ខ្លួនឃើញ ដែល​ទាំងនេះ​គឺជា​ការយល់ខុស និង​ជាប់​ជំពាក់​ក្នុង​ភព​កំណើត ហើយធ្វើឱ្យសង្សារវដ្តកាន់តែវែងឆ្ងាយតទៅទៀត ការពិតទៅ​សត្វ​បុគ្គល​ក្នុង​លោក​នេះ​ គឺគ្រាន់តែជាធាតុ និងក្ខ័ន្ធប៉ុណ្ណោះ។

សរុបសេចក្តី

ប្រសិនបើការហ្វឹកហាត់ចិត្តឱ្យសំគាល់ថាត្រឹមតែជាធាតុៗ នោះការ​លះសេចក្តី​ប្រកាន់​ថា​ជាតួសត្វ និង​បុគ្គល​កាន់​តែច​ម្រើនឡើង ហើយដរាបណាសេចក្តីប្រកាន់មាំក្នុងជីវិតនេះមិនមានហើយ សេចក្តី​ទុក្ខ​ក៏មិនមានប្រាកដឡើង៕

កំណត់សំគាល់របស់អ្នកនិពន្ធ៖ អត្ថបទនេះត្រូវបានសរសេរនិ ងពន្យល់ដោយ​សង្ខេប​ដើម្បី​ងាយស្រួល​សម្រាប់​អ្នកអាន។​

ឯកសារពិគ្រោះ៖ ១. សុត្តន្តបិដក ទីឃនិកាយ ចតុត្ថភាគ មហាវគ្គ បិដកលេខ១៧ ទំព័រទី២៤៤ ដល់៤០៤។