ក្រសួង​អប់រំ​ យុវជននិង​កីឡា​ លើក​ទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស និងគ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំង​រដ្ឋ​ និង​ឯកជនទូ​ទាំង​ប្រទេស​​ទាំងអស់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ «បំណង​ប្រាថ្នា​» ​ដែល​ជា​ការបង្កើត​​គម្រោង​​វេទិកា​សិក្សា​តាមបែបឌីជីថលដំបូងគេបំផុត​នៅកម្ពុជា​ សម្រាប់​សិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​ទី​៧​ ដល់​ទី​១២​​។​​

បើ​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែលចេញ​ផ្សាយ​ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២១ លើទំព័រ​ហ្វេសប៊ុក​របស់ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បញ្ជាក់​ថា សិស្សានុសិស្ស​ ដែលចូលរួម​ប្រកួត​ក្នុង​ប្រព្រឹត្តិការណ៍​នេះ នឹងទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​ក្រសួង​អប់រំ​ ដោយ​បន្ថែម​ពិន្ទុ​សម្រាប់​ការ​ប្រឡង​ប្រចាំ​ឆ្នាំ​ ករណី​បើ​ពិន្ទុ​នៃ​គម្រោង​លើស​៧០%​។ ចំពោះ​សិស្ស​ ឬក្រុម​សិស្ស​​ដែល​នៅ​លំ​ដាប់​៥%​​ចុងក្រោយ​ទូទាំង​ប្រទេស​​តាមមុខ​វិជ្ជា​នីមួយ​ៗ​​នៅតា​ម​ថ្នាក់​នីមួយ​ៗ​ នឹងក្លាយ​ជា​សិស្ស​សក្តា​នុ​ពល​​​នៃ​ក្រសួង​​។

​ខ្លឹមសារបន្ថែមចេញពី​សេច​ក្តី​ប្រកាស​ដដែល​បន្ត​ថា​ គម្រោង​ដែលវាយ​តម្លៃ​ថា​មាន​ «គុណតម្លៃ​» ខ្ពស់​ នឹង​ទទួល​បានថវិកា​សម្រាប់​អនុវត្ត​។ ក្រុម​សិស្ស​ទទួល​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣​ ប្រចាំ​មុខវិជ្ជា​ និងថ្នាក់​នីមួយ​ៗ នឹង​ទទួល​បាន​បណ្ណ​សរសើរ​ ជាមួយ​នឹង​រង្វាន់​មួយ​ចំនួន​។

គោល​បំណង​ធំ​ៗ​៣​ យ៉ាង​របស់​ព្រឹត្តការណ៍​ «បំណង​ប្រាថ្នា​» មាន​ដូចជា​ ការលើកកម្ពស់​ការ​សិក្សា​ដោយ​ប្តូរ​មក​វិធី​សាស្រ្ត​រៀនបែប​ទំនើប​ថ្មី​ គឺ​តាមការរៀន​បែប​សហការ​ ប្រើការ​ត្រិះ​រិះ​ ការ​រក​ដំណោះ​ស្រាយ​ និង​រៀន​បង្កើត​គម្រោង​។ ការ​លើកស្ទួយ​ដល់​ការបង្កើត​គម្រោង​សិក្សា​ណា​​ដែល​សម្រេច​បាន​នូវ​ពុទ្ធិ​សម្បទា​​ដល់​កំពូល​។ ការ​គាំទ្រ​ឱ្យ​មាន​ការ​ចែក​រំលែក​​គម្រោង​ដែល​ជា​ស្នាដៃ​របស់​បណ្តា​សិស្សានុសិស្ស​​យកទៅ​ពិភាក្សា​ កែលម្អ​ និងដក​ស្រង់​បទពិសោធន៍​​។

ក្រសួង​អប់រំ​​ក៏​បាន​បន្ថែម​ថា សិស្សានុសិស្ស​ថ្នាក់​ទី​៧ ដល់​ទី​១២ មកពី​បណ្តាគ្រឹះស្ថាន​អប់រំ​នានា​ មិន​ថា​​រដ្ឋ និង​ឯកជន​ អាចចូលរួមប្រកួត​បាន​ តាម​ជំហាន​ ៥​សំខាន់ៗ​ រួមមាន​​​ជំហានទី​១​ គឺ​ការចុះ​ឈ្មោះ​​នៅ​លើ​វេទិកា​ឌីជីថល​ ជំហានទី​២​ ការប្រកាស​រក​ដៃគូ​ និង​ការ​បង្កើត​ក្រុម​ ជំហាន​​ទី​៣​​ ការ​រៀបចំ​បង្កើត​គម្រោង ការ​ប្រមូល​ព័ត៌មាន​ និង​ការ​សរសេររបាយការណ៍​ ជំហាន​ទី​​៤ ការពិគ្រោះ​យោបល់​ និងកែលម្អ​ និង​​ជំហាន​ទី​៥ ការផ្ញើកញ្ចប់​របាយការណ៍​។

ក្រសួងបាន​រំឮកបន្ថែម​នៅចុង​បញ្ចប់នៃ​សេចក្តី​ប្រកាស​នោះ​ថា​ ព័ត៌មានលម្អិត​ និង​សេចក្តី​ណែនាំ​ពិស្តារ​​​នៃ​​ការ​រៀបចំ ​និង​​ការ​ប្រព្រឹត្តទៅ​​នៃព្រឹត្តិការណ៍​នេះ​​នឹង​ត្រូវ​ធ្វើ​ឡើង​នាពេល​ខាងមុខ​។ ក្រសួង​អប់រំ យុវជន​ និងកីឡា​ សូមស្ថានប័នជាតិ និងអន្តរជាតិ វិស័យឯកជន​ និងសប្បុរសជន​ដែល​មាន​ចំណាប់​អារម្មណ៍​គាំទ្រ​ដល់​ព្រឹត្តការណ៍​ «បំណងប្រាថ្នា» សូម​ទាក់ទង​ទៅ​​ [email protected] ៕​