ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​សុក្រនេះ​ប្រកាស​ថា នៅ​​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ចំនួន១១​​នាក់ និង​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៦៥៥​​នាក់។​​

បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ចេញនៅ​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២១​នេះ​បង្ហាញ​ថា នៅ​​ថ្ងៃទី​១០ ​ខែ​មិថុនា​ឆ្នាំ ​២០២១ មាន​​ករណី​ឆ្លង​ថ្មី​ចំនួន​​​៦៥៥នាក់​ និង​​​​ជា​សះ​ស្បើយ​៨១០នាក់​ និង​មាន​អ្នក​ស្លាប់​​​ថ្មី​​ចំនួន​១១នាក់។​

គិតត្រឹមថ្ងៃ​ទី​១០ ​ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​កើន​ដល់​ ៣៧,៣២១នាក់ និង​អ្នកជា​សះស្បើយ​សរុប​​ចំនួន​​៣០,៦១៧នាក់ និង​អ្នក​ស្លាប់​សរុប​កើន​ដល់​៣១១​នាក់ ​​​ក្នុង​រយៈ​ពេលត្រឹម​១៨​ខែប៉ុណ្ណោះ​ ​ចាប់​តាំង​ពី​ការ​រក​ឃើញ​ដំ​បូង​នៅ​ចុង​ខែ​មករា ​ឆ្នាំ២០២០មក។

សេចក្តីជូនព័ត៌មានដដែលនោះ​បានបន្តទៀតថា៖ «ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​ចំនួន​៦៥៥​នាក់​នោះ ក្នុងនោះ​មាន​ករណីឆ្លង​ថ្មី​ចំនួន​៤៩នាក់​គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស ហើយ​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​កើនសរុប​ដល់​១,២៩៧នាក់​»។​​

ជំងឺ​កូវីដ​​១៩​នៅ​កម្ពុជា​​ហាក់​មិនទាន់​មាន​ភា​ពធូរ​ស្បើយ​នៅ​ឡើយ​​ បើ​ទោះ​បីជា​មាន​អ្នក​ចាក់​វ៉ាក់​បាន​កើន​ឡើង​ដល់​ជាង​២លាន​នាក់​ហើយ​ក្តី៕​​​