​ក្រសួង​សុខាភិបាល​​នៅថ្ងៃសុក្រនេះ បាន​ក្រើន​រំឮកដល់​​ប្រជាពលរដ្ឋ ​និង​អាជ្ញាធរមូលដ្ឋានទាំងអស់​ រួម​គ្នា​ទប់​ស្កាត់​ជំងឺគ្រុនឈីក​តាម​សហ​គមន៍ ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​ឡើង​ខ្លាំង​នា​ពេល​ខាង​មុខ។​

រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ លោក ម៉ម ប៊ុន​ហេង នៅ​ថ្ងៃទី​១១ ខែ​មិថុនា​ ឆ្នាំ២០២១នេះ​ បានជូន​ដំណឹង​ដល់សាធារណជន ​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ព្រមទាំង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​​ទាំង​អស់ ​ជួយ​អន្តរាគមន៍​ និងគាំទ្រដល់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​គ្រុន​ឈីក​នៅតាមសហគមន៍ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​បន្ថែមថា​ ខណៈស្ថាន​ភាព​​ជំងឺ​​គ្រុន​ឈីក​​នៅ​កម្ពុជា​កំពុង​កើន​ឡើង ដែល​ករណីសង្ស័យ​ជំងឺ​គ្រុន​ឈីក​មាន​ដល់​ទៅ​៥១៤នាក់​នោះ​ ក្រសួង​បាន​ណែនាំ​​វិធានការ​ដើម្បី​ទប់​ស្កាត់​ការកកើត​សត្វ​មូស​ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈីក។

ក្រសួង​ក៏​​បាន​ក្រើន​រំឮក​ឱ្យ​អនុវត្ត​វិធាន​ការ​ដូច​ជា ត្រូវ​សកម្មចូលរួម​កម្ចាត់ដង្កូវទឹក​និង​ទីកន្លែងដែល​មាន​ទឹក​ដក់ មាន​សំបក​កង់ឡាន​ សំបកដប ។ល។ ត្រូវធ្វើអនាម័យផ្ទះ​សម្បែង ផ្ទះ​ត្រូវ​មាន​ពន្លឺចេញ​ចូល​ លុបបំបាត់​ព្រៃ​ស៊ុប​ទ្រុប​ជុំ​វិញ​ផ្ទះ គេង​ក្នុង​មុង​ទាំង​ថ្ងៃ និងយប់ ជាដើម។

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​ ក្រសួង​បាន​បន្ថែម​ថា៖ «ករណីមាន​រោគ​សញ្ញា​ក្តៅ​ខ្លួន​លើស​ពី​៣៨​អង្សាសេ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​រក​សេវា​ពិនិត្យ​ និងព្យាបាលរបស់​រដ្ឋ ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យដែល​នៅជិតបំផុត​»។

សេចក្តីជូនដំណឹងខាងលើនោះ បានបញ្ជាក់ថា មិនឱ្យសាកល្បង​ព្យាបាលអ្នក​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ភ្លាមៗនេះ​ដោយ​ខ្លួនឯង ឬ​ពន្យារ​ពេល​តាមដាន​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុន​ឈីក​នេះ​ទេ។

​ជំងឺគ្រុនឈី​ក​មាន​ភ្នាក់​ងារ​ចម្លង​ជា​មូលខ្លា​ញី ហើយ​ជំងឺ​នេះ​កើត​លើ​មនុស្ស​​គ្រប់​វ័យទាំង​កុមារ ​និងមនុស្ស​ពេញ​វ័យ​។ ​គេ​អាច​ការពារ​ជំងឺ​នេះ​បាន​ដោយ​​កាត់​ផ្តាច់​ប្រភព​ចម្លង​ គឺ​បំបាត់​ជម្រក​របស់​មូសខ្លាញី និង​ការពារ​មិនឱ្យមូសខាំ៕