គ្រឿង​ញៀន​កំពុង​រីករាល​ដាល​ និង​ពង្វក់​យុវជន​​ទៅ​​ដល់​ទីជន​បទ​នៃ​ប្រទេស​កម្ពុជា។ ខាង​ក្រោម​​នេះ​ជា​មតិ​យល់ឃើញ​របស់​ប្រជាពលរដ្ឋ ​ជុំ​វិញ​​​​កត្តា​ជំរុញ​ឲ្យ​​​​យុវជន​សព្វ​ថ្ងៃ​ឈាន​ទៅ​ប្រើ​​ប្រាស់​គ្រឿង​ញៀន។

អ្នកស្រី​ សុផាត ​ដែល​មាន​វ័យ​៣៦​ឆ្នាំ​​ ​ជា​អ្នក​លក់​ចាប់​ហួយនៅ​ផ្សារ​តាកែវ​ បាន​និយាយ​ប្រាប់​ Newsroom Cambodia ថា អ្នកស្រី​ព្រួយ​ចិត្ត​ជា​ខ្លាំង​ចំពោះ​​បញ្ហា​គ្រឿងញៀន​នេះ​។

អ្នកស្រី​​ថា៖ «ពិបាក​ណាស់​ក្មួយ​អើយ​!​ កូន​មីង​ម្នាក់​បាន​ជ្រុលខ្លួន​ចូល​ទៅ​សេព​អា​គ្រឿង​ឆ្កួត​ហ្នឹង ​(គ្រឿង​ញៀន​) វា​វក់​វង្វេង​គ្មាន​ស្គាល់​ផ្ទះ​សម្បែង​ស្អី​ទេ។ ពេល​ប្រលប់​ៗ មិត្ត​ភក្តិ​​វាមកយក​ហើយ​មិន​ដឹង​វាទៅ​រក​ស្អី​វា​ទេ​ និយាយ​មិនដែល​ស្ដាប់​មីង​ទេ​វា​ស្ដាប់​តែមិត្ត​ភក្កិ​វាហ្នឹង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ៗកាន់​តែពិបាក​ឡើង​ៗ ពី​មុន​កូន​មីង​មិន​មែន​វា​ពា​លាចឹង​ទេ​ក្មួយ!​ និយាយ​ឱ្យ​​​អស់​ទៅ​មក​ពី​វា​ដើរ​តាម​គ្នា​វា​ហ្នឹង​ម៉ង់​បាន​ជា​ខូច​មនុស្ស​អស់​ទៅ»​។

​និស្សិត​​​ឆ្នាំ​ទី​២ ​ផ្នែក​​ទំនាក់​ទំនង​អន្តរ​ជាតិ​ ​នៅ​សកល​វិទ្យា​ល័យ​ជាតិគ្រប់​គ្រង ថ្លែង​ដោយ​សុំ​មិនបញ្ចេញ​ឈ្មោះ​​និយាយ​​ថា​ កញ្ញាបាន​ឃើ​ញករណី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ច្រើន​គួរ​សម​ដែរ​​ ពួក​គេ​ធ្វើ​ដោយ​មិនខ្លាច​ញញើត​ច្បាប់​នោះទេ។

កញ្ញា​បាន​និយាយ​ថា៖​ «ឥឡូវកាន់​តែពិបាក​ព្រោះ​អី​​គ្រឿង​ញៀន​បានសុះ​សាយ​នៅក្នុង​សង្គម​ច្រើន​​ មាន​ក្មេង ​និង​​យុវជន​ខ្លះ​លែង​មានភាព​គ្រប់​គ្រងនៅ​លើ​ខ្លួន​ទៅ​ហើយ សម្រាប់​នាង​ខ្ញុំ​បើ​តាម​យល់​ឃើញ​មាន​កត្តា​ច្រើន​ដែល​ធ្វើ​​ឱ្យ​​យុវជនទាំង​នោះ​​ធ្វើ ​ពួកគេ​ឈាន​នឹង​លង់​ខ្លួន​ទៅ​ដល់​ការ​ប្រើ​ប្រាស់​​គ្រឿង​ញៀន​ មាន​ខ្លះ​មាន​បញ្ហាគ្រួសារ​ច្រើន​ជាង ​​ដូចនៅ​ក្នុងគ្រួសារ​មួយ​ដែល​ខ្វះ​ការ​អប់​រំ​ណែ​នាំ​ ជម្លោះ​គ្រួសារ ភាព​មិនចុះ​សម្រុង​រវាង​សមាជិក​គ្រួសារ​កូន​ៗនៅ​ក្នុង​បន្ទុក ​មាន​រកាំ​រកូស​ច្រើន​។ កក្តា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​កូន​ៗមិន​ចង់​នៅ​ផ្ទះ​ ហើយ​ជា​ពិសេស​ការ​រាប់​អាន​ជា​មួយមិត្ត​ដែល​បាន​ដើរ​ផ្លូវ​ខុស​ ការ​អូស​ទាញ​ពី​មិត្ត​មិន​ល្អ​ជា​ដើម»​។

ងាក​មក​ស្ដាប់​សម្តី​របស់​អ្នក​គ្រូ​ ឡុង ធីដា​ វ័យ​២៩​ឆ្នាំ ជា​​​គ្រូ​បង្រៀន​នៅខេត្ត​កំពង់​ស្ពឺ​លើកឡើង​ថា​៖​ «​​អាចថាជាកត្តាមួយសំខាន់ក្នុងការសេពគប់មិត្តភក្តិដូចពាក្យស្លោក សេពគប់​បណ្ឌិត​ជា​បណ្ឌិត សេពគប់ពាលគឺពាល នៅជាមួយមនុស្សប្រភេទណាក្លាយជាបែបនោះ ព្រោះ​មនុស្ស​យើង​ម្នាក់ៗ​ត្រូវ​ការ​មិត្តភក្តិ​សំខាន់​បន្ទាប់ពី​គ្រួសារ បើមិត្តភក្តិអ្នករៀន គឺរៀន​តែ​បើ​យើង​ឃើញ​គេ​មិន​ល្អ យើង​បញ្ឈប់​ការសេព​គប់​ទៅ កុំ​បន្ត​ការទំនាក់​ទំនង ឬក៏នៅរាប់អានតែត្រឹមស្គាល់ នោះយើងក៏មិនលង់ខ្លួន​ហើយមនុស្សក៏មានចរិតរបស់ខ្លួនបង្ហាញ​ឱ្យ​​យើងឃើញ»។

យុវជន ​​វង្ស រក្សា ដែល​​ជា​​និ​ស្សិត​​​សិក្សា​​នៅ​​សកល​​វិទ្យា​​ល័យ​​បញ្ញា​​សាស្ត្រ​កម្ពុជា​​​​បាន​​ប្រាប់​Newsroom Cambodia​​​ ថា​៖​ «ពេល​ដែល​គាត់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ធ្វើ​ឱ្យ​គាត់​ឈ្លក់​វង្វេង ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទី​១​បំផុត គឺ​ធ្វើ​​ឱ្យ​គាត់​ខូច​សុខភាព ខូចសុខភាព​​ហ្នឹងខូច​ទាំង​សុខភាព​ទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត រាង​កាយ​របស់​គាត់​ និង​ធ្វើ​ឱ្យ​ទ្រុឌ​ទ្រោម អាច​នឹង​មាន​ជំងឺ​ជា​ច្រើន ហើយ​បញ្ហា​ផ្លូ​វចិត្ត​របស់​គាត់​ទៀត​សោត​​ក៏​មាន​ការ​ប៉ះ​ទង្គិច​ដែល​ធ្វើ​ឱ្យ​ការ​ចង​ចាំ ការ​គិត​ ការ​ពិចារណា​គឺ​វា​មាន​ការ​ថយ​ចុះ​ជា​ខ្លាំង ហើយ​ធ្វើ​ឱ្យគាត់​បាត់​បង់​ទ្រព្យ​សម្បត្តិ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ធ្វើ​ឱ្យ​មនុស្ស​បាត់​បង់​កា​រចង​ចាំ កក្តា​អស់​ហ្នឹង​ហើយ​គឺ​បាត់​ជា​ច្រើន​តែ​ម្តង»។

លោក​បាន​បន្ថែម​ថា៖ «ទី​២​ កត្តា​មិត្ត​ភក្តិ​សម្រាប់​ផ្នែក​មួយ​ដែល​ធ្វើ​​ឱ្យ​មនុស្ស​ហ្នឹង​សេព​នូវ​គ្រឿ​ង​ញៀន​ហ្នឹង។​ កត្តា​ទី​៣​ដែល​ធ្វើ​ឱ្យ​គាត់​សេព​គ្រឿង​ញៀន​ហ្នឹង​គឺ​កត្តា​​​ខ្លួន​ឯង​ផ្ទាល់ ​ដែល​គាត់​ចង់​សាក​ចង់​ដឹង ហើយ​កត្តា​មួយ​ទៀត​គឺ​កត្តា​​ស្មុគ​ស្មាញ​ដែល​គាត់​មាន​វិ​បត្តិ​ដោះ​ស្រាយ​មិន​ចេញ​អ៊ី​ចឹង​ទៅ។ គាត់​គិត​ថា​អា​គ្រឿង​ញៀន​ហ្នឹង​អាច​ជួយ​បញ្ហា​​គាត់​បាន​មួយ​ពេល​អ៊ី​ចឹង​ទៅ។ ទាល់​តែ​ពេល​គាត់​សាក​ហើយ​ធ្វើ​ឱ្យ​គាត់​ដក​ខ្លួន​​លែង​រួច»។

យុវតី​មួយ​រូប​ទៀត​ដែល​មាន​​ស្រុក​កំណើត​នៅ​​ខេត្ត​កណ្ដាលនិយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ថា ​អ្នកប្រើប្រាស់​គ្រឿង​ញៀន​​នៅ​ពេល​ដែល​ញៀន លែង​ខ្វល់​អ្វី​​ទាំង​អស់ ចូល​ចិត្ត​ការ​សប្បាយ ចង់​សាក​ចង់​ដឹង តែ​អ្នក​​ខ្លះភ្ងាក់​ខ្លួន​ចង់​កែ​តែ​ក៏​ពិបាក​។

កញ្ញា​​បាន​លើក​​ឡើង​​ថា​៖​ «​ហ្នឹង​ហើយ! ដូច​ជា​នៅ​ក្នុង​ភូមិ​របស់​​ខ្ញុំ​ជា​ដើម តាំង​ពី​មុន​អត់​អី​ទេ​ទាល់​តែ​​ដ​ល់​ពេល​ឥឡូវ​គឺរបៀប​ថា​ស្រុក​ភូមិ​វា​មិន​សូវ​ដូច​ពី​មុន​។​ វាបង្ក​ចលាចលដូច​ជា​ថា ឱ្យ​តែ​យប់ៗ​ឡើង​ពួកគេ​ជិះ​ម៉ូ​តូ ធ្វើ​ឱ្យ​រំខាន​អ្នក​ស្រុក​ភូមិ​មិន​បានដេក​បាន​ពួន​»៕​