អាជីវករមួយចំនួនបាននិយាយកាលពីពេលថ្មីៗនេះថា ពួកគាត់មានការស្ទាក់ស្ទើរក្នុងការចុះឈ្មោះដើម្បីលក់ទំនិញតាមអ៊ីនធឺណិត គិតថាជាការលំបាកក្នុងការលក់ ហើយការរកស៊ីដោយផ្ទាល់គឺងាយស្រួលជាង។

ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​ពុធ ទី៩ ខែមិថុនា ឆ្នាំ២០២០១​នេះ​ បាន​​ប្រកាសឲ្យអាជីវកម្មមក​ចុះ​ឈ្មោះ​​ទុក​ជា​មុន បើសិនចង់លក់ផលិតផលរបស់ខ្លួននៅលើគេហទំព័រ cambodiatrade.com ដែលទើបតែបង្កើតឡើងថ្មីៗដោយក្រសួង។

ក្រសួង​ពាណិជ្ជ​កម្ម​បាននិយាយថាផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិចមួយនេះ មានគោល​បំណង​ជួយ​ដល់​សហគ្រាស​ធុនតូច ​និងមធ្យម​ ​ក្នុង​ការ​លក់​ផលិតផល​​ដល់អតិថិជន​សក្តានុពល​ទាំងក្នុងស្រុក ​និងក្រៅស្រុក​។

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ អាជីវករខ្លះមានការស្ទាក់ស្ទើរក្នុងការចុះឈ្មោះដើម្បីលក់តាមអ៊ីនធឺណិត។

អ្នកស្រី​ម្នាក់ដែលអះអាងថា​ជា​ម្ចាស់​ហាងឈ្មោះ​ ផ្សារ​ចំការ​ខ្មែរ​ ​លក់​បន្លែ​ធម្មជាតិ​ នៅ​ខណ្ឌ​សែន​សុខ​ បាន​យល់​ឃើញ​ថានេះជា​ប្រយោជន៍​ល្អ​ វា​អាច​ប្រមូល​ព័ត៌​មាន​បាន​ជា​លក្ខណ:ទិន្នន័យ​ឱ្យ​ខាង​ក្រសួង​ពាណិជ្ជកម្ម​អាច​គ្រប់​គ្រង​បាន​ពី​ខ្នាត​តូច​ ខ្នាត​មធ្យម​។

ដោយមិនបានប្រាប់ឈ្មោះ អ្នកស្រីបានបន្តថា ជា​​ផល​ល្អ​មួយ​ទៀត​ ប្រសិន​ជា​​ដាក់​បញ្ចូល​ទៅ​ វាអាច​ជា​បណ្តាញ រវាង​អ្នក​អ្នកផ្គត់ផ្គង់ និង​អ្នកផ្គត់ផ្គង់ ដូចគ្នាឲ្យ​ស្គាល់​គ្នា។

អ្នកស្រី​ បាន​បន្ត​និយាយ​ដោយ​កំពុង​ពាក់​ម៉ាស់​ថា ខ្លួន​នឹង​មិន​ចុះ​ឈ្មោះ​សម្រាប់​ដាក់​លក់​ផលិតផល​កសិកម្ម​ធម្មជាតិ​របស់​ខ្លួន​នៅ​លើ​ផ្សារ​ឌីជីថល Cambodia Trade ​នេះ​ទេ​ ដោយ​ហេតុ​ថា តាម​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់​ គឺ​ទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម​មាន​លក្ខណ:លេចធ្លោ ពិសេស​ប្លែកពីគេ ​ទើបទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន បូករួមទាំង​តម្លៃ​ទីផ្សារ​ប្រកួត​ប្រជែង​ឈ្នះ​គេ ​ទើប​អាច​ដំណើរ​ការ​បាន​ក្នុង​ទី​ផ្សារ​ឌីជីថល​មួយ​នេះ​បាន​។

អ្នកស្រី​និយាយ​ដោយ​សើច​តិចៗ​ថា៖ «ការ​លក់​គឺ​ចាញ់​ការលក់​នៅ​កន្លែង​ផ្ទាល់​ ចាញ់​បង​មិន​ចាំបាច់​ទៅ​ផុសអី  ទៅ​ដាក់​លក់​ក្នុង​ឌីជីថល​អី​ទេ​។ ជួនកាល​ផុស (Post) មួយ​ឆ្នាំ​អី​ មិនទាន់​មាន​អ្នក​ទាក់ទង​អី​មក​ម្តង​ផង​។ ណាមួយ​ទីផ្សារ​ចឹង​ ជា​ការ​ប្រមូល​ផ្តុំ​តែ​ អ្នកលក់​ អត់​មាន​ប្រមូល​ផ្តុំអ្នកទិញ​»។​

អ្នកលក់​សម្លៀកបំពាក់មួយរូប​ឈ្មោះ តួ​ ចន្ទ​ឌី​ ដែល​មាន​តូប​ជួល​មួយ​កន្លែង​លក់​នៅ​ផ្សារ​រីករាយ អស់​រយ:ពេល​ជាង​១០​ឆ្នាំ​ បាននិយាយពី​ចំណាប់​អារម្មណ៍​ទៅ​លើ​ផ្សារ​ឌីជីថល​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ថា៖ «ដូច​ជា​មិន​បាច់​ទេ មិន​បាច់​ក៏​បាន​ដែរ មិន​ចង់​ចុះរញ៉េរញ៉ៃទេ ចង់​លក់​ចឹង​បាន​ហើយ​»។

អ្នកស្រី​ញញឹមស្រស់រូប​នេះ​ បាន​បញ្ជាក់​ថា ខ្លួន​សព្វថ្ងៃ​មាន​គេហទំព័រ​ហ្វេសប៊ុក​ (Facebook Page) ផ្ទាល់​ខ្លួន​សម្រាប់តែ​​បង្ហោះ​រូប​ភាពឱ្យ​អតិថិជន​ខ្លួន​បាន​មើល​តែ​ប៉ុណ្ណោះ តែ​មិន​ងាយ​ទទួល​បាន​ការ​បញ្ជា​​ទិញ​តាម​អនឡាញ​នោះទេ​​ ផ្ទុយ​ទៅ​វិញ​អ្នកដែល​មក​ទិញ​ភាគច្រើន​ជា​អ្នក​មក​ទិញ​ដល់​កន្លែង​ផ្ទាល់​ ទោះ​​ធ្លាប់​បាន​ឃើញ​តាម​រយ: រូបភាព​លើ​គេហទំព័រ​ក្តី​។

លោកសៀង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ បានបញ្ជាក់​យ៉ាង​ច្បាស់​ថា​ Cambodia trade មិនមែនបើកសម្រាប់ប្រជាជនទូទៅទេគឺ សម្រាប់សហគ្រាសធុនតូច និងធុនមធ្យម ដែលផលិតនូវផលិតផលខ្មែរ ហើយមានបំណងចង់លក់ផលិតផលរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។

លោក​សៀង​ ថៃ​ ក៏​បាន​បង្ហាញ​ពី​គោល​បំណង​ចំបង​ ២យ៉ាង​ដែល​បង្កើត​ ផ្សារ​អេឡិចត្រូនិច​បែប​ឌីជីថល​ ទាន់​សម័យ​កាល​នេះ​ថាជាការភ្ជាប់​ទំនាក់​ទំនង​ ​បង្កើន​ខ្សែ​ចង្វាក់​តម្លៃ​រវាង​អ្នក​ផលិត​ អ្នកទិញ​ អ្នកលក់​ នៅ​ក្នុង​ប្រទេស​ និងជំរុញ​ការ​នាំ​ចេញ​ផលិតផល​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​៕