ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​​​បាន​ជូន​ដំណឹង​ដល់​សាធារណជន​ឱ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ ផ្គរ រន្ទះនិង​ខ្យល់​កន្ទ្រាក់ខណៈដែល​​​ឥទ្ធិពល​ជ្រលង​សម្ពាធ​​ទាប​នៃ​ប្រទេស​ចិន​ និង​ខ្យល់​មូសុង​និរតីនឹង​ប៉ះ​មក​លើ​កម្ពុជាក្នុង​​ពេល​មួយ​សប្តាហ៍​ខាង​មុខ​នេះ​។​

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក​ និងឧតុ​និយម​​​ ចេញ​នៅ​​​ថ្ងៃទី​២២ ខែ​មិថុនា​ ឆ្នាំ​២០២១​​នេះ​ បានឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​នៃ​ប្រទេស​ចិន​ និង​ខ្យល់​មូសុង​និរតី​ក្នុង​ល្បឿន​បង្គួរ ដែល​នឹង​បណ្តាល​ឱ្យ​មាន​បាតុ​ភូត​ភ្លៀង ផ្គរ រន្ទះ​ និង​ខ្យល់​កន្ទ្រាក់​នៅ​តាមបណ្តា​ខេត្ត​​តំបន់​វាល​ទំនាបកណ្តាល​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ រហូត​ដល់​ថ្ងៃ​​២៩ ​ខែ​មិថុនា ​ឆ្នាំ​២០២១។

​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​បាន​បញ្ជាក់ថា៖ «បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល​មានសីតុណ្ហភាព​ចន្លោះ​ពី ២៤ ទៅ ៣៥ អង្សាសេ និងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដង​រែក និង​ខ្ពង់​រាប​ឦសានមាន​សីតុណ្ហភាព​ចន្លោះ​ពី​២២ ទៅ៣៣ អង្សា​សេ នឹង​មាន​ភ្លៀង​ធ្លាក់​ពីខ្សោយ​ទៅ​មធ្យម និង​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​ពី​២៤ទៅ​៣៣​អង្សា​សេ​នឹងមាន​ភ្លៀង​ធ្លាក់​ពីតិច​ទៅ​បង្គួរ»។

ក្នុង​សេចក្តីជូន​ដំណឹង​នោះ​​ដែរ ក្រសួង​បាន​ណែនាំ​ដល់​សាធារណៈជន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុ​ភូត​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ទ្រាក់​ដែល​អាច​កើត​មាន​ពី​ស្ថាន​ភាព​បែបនេះ​ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល៕