​សកម្មជនបរិស្ថានបីនាក់ត្រូវ​បានចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញ និង​បញ្ជូន​​ទៅពន្ធនាគារ​នៅថ្ងៃទី២១ ខែ​មិថុនា​ ឆ្នាំ២០២១ ពីបទរួមគំនិតក្បត់​ និងបទប្រមាថ​ព្រះមហាក្សត្រ​។ នេះយោងអង្គការចលនា​មាតា​ធម្មជាតិ ​(Mother Nature Cambodia)។

យោង​តាម​រយៈ​ទំព័រ​ហ្វេសបុកផ្លូវការរបស់ចលនា​មាតា​ធម្មជាតិ ​សកម្មជនបរិស្ថានចំនួន​បីនាក់រួម​មាន​កញ្ញា​ស៊ុន រដ្ឋា លោកយឹម លាងហ៊ី និង​លោកលីចន្រ្ទដារ៉ាវុត ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៏មុន នៅ​ខណ្ឌ​ដូន​ពេញ​ ​ក្រោយ​​ពី​​ពួក​​គេ​​ថត​​វី​ដេ​អូ​​ទឹក​​ស្អុយ​​ហូរ​​ចូល​​ទន្លេ​​ នៅ​​ម្ដុំ​​មុខ​​ព្រះ​​បរ​ម​រាជ​​រាំង​​។

ចលនា​មាតា​ធម្មជាតិបាន​សំដែង​ការសោក​ស្ដាយ​ និងបាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​ការចោទ​ប្រកាន់​តាមអំពីចិត្តទាំង​ស្រុង​ដោយ​គ្មានភ័ស្តុតាង​អ្វី​ទាំង​អស់​។​

មន្ត្រីជាន់​ខ្ពស់​​តស៊ូ​មតិគម្រោង​អ្នក​ការ​ពារ​ព្រៃ​ឈើនៃសមាគម​បណ្ដាញ​យុវជនកម្ពុជា លោក​សាន​ ម៉ា​ឡា​បាន​និយាយថាការចាប់ខ្លួន​ និងចោទប្រកាន់សកម្មជនបរិស្ថានគឺប្រាស​ចាក​ការ​ពិត​ឆ្ងាយ​ មិនសម​ហេតុ​ផល និង​មានលក្ខណៈ​ធ្ងន់ធ្ងរ​។​

លោកបានប្រាប់ Newsroom Cambodia​ ដូច្នេះថា៖ ​«ខ្ញុំ​យល់ឃើញ​ថា​ការដែលចាប់​ខ្លូន​ និង​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន​ទាំងបីនាក់​នេះ​ពីបទរួម​គំនិត​ក្បត់​​ និង​ប្រមាថអង្គព្រះ​មហាក្សត្រវា​ជារឿងមួយ​ប្រាក​ចាក​ការ​ពិត​ឆ្ងាយ​មិន​សមហេតុផល​ហើយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ អ្វី​ដែល​ពួក​គាត់ធ្វើ​កន្លង​មកគឺ​ជាការ​ចូល​រួម​ចំណែកយ៉ាង​សំខាន់​មួយ​ក្នុង​ដំណើរការអភិរក្ស​ ការពារ​ថែរក្សាធន​ធាន​ធម្មជាតិ ហើយ​ពួក​គាត់​មាន​សេចក្ដី​ក្លា​ហាន​នៅ​ក្នុង​ការរាយការណ៍អំពី​វិនាសកម្ម​មក​លើ​ធនធាន​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​របស់យើង​»។​​

ចំណែកឯលោកសឹង សែនករុណ​ អ្នក​នាំ​ពាក្យ​នៃសមាគម​ការពារសិទ្ធិ​មនុស្ស​អាដហុក​(ADHOC)បានប្រាប់​និយាយថាបទចោទទាំងអស់ហ្នឹង​មិន​បាន​ឆ្លុះ​បញ្ជាំង​ទៅ​លើ​អំពើ​របស់​សកម្ម​ជន​បរិស្ថាន​នោះ​ទេ​។

លោកបានប្រាប់ Newsroom Cambodia ដូច្នេះថា៖ «បើ​យើង​ពិនិត្យ​អំពី​មូលដ្ឋាន​នៃ​ការ​ចោទ​វិញ​ ខ្ញុំ​អត់​ដឹង​ថា​ខាង​តុលា​ការ​គេ​មាន​មូលដ្ឋាន​អ្វី​ក្នុង​ការ​ចោទ​ប្រកាន់​មក​លើ​សកម្ម​ជន​បរិស្ថាន​នោះ​ទេ​ទាំង​រឿង​ប្រមាថ​ព្រះ​មហាក្សត្រ​ ទាំង​រឿង​រួម​គំនិតក្បត់​ ប៉ុន្តែ​អ្វីដែល​យើង​មើល​ឃើញក្នុង​រឿង​​សកម្មជន​បរិស្ថាន​បួន ប្រាំ​រូបទាំង​អស់​​ដែលបាន​ចោទ​ប្រកាន់​ ហើយអ្នកខ្លះ​ត្រូវបាន​គេ​ដោះ​លែងទាំង​អស់​​ហ្នឹង ខ្ញុំ​ឃើញ​អ្នក​ដែល​ចោទប្រកាន់​​ក្នុងបទ​នេះវា​ហាក់​ដូចអត់​ស្រប​ទៅ​ហ្នឹង​អំពើ​របស់​ពួកគាត់​ ហើយគោលបំណងធ្វើសកម្ម​ភាព​របស់​ពួក​គាត់​»។

«ហើយ​បើ​យើង​ពិនិត្យ​មើល​កន្លង​មកនៅ​ក្នុង​បណ្ដាញ​សង្គម​ដែលពួក​គាត់លើក​ឡើង​បង្ហាញ​ដល់​សាធារណៈ​ជន​ហ្នឹង​គឺ​ពាក់​ពាន្ធ​ហ្នឹងការការ​ពារ​បរិស្ថាន​ ផល​ប៉ះ​ពាល់​បរិស្ថាន ​និង​ធន​ធានធម្មជាតិ​ទាំង​អស់​នោះ​ទៅ​វិញ​ទេ​ ហើយបញ្ហា​ទាំងអស់នេះ​ជាបញ្ហា​កើតមាន​​ក្នុង​សង្គម​ខ្មែរ​ដែល​យើង​ទទួល​ស្គាល់​ទាំងអស់គ្នា​ដែល​កំពុងមាន​បញ្ហា​ប៉ះពាល់​ ហើយ​រង​ការ​បំផ្លិច​បំផ្លាញ​ផ្សេងៗ​ទាំងអស់ហ្នឹង»។

តាមរយៈទំព័រហ្វេសបុកនៅថ្ងៃចន្ទ ទី២១​ នាយិ​កានៃមជ្ឃមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR) លោកស្រី ចក់ សុភាព បាន​លើក​ឡើង​ទាថា​ ខណៈ​ដែល​នៅ​ក្នុងពន្ធនាគារ​មាន​​បញ្ហាប្រឈមនឹង​ការ​ឆ្លងជំងឺកូវីដ​១៩ តែ​បែរជា​​បន្ថែម​ការ​ឃុំ​ខ្លួន​យុវជន​ទៅ​វិញ​។

លើស​ពី​នេះទៅទៀត​​លោក​ស្រីក៏បាន​លើកឡើងពីរចំនុច ដែលចំនុចទីមួយទាក់​ទងអំពីគោលការណ៍ជនត្រូវចោទត្រូវ​តែ​មាន​សេរី​ភាព​ ហើយ​ករណីពិសេសតែប៉ុណ្ណោះ​ដែល​ការ​ឃុំ​ខ្លូន​បណ្ដោះ​អាសន្ន​គួរ​ធ្វើ​ឡើង​និងតាមលក្ខខណ្ឌ​ចាំ​បាច់​ប៉ុណ្ណោះ​។ ចំណែក​ចំនុចទីពីរលោក​ស្រី​បាន​លើក​ឡើងអំពីលក្ខខណ្ឌសិទ្ធិទទួល​បាន​ការសន្មត​ទុក​ជា​មុន​ថា​គ្មាន​ទោស​គឺ​ជា​សិទ្ធិ​ចាំបាច់​មួយ​ក្នុង​ការ​ធា​នា​ថា​ពលរដ្ឋ​គ្រប់​រូប​ ជា​ពិសេស​ជន​ជាប់​ចោទ​ ទទួល​បាន​ការជំនុំជម្រះដោយ​យុត្តិធម៌។

ឯក​អគ្គ​រដ្ឋ​ទូតសហរដ្ឋអាមេរិក បាននិយាយនៅលើ​ទ្វីទ័ររបស់​ខ្លួនថាមាន​​ក្ដី​បារម្ភ​លើ​ការ​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​ជា​បន្ត​បន្ទាប់​ ហើយ​លោកបានបន្ថែមថា​ការ​ចុះ​ផលិត​វី​ដេ​អូ​ស្ដី​ពី​ទឹក​កខ្វក់​ មិន​មែន​ជា​អំពើ​ភេរវកម្ម​ឡើយ​។ បន្ថែមពីនេះ​លោកឯកអគ្គរដ្ឋទូតក៏​បាន​​អំពាវ​នាវ​ឱ្យរដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​ការ​ឆ្លើយ​តប​ជា​ដំណោះ​ស្រាយ​ចំ​ពោះ​ពល​រដ្ឋ​ ដោយ​មិន​មែន​ជា​ការ​បំបិត​សំឡេង​ទេ​។

​លោក​ប្លង់​ សុផល​ អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ បានប្រាប់​ Newsroom Cambodia ថាលោក​មិន​អាច​ផ្ដល់​​ចម្លើយ​ណា​មួយពាក់ព័ន្ធនឹងចំណាត់ការនៃរឿងក្ដីនោះទេ។​

ចំពោះ​បទ​រួម​គំនិត​ក្បត់​នេះ​វិញ​ កថា​ខណ្ឌ​ទី​២​ មាត្រា​ ៤៥៣​នៃ​ក្រម​ព្រហ្មទណ្ឌ​​កំណត់​ថា ​«ការ​រួម​គំនិត​ក្បត់​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​ធនាគារ​ពី​៥​ឆ្នាំ​ ទៅ១០​ឆ្នាំ​»។ ចំពោះ​បទប្រមាថអង្គ​ព្រះមហាក្សត្រ​វិញមាត្រា​៤៣៧ (ស្ទួន) ​កថាខណ្ឌទី​ពីរ​កំណត់​ថា ​«ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ ទៅ​ប្រាំ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ពីរ​លានរៀល​​ ទៅ​ដប់​លាន​រៀល​»៕