ស្ថាន​ទូត​កម្ពុជា​ប្រចាំ​​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារនេះ​ បាន​ជូន​ដំណឹង​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរដែល​កំពុង​រស់​នៅ​​ ធ្វើ​ការ និង​សិក្សា​នៅ​ប្រទេសជប៉ុន​ បន្ត​សហការ ​និង​ប្រតិបត្តិ​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ បើ​ទោះបី​ជា​រដ្ឋា​ភិបាល​ជប៉ុន​បាន​ប្រកាស​បញ្ចប់​ការ​ដាក់​ភាព​អាសន្ន​យ៉ាង​ណា​ក្តី។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​ប្រទេស​ជប៉ុន ចេញ​​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ​ឆ្នាំ​២០២១នេះ​បាន​ឱ្យដឹង​ថា រដ្ឋា​ភិបាល​ជប៉ុន​បានប្រកាស​បញ្ចប់​ការ​ដាក់​ភាព​អាសន្ន​នៅទីក្រុង​តូក្យូ​និង​ខេត្ត​ចំនួន​០៨​ផ្សេង​ទៀត ដោយ​សារ​តែ​ស្ថាន​ភាព​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​បាន​ប្រសើរ​ឡើង។

ប៉ុន្តែ​ការ​បញ្ចប់​ការ​ដាក់​ភាព​អាសន្ន​នៅ​ខេត្ត​អូ​គីណាវ៉ា​នៅ​មិន​ទាន់​បាន​បញ្ចប់​បាន​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ​ក្នុង​ខេត្ត​នេះ​មាន​ការ​ធ្លាក់​ចុះ​យឺត និង​តម្រូវ​ការ​ស្នាក់​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​កូវីដ-១៩​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ហើយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ភាព​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី​១១​ ខែ​កក្កដា ​ឆ្នាំ​២០២១។ នេះ​បើ​យោង​ទៅ​តាម​សេចក្តីជូន​ដំណឹង​ដដែល។

ស្ថាន​ទូត​កម្ពុជា​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ជប៉ុន​ត្រូវ​សហ​ការ ​និង​ប្រតិបត្តិ​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ​ថា​៖ «​បង្កើត​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច និង​ធ្វើ​ដំណើរ​ក្នុង​ករណី​ដែល​ចាំ​បាច់​។​ សូម​បង​ប្អូន​​ថែ​រក្សា​សុខភាព​ ប្រ​កាន់​ខ្ជាប់​នូវ​អនាម័យល្អ​ ពាក់​ម៉ាស់ ចៀស​វាង​ការ​ជួប​ជុំ​គ្នា​ច្រើន​ រក្សា​គម្លាត​សុវត្ថិភាព»។

និស្សិតកំពុង​សិក្សា​​ថ្នាក់​បណ្ឌិត​ផ្នែក​អេពីដេមី​សាស្ត្រ​​នៅ​ទីក្រុង​តូក្យូប្រទេស​ជប៉ុន​ លោក វេជ្ជបណ្ឌិត អេ​ ប៊ុនធិន​ បាន​ប្រាប់​ Newsroom Cambodia ​តាម​ហ្វេសប៊ុក​ឆាត​ថា ភាព​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩​នៅ​ទីនេះ​មិន​សូវ​ជា​អា​ក្រក់​ណាស់​ណា​ទេ បើទោះ​បីជា​ក្នុង​អំឡុង​ពេល​បិទខ្ទប់​ក៏ដោយ ហើយ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​ខេត្ត។

លោកបានបន្ត​ទៀត​ថា ថ្នាក់រៀន​ទាំង​អស់​ប្រព្រឹត្តទៅ​ដោយ​ការ​រៀន​ពី​ចម្ងាយ​​តាម​អ៊ីនធឺណិត។

លោក​បញ្ជាក់​​ថា៖ «កាល​ពីដំបូង​ ខ្ញុំ​រៀន​តាម​អន​ឡាញ​ពី​ផ្ទះ វា​មាន​ភាព​ធុញថប់​តិចតួច​ដែរ។ ក្រោយ​មក​ទៀត ខ្ញុំ​សម្រច​ចិត្ត​មិន​រៀន​ទី​ផ្ទះ​ទៀត​ទេ​ ខ្ញុំ​ទៅ​ផ្ទះ​គ្រូដែល​ជា​អ្នក​ណែនាំ​សម្រាប់​ការ​សិក្សារបស់​ខ្ញុំ ដែល​នៅទីនោះខ្ញុំ​មាន​កន្លែង​សម្រាប់​រៀន​សូត្រ​បាន​»។

លោក​បន្ថែម​ថា៖ «ខ្ញុំបាន​ប្រសើរ​ហើយ។​ ខ្ញុំ​អាច​ជួប​ជាមួយ​គ្រួ​ដែល​ជាអ្នក​​​ណែនាំ​ការ​បង្រៀន​របស់​ខ្ញុំ និង​មិត្ត​ភ័ក្ត​មួយ​ចំនួន​ទៀត។ ដូច្នេះ​គ្រប់​យ៉ាង​បាន​ប្រសើរ​ហើយ»។

បើទោះបី​ជារដ្ឋា​ភិបាល​ជប៉ុន​បាន​ប្រកាស​បញ្ចប់​ការ​ដាក់​ភាព​អាសន្ន​យ៉ាងណា​ក្តី​ ការ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ត្រង់ ​(Direct Flight) រវាង​កម្ពុជា ​និង​ជប៉ុន​មិនទាន់​បើក​ដំណើរការនៅឡើយ​ទេ​។ ​ ហើយសម្រាប់​អ្នក​ទេសចរ​ អ្នក​ស្នាក់​នៅ​រយៈពេល​វែង​ និង​អ្នក​មក​ធ្វើ​ការ​នៅ​មិន​ទាន់​អនុញ្ញាត​​​​ឲ្យ​ចូលប្រទេស​ជប៉ុន​​នៅឡើយ​​​។ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​​លើទំព័រ​ហ្វេសប៊ុករបស់​ស្ថាន​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន ​​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ៕