ក្រសួង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​ពុធ បាន​ប្រកាស​​​​ថា ​ការ​ចាប់​ខ្លួនសកម្មជន​បរិស្ថាន​​៣រូប​ ដោយ​ចោទ​ប្រកាន់​ថា​ជា​បណ្តាញ​សកម្ម​ជន​ខុស​ច្បាប់​​​​មក​ពី​​អង្គការ​មាតា​ធម្មជាតិ​​ដែល​បាន​រំលាយ​​ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​យោង​​ទៅ​​តាម​​មូល​ហេតុ​ធំៗ​ចំនួន​៣។​

ការ​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មជន​បរិស្ថាន​​​បី​រូប រួម​មានមាន​យុវជន​ លី ចាន់ដារ៉ាវុទ្ធ យុវជន ​យឹម លាង​ហ៊ី និង​​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំ​ខ្លួនដោយ​ចោទ​ប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ» បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពិ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១​។​​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ចេញ​​​ដោយ​អ្នកនាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ លោក ឃៀវ សុភ័គ​ នៅ​យប់​ ថ្ងៃទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០២១​ ដែល​ បាន​ឱ្យ​ដឹង​ថា ​ការ​ចាប់​ខ្លួន​​សកម្ម​ជនបរិស្ថាន​ទាំង​បី​រូប  គឺ​យោង​ទៅ​លើ​មូល​ហេតុ​ធំៗ​ចំនួន​បី ទី​មួយ ​អង្គការ​មាតា​ធម្មជាតិ​ មិន​មែន​ជា​អង្គការ​ស្រប​ច្បាប់​ ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ ដោយ​ហេតុ​ថា ក្រសួង​មហា​ផ្ទៃ​ បាន​រំលាយ​អង្គការ​នេះ​ ចេញ​ពី​បញ្ជី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ តាំង​ពី​ថ្ងៃទី​១៥​ ខែកញ្ញា​​ ឆ្នាំ​២០១៧​ ដោយ​ផ្អែក​តាម​សំណើរបស់​ប្រធាន​អង្គការ​ ព្រះ​តេជគុណ​ព្រះ​នាម​ ព្រហ្ម​ ធម្មជាតិ​  នៅ​ថ្ងៃទី​២៣ ខែ​សីហា​ ឆ្នាំ​២០១៧​។

មូលហេតុ​​ទី​២  គឺ​បទ​ញុះញង់​ឱ្យ​បែក​បាក់​ជាតិ​ និង​បទ​បំពាន​លើ​រដ្ឋធម្មនុញ្ញនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដោយ​ចោទ​ប្រកាន់​ថា Alexandro Gonzalez Davidson  ជាមួយ​នឹង​សកម្មជន​៣​រូប​ទៀត​ ​បាន​ប្រើ​ពាក្យ​ពេចន៍​ប្រមាថ​លើ​ព្រះ​មហា​ក្សត្រ និង​រាជ​រដ្ឋភិបាល​​យ៉ាង​ធ្ងន់​ធ្ងរ ក្នុង​កិច្ច​ប្រជុំ​មួយ​។​ ​ ចំណែក​មូលហេតុ​ទី​៣ គឺ​​ ភស្តុតាង​វីដេអូ​ឃ្លីប​​ ដែល​បង្កប់​ឧ​​បាយ​កល​ក្នុង​គោល​បំណង​​ញុះញង់​ ការ​បះ​បោរ​ ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ ដែល​ផ្ទុយ​ពី​គោលការណ៍លទ្ធិ​ប្រជា​ធិប្បតេយ្យ​ សេរី​ពហុបក្ស​ ដែល​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ​។​

ក្រោយ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថា​ន​ទាំង​បី​នាក់​ គេ​ឃើញ​​ស្ថានទូត​ធំៗមួយ​ចំនួន​​ប្រចាំ​កម្ពុជា​ និង​អង្គការ​ជាតិ​អន្តរជាតិ​ជាច្រើន បាន​បង្ហាញ​ការ​ព្រួយ​បារម្ភថា នេះ​ជា​ការ​រិត​ត្បិត​សេរីភា​ព​បញ្ចេញ​មតិ និង​ជាការព្រមាន​ដល់​សកម្មជន​បរិស្ថាន​ផ្សេង​ទៀត។ ពួកគេ​​ក៏​បាន​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែងសកម្មជន​ទាំង​បី​នាក់​​ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ៕