អភិបាល​រាជ​ធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ ​អនុញ្ញាត​ឱ្យ​មាន​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​ចំពោះ​​​ផ្សារ​ឯកជន​ដែល​មាន​សណ្តាប់​ធ្នាប់ និង​អនាម័យ​បរិស្ថាន​ល្អ​ ក្នុង​មូល​ដ្ឋាន​រាជ​ធានី​ភ្នំពេញ​​ ចាប់​ពី​ ​ថ្ងៃសុក្រ​​នេះ​តទៅ​​ ដោយ​បន្ត​អនុវត្ត​វិធាន​ការ​ការពារ​សុវត្ថិភាព​ ៣​កាពារ​ ​​៣​កុំ និង​ផាក​ពិន័យ​ចំពោះ​បុគ្គល​ណា​ដែលមិន​គោរព​​។​

យោង​តាម​សេចក្តី​ប្រកាស​ដែល​​ចុះ​ហត្ថលេខា​ដោយ​អភិបាល​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ បានបញ្ជាក់​ថា​​ ក្នុង​អំឡុង​ពេល​ចាប់​បើក​ដំណើរ​ការ​ផ្សារ​ឯកជន​ឡើង​វិញ គណ:គ្រប់​គ្រង​ផ្សារ​ឯកជន​ទាំង​អស់​ត្រូវ​អនុវត្ត​ទៅ​តាម​វិធាន​ការ​រដ្ឋបាល​ និង​វិធាន​ការ​សុខាភិបាល​ទាំង​១២ ដែល​បាន​ចែង​​ក្នុង​សេចក្តី​ប្រកាស​នេះ។​

វិធានការទាំង​នោះមាន​ដូចជា រឹត​បន្តឹង​ចំពោះ​សកម្មភាព​ មុខរបរ និង​ការ​ជួប​ជុំ​ជា​លក្ខណ:ឯកជន​។ ត្រូវ​គូស​គំនូស​ដើម្បី​ឱ្យ​អតិថិជន​រក្សា​គម្លាត ១,៥ ម៉ែត្រ ​ ជា​ចាំបាច់​ក្នុង​បរិវេណ​ផ្សារ​។ អនុវត្ត​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចន្លោះ​ពី​ ២សែន​រៀល រហូត​ដល់​ ១​លាន​រៀល​ ជា​បន្ទាន់​ចំពោះ​បុគ្គល​ល្មើស​ ករណី​រកឃើញ​ថា ​មិនពាក់ម៉ាស ឬ​ពាក់​ម៉ាស​មិន​ត្រឹម​ត្រូវ ឬ​មិន​រក្សាគម្លាត​សុវត្ថិភាព។

អនុវត្ត​ការ​ផាក​ពិន័យ​ក្នុង​ទឹក​ប្រាក់​​ ២លាន​រៀល​ ចំពោះ​ការ​ប្រមូល​ផ្តុំ​គ្នា​ ទោះ​បី​ជា​ក្រោម​រូប​ភាពណា​ក៏​ដោយ​ ដែល​ផ្ទុយ​ពី​ការ​ណែនាំ​ ស្តី​ពី​ការ​មិន​គោរព​ដោយ​ចេតនាវិធាន​ការ​រដ្ឋបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ-១៩​។ កំណត់​ច្រក​ចេញ​ចូល​ផ្សារ​សុវត្ថិភាព សម្រាប់​ការ​សង្រ្គោះ​ និង​ការ​គ្រប់​គ្រង​ស្ថាន​ភាព​អាសន្ន​។

ចាត់​ឱ្យ​មាន​អ្នក​វាស់​កម្តៅ​ បាញ់ទឹក​អាកុល​-ជែលអាល់កុល​ និង​ការ​ស្កេន​ QR Code “ទប់ស្កាត់​កូវីដ Stop Covid” នៅ​ច្រក​ចេញ​ចូល​ផ្សារ។ រៀបចំ​កន្លែង​លាង​ដៃ និង​ផ្តល់​ជា​សាប៊ូ ឬទឹក​អាកុល ឱ្យ​បាន​ច្រើន​ទីតាំង​ក្នុង​ផ្សារ​។ បាញ់​ទឹក​សម្លាប់​មេរោគ​ជា​ប្រចាំ ចំពោះ​បរិវេណ​ក្នុង​ និង​ជុំវិញ​ផ្សារ​ លាង​សំអាត​បន្ទប់​ទឹក និង​កន្លែង​ដែល​មាន​ការ​ប៉ះពាល់​ច្រើន​ឱ្យ​បាន​ស្អាត​ ដោយ​ទឹក​អាល់កុល​ ជាដើម។​

លោក​ ឃួង​ ស្រេង ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ដដែល​ថា៖ «ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​ ត្រូវ​សហការ​ចុះ​ត្រួត​ពិនិត្យ​តាម​ផ្សារ​នីមួយ​ៗ ដើម្បី​ធានាការ​អនុវត្តឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹម​សារ​នៃ​សេចក្តី​សម្រេច​នេះ​។ ក្នុង​ករណី​រក​ឃើញ​ថា ម្ចាស់​ផ្សារ​ ឬគណ:គ្រប់​គ្រង​ផ្សារ​ឯកជន​ ឬបុគ្គល​ម្នាក់​ មិន​ព្រម​សហការ​ ឬមិន​អនុវត្ត​តាម​ខ្លឹម​សារ​នៃ​សេចក្តី​សម្រេច​នេះ​ ត្រូវ​ចាត់​វិធាន​ការ​រដ្ឋបាល​ និង​វិធាន​ការ​ច្បាប់​ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ​»៕​