យុវជន​ទាំងពីរ​ភេទ​ ជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ​ ដែល​មិន​អាច​ខ្វះ​បាន​ ។ យ៉ាង​ណា​មិញ​ មុន​នឹង​​ឈាន​ទៅ​ដល់​ការ​រីក​លូត​លាស់​ធំធាត់​ ​ទាំង​ផ្នែក​ផ្លូវ​កាយ​ និងផ្លូវ​ចិត្ត​​​​បានល្អ​ ​លុះ​ត្រា​តែ យុវជន​យុវនារី​ ទទួល​បាន​នូវ​ឱកាសស្មើ​គ្នា ទាំង​ក្នុង​មជ្ឃដ្ឋាន​រស់​នៅ​ ការ​អប់រំ ការ​ថែ​ទាំ ផ្នែក​បញ្ញា​ និង​ស្មារតី​ដូច​គ្នា ដែល​ក្នុង​នោះ​គ្រួសារ ជាពិសេស​​ ការ​ចិញ្ចឹម​បី​បាច់​ដោយ​ឪពុក​ម្តាយ​ផ្ទាល់ ពិត​ជា​ដើរ​តួ​នាទី​យ៉ាង​សំខាន់ដែល​មិន​អាច​ខ្វះ​បាន​​ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​មួយ​​ដែល​បរិបូរណ៌​ មុន​នឹង​ពួកគាត់​ក្លាយ​ខ្លួន​ជា​យុវជន​ដែល​ជា ​សក្តានុពល​​ពលរដ្ឋ​របស់​សង្គម​​។

​មុន​នឹងឈាន​ដល់​ការ​សិក្សា​ស្វែង​យល់​ពី​សាលារៀន​ និង​មជ្ឈដ្ឋាន​សង្គម​ទាំង​មូល​ មនុស្ស​គ្រប់​រូប​មិន​ថា​ប្រុស ឬ​ស្រី​ តែង​ឆ្លង​កាត់​ការ​ដុស​ខាត់​ទាំង​ការ​គិត អាប្បកិរិយា ​តាមរយ:ការ​អប់រំទូន្មាន​ របៀប​របប​ក្នុង​ការ​រស់​នៅ​ ការ​ចិញ្ចឹម​បី​បាច់​ ក្នុង​ក្រុម​គ្រួសារ ដែល​ប្រៀប​បាន​ជាបង្គោល​គ្រឹះ​ មិន​អាច​ខ្វះ​បាន​​។ ក្នុង​នោះ​ដែល​ យើង​មើល​ឃើញ​ថា សង្គម​ខ្មែរ​នៅ​មាន​និន្នាការ ក្នុង​ការ​អប់រំ​កូនប្រុស​ ស្រី​ ក្នុងរបៀប​របប​ដែល​មាន​លក្ខណ:ជា​គំនាប​ ដែល​ដាក់​សម្ពាធ​ទៅ​កូន​ប្រុស ស្រី​​ផ្អែក​តាម​តួនាទី​យេន​ឌ័រ​ តែ​មិន​មែន​ស្រប​តាម​លក្ខណ:ពិសេស​ពី​ធម្មជាតិ​ របស់​ពួក​គេ​​នោះ​ទេ។

ដោយ​មិន​ទាន់​ដឹង​ច្បាស់​ថា​ក្នុង​សម័យ​កាល​​ទំនើប​ក្នុង​យុគសម័យ​កាល​ថ្មី​នេះ​ យើង​មិន​ទាន់​ដឹង​ច្បាស់ទេ​ថា តើ​ផ្នត់​គំនិ​ត​ដែល​អប់​រំ​កូន​ប្រុសឱ្យ​ធ្វើ​តែ​ការ​ងារ​ខាង​ក្រៅ និង​ធ្ងន់ៗ​ ឯកូន​ស្រី​បង្រៀន​ឱ្យ​តែ​ចេះ​ការ​ងារ​ចង្ក្រាន និង​មិន​អាច​ដើរ​ហើ​រ​បាន​ដោយ​សេរី​ដូចកូន​ប្រុស​​នេះ​ វិវត្តន៍​ទៅ​ជា​យ៉ាង​ណា​ទេ​។ Newsroom Cambodia បានសម្ភាសន៍​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា​ នេះ​ចំនួន​​៥រូប​ ពី​ការ​​យល់​ឃើញ​រវាង​ការ​ចិញ្ចឹម​កូន​ប្រុស​ និង​កូន​ស្រី​ ក្នុង​ប្រទេស​កម្ពុជា​។​

អ្នកស្រី អ៊ី​ រតនា ដែល​ជា​កសិករ​ ​មាន​​វ័យ​​​៥០​​ឆ្នាំ​​ បាន​ប្រាប់​ Newsroom Cambodia ថា ៖ «អត់​ចង់​ស្អប់​កូន​ប្រុស​ទេ! តែ​កូន​ប្រុស ពិបាក​ថែ​ណាស់។ វានិយាយ​អត់​ស្តាប់​ អត់​តាម​ម៉ែ​ឪ អី​អ៊ីចឹង។ ប៉ុន្តែ​បើ​កូន​ស្រី​ ម៉ែ​ឪ​និយាយ​អី​ស្តាប់​តាម​»។​

អ្នកស្រី​ដែល​មាន​​កូន​ស្រី​៣នាក់​ និ​ង​កូន​ប្រុស​២​នាក់រូបនេះ​បាន​បន្ថែម​ថា សម្រាប់​ឱកាស​ចេញ​ទៅ​ធ្វើ​ការ​ឆ្ងាយ​ៗ​ ឬទៅ​សិក្សា​បន្ត​ គឺ​ផ្តល់​អាទិភាព​ឱ្យ​កូន​ស្រី​របស់​ខ្លួនច្រើន​ជាង​ ព្រោះ​ដោយ​អ្នកស្រី​ រតនា​ មាន​ចិត្ត​ស្រឡាញ់​កូន​ស្រីជាង ដោយ​មើល​ឃើញ​ថា កូនស្រីៗរបស់​គាត់​ទាំង​៣ មាន​ទាំង​លទ្ធផល​សិក្សាល្អ​ ព្រម​ទាំង​ដើរ​តាម​គន្លង​ធម៌​ ដែល​ផ្ទុយ​ពី​កូន​ប្រុស​​ទាំង​២ ដែល​ធ្វើ​ឱ្យ​អ្នកស្រី​ដែល​ជា​ម្តាយ​មាន​ការ​ព្រួយបារម្ភ​រហូត​។

លោក​ អម​ សុវណ្ណ ដែលជា​អ្នក​បើក​បរ​ ​ក្នុង​​វ័យ​៤១ ឆ្នាំ បាន​និយាយ​ពី​បទ​ពិ​សោធន៍​ដែល​ចិញ្ចឹម​កូន​ស្រី​ ២នាក់​ ​ថា៖ «ខ្ញុំ​អត់​សូវ​ដឹង​ដែរ រឿង​ចិញ្ចឹម​កូន​ដោយ​សារ​ខ្ញុំ​ធ្វើ​ការ​ចឹង​ទៅ​ការ​មើល​បី​បាច់​ថែ​កូន គឺ​ខាង​ប្រពន្ធ​ខ្ញុំ​។ តែ​គ្រាន់​ថា ការ​ចិញ្ចឹម​កូន​ស្រី​រៀង​ ក្មេង​ឥឡូវ​ទេ​ដោយ​សារ​វា​រពឹស​ច្រើន​ អានឹង​សម្រាប់​ពេល​តិច​តួច​នៅ​ពេល​ដែលខ្ញុំ​នៅ​ជាមួយ​គាត់​។ ខ្ញុំ​គិត​ថា ទាំង​ប្រុស​ទាំង​ស្រី​ពិបាក​ដូច​គ្នា ព្រោះ​ក្មេង​ឥឡូវ​វា​រពឹស​ច្រើន​ វា​លេងច្រើន យើង​និយាយ​អី​ហាម​ឃាត់​វា​អត់​ស្តាប់​»។

លោក​ បញ្ជាក់​ថា ប្រសិន​បើ​អនាគត​ទៅ​កូន​ស្រី​គាត់​ត្រូវ​មាន​ភារកិច្ច​ចេញ​ទៅ​ខាង​ក្រៅ​ លោក​នឹង​អនុញ្ញាត​ឱ្យ​កូន​ស្រី​របស់​លោក​ ចេញ​ទៅ​បាន​។ ប៉ុន្តែ​ គាត់​សង្កត់​ធ្ងន់​ថាក្នុង​ករណី​នេះ​អាច​កើត​ឡើង​បាន​ លុះ​ត្រា​តែ​កូន​ស្រី​របស់​លោក មានភាព​រឹង​មាំ​ មិន​ទន់​ជ្រាយ មិន​មាន​ភាព​ភ័យ​ខ្លាច និង​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ដោយ​ខ្លួន​ឯង​ ។  ​

លោក​ សុវណ្ណ បង្ហាញ​ពី​គោល​បំណង​ថា ខ្លួន​ចង់​ឱ្យ​កូន​ស្រីហាត់​រៀន​កីឡា និង​ក្បាច់​គុន​ដែរ។ ព្រោះ​លោក​ពិត​ជា​ចង់​ឱ្យ​បុត្រី​ទាំង​ពីរ​ របស់​លោក​មាន​ភាព​រឹង​មាំ និង​ក្លាហាន​។ លោក​បាន​បន្ត​ថា ប្រសិន​បើ​ថ្ងៃ​ខាង​មុខ​គាត់​មាន​កូន​ប្រុស ក៏​គាត់​នឹង​មិន​អនុញ្ញាត​ឱ្យ​ទៅ​ក្រៅ​ផ្តេស​ផ្តាស​ដែរ ប្រសិន​បើ​កូន​ប្រុស​នោះ​មិន​មាន​ស្មារតី​រឹង​មាំ​ សម្រាប់​ម្ចាស់​ការ​លើ​ខ្លួន​ឯង​នោះ​។ ហើយ​គាត់​មិន​ត្រឹម​តែ​ចង់​បង្រៀន​កូន​ស្រី​ឱ្យ​មាន​ស្មារតី​ល្អ​នោះ​ទេ តែ​គាត់​ក៏​ចង់​ឱ្យ​កូន​ប្រុស​បែប​នេះ​ដូច​គ្នា​ដែរ។

លោក​ ចុង គុណ ​ជា​កម្ម​ករ​សំណង់ មាន​កូន​ប្រុស​ក្នុង​បន្ទុក​ចំនួន​៤ នាក់ ទោះ​បី​មិន​ទាន់​មាន​កូន​ស្រី​មែន​តែ​ខ្លួន​តែង​គិត​គូរ​ពី​ថ្ងៃ​អនាគត​ទៅ​ ប្រសិន​បើ​មាន​កូន​ស្រី​វិញ​ថាខ្លួន​គួរ​ចិញ្ចឹម​កូន​ស្រីនោះ​បែប​ណាថា ៖ «ធ្លាប់​គិត​ថា ប្រសិន​បើ​មាន​កូន​ស្រី​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​កូន​ប្រុស​បន្តិច​ ព្រោះ​អី​គេ​វា​ទន់​ខ្សោយ​ជាង​កូនប្រុស។ កូន​ប្រុស​វា​រៀង​រឹង​មាំ​ជាង។ អញ្ចឹង​យើង​ចិញ្ចឹម​វា​ពីរ​នឹង​ខុស​គ្នា ក្នុង​ការ​ហូប​ចុក​ និង​ការ​លេង​ ចំណី​អាហារ​គ្រប់​យ៉ាង​តាំងពី​ អនាម័យ​​ ឬ​មិន​អនាម័យ​»។​

​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ គុណ មើល​ឃើញ​ថា​កូន​ស្រី​ទន់​ជ្រាយ​ជាង​កូន​ប្រុស ដោយ​សំអាង​ថា កូន​ស្រី​មាន​កម្លាំង​ខ្សោយ​ស្រាប់​ពី​ធម្មជាតិ ឯកូន​ដែល​មាន​ភេទ​ប្រុស​មាន​កម្លាំង​ខ្លាំង​ស្រាប់ ។ ប៉ុន្តែ​លោក​ ក៏​បាន​និយាយ​ថា៖ «កម្លាំង​វិញ​ប្រសិន​បើ​គេ​ធ្លាប់​ហ្វឹក​ហ្វឺន​ ពី​តូច​មក​។ វា​អាច​នឹង​ រៀង​ត្រឹសៗ​គ្នា​ចឹង​ទៅ​ វា​អាច​ស៊ូ​ស៊ី​គ្នា​បាន»។ ​

ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ​ បុរស​វ័យ​កណ្តាល​រូប​នេះ​ នៅ​តែ​គិត​ថាខ្លួន​នឹង​មាន​ការ​ព្រួយ​បារម្ភ​ខ្ពស់​ចំពោះ​កូន​ស្រី ដោយ​យល់​ថា​​ត្រូវ​ការ​ការ​មើល​ថែ យក​ចិត្ត​ទុក​ដាក់​ជាង​កូន​ប្រុស​។ លោក​បាន​បន្ថែម​ថា ត្រូវ​មាន​ការ​តុប​តែង​ខ្លួន​ចំពោះ​កូន​ស្រីទៀត​ផង​ ដោយ​ឡែក​កូន​ប្រុស​មិន​ចំបាច់​នោះ​ទេ ។

ងាក​មក​មើល​ខាង អ្នកស្រី​ ពេជ្រ​ សុភា ដែល​ជា​មេផ្ទះ និង​ចិញ្ចឹម​កូន​ប្រុស​តូច​១ ស្រី​១ បាន​រៀប​រាប់​ពី​ភាព​ខុស​គ្នា​ក្នុង​ការ​ចិញ្ចឹម​រវាង​កូន​ប្រុស​ និង​កូន​ស្រី​ថា​៖ «គ្រាន់​តែ​ថា ក្មេង​ប្រុស​វា​រៀង​រពឹស​ជាង​ក្មេង​ស្រី ហើយ​វា​រឹង​ជាង​ក្មេង​ស្រី​។ បើ​ថា​ក្មេង​ស្រី​វា អត់អី​ទេ វា​ស្រួល​និយាយ​។ យើង​និយាយ​ឆាប់​ស្តាប់​ យើង​និយាយ​ទៅ​វា​ឆាប់​ចាប់​បាន​»។

ឯ​ការងារ​ផ្ទះ​វិញ​ម្តាយ​រូប​នេះ​តែង​បង្រៀន​ឱ្យ​កូនដែល​មាន​ភេទ​ស្រី​ឱ្យ​ចេះ​ធ្វើ​ជាមុន ព្រោះ​យល់​ថា​ជា​រឿង​ធម្មតា​របស់​មនុស្ស​ស្រី​ដែល​ត្រូវ​ចេះ​ការងារ​អស់​ទាំង​នេះ ដោយ​កូន​ប្រុស​មិន​សូវ​ជា​ចាំ​បាច់​ក្នុង​ការ​ចេះ​ធ្វើ​ក៏​បាន​ដែរ។

«សូម្បី​តែ​រាល់​ថ្ងៃ​ពេល​បងធ្វើ​ការ​បោក​ខោអាវ ឬ​ក៏​អី​  បង​យក​ខោ​អាវយក​​មក​បត់អី​ ក៏​កូន​ស្រី​គឺ​ជួយ​បង​បាន​ និយាយ​ទៅ​ឃើញ​យើង​ធ្វើ​គឺ​មក​ជួយ​។ តែ​បើ​ថាកូន​ប្រុស​គឺ​ អត់ទេ! ដឹង​តែ​លេង និយាយ​ទៅ​ដឹង​ថា​លេង​មួយ​មុខ​ទេ ។ បើ​កូន​ស្រី​ឃើញ​យើង​ធ្វើ​ចឹង​ទៅ​ជួយ​លាង​ចាន​ ជួយ​បោស​ផ្ទះ​ ជួយ​អី​ និយាយ​ទៅ​មួយ​ចប់​។ បត់​ខោអាវ​ អត់​ឱ្យ​បត់​ខឹង​ទៀត​។ ហាល​ខោអាវ​ ហាល​អី​ និយាយ​ទៅ​ជួយ​មួយ​ចប់​​ លាង​ចាន​លាង​អី មិន​បាច់​បង្គាប់​ទេ មិន​បាច់​ប្រាប់​ទេ​ មួយ​កំផ្លេ»។

យ៉ាង​ណាមិញ​ អ្នក​ម្តាយ​រូប​នេះ​ នៅ​តែ​ប្រកាន់​​ខ្ជាប់​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​ស្រី​ និង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាង​កូន​ប្រុស​ជា​ពិសេស​នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ នា​ពេល​នា​កូនៗ​ប្រុស​ស្រី​របស់​ខ្លួន​ធំ​ដំណាល​គ្នា ។ សម្រាប់​ការ​បង្ហាត់​កូន​ស្រី​ឱ្យ​ចេះ​លេង​កីឡា ឬ​ក្បាច់​គុន​សម្រាប់​ទុក​ការពារ​ខ្លួន​នោះ អ្នកស្រី​រូប​នេះ​នៅ​មិន​ទាន់​អាច​ឆ្លើយ​បាន​ថា​ត្រូ​វ​បង្រៀន​កូន​ស្រី​នោះទេ ។​ប៉ុន្តែ​កូន​ស្រី​ឆ្លាត​វៃ​របស់​អ្នកស្រី​ សុភា​ តែង​លេង​បាល់​ជាមួយ​បង​ប្រុស​របស់​ខ្លួន​ជានិច្ច​។ 

លោក​ រ៉ាម៉ន​ ជា​គ្រូបង្រៀន​បាន​លើក​ឡើង​ថា មនុស្ស​ចាស់​បុរាណ​ពី​មុន​គាត់​តែង​តែ​ព្រួយបារម្ភ​ពី​កូន​ស្រី​ពេល​កូន​ស្រី​ចង់​ទៅ​ឆ្ងាយ​ពី​ផ្ទះ​តែ​ នា​ពេល​អនាគត​លោក​គិត​ថា​ កូន​ស្រី​និង​កូន​ប្រុស​គឺ​មាន​សិទ្ធិ​ដូច​គ្នា​។​

​លោកបញ្ជាក់​ថា​៖ «អ្នក​ផ្ទះ​របស់​លោក​ស្រឡាញ់​កូន​ស្មើៗ​គ្នា​ដោយ​កូន​ប្រុស​ធ្វើ​ការងារ​ច្រើន​និង​ធ្ងន់​ ហើយ​ឱ្យ​កូន​ស្រី​ធ្វើ​ការងារ​ស្រាល​ៗដូច​ការងារ​ផ្ទះ​ លក្ខណៈ​ទូទៅ​​ កូន​ប្រុស​ធ្វើ​ការងារ​ណា​ឆ្ងាយ​ៗ​ចឹង​គឺ​ងាយ​ស្រួល​​ តែ​​បើ​​កូន​ស្រី​​វិញ​អ្នក​ផ្ទះ​​គាត់​​ព្រួយ​​បារម្ភ​គាត់​ពុំ​សូវ​បណ្តោយ​អោយ​ធ្វើ​ការងារ​ឆ្ងាយៗ​ តែ​​បើ​កូន​ប្រុស​យើង​ស្រួល​។ សម័យ​នេះ​គឺ​សម័យ​ជឿន​លឿន​មិន​ដូច​ពី​ដើម​ទេ​ ពី​ដើម​មាន​ការងារ​តែ​ប្រុស​ ស្រី​គាត់​នៅ​ផ្ទះ​។ សម័យ​ឥឡូវ​គឺ​ដូចគ្នា​ស្រី​ប្រុស​មាន​ការងារ​ដូច​គ្នា​ ដូច​នេះ​ការ​ដើរ​ហើរ​គឺ​អាច​ដូច​គ្នា​នា​អនាគត​ »។

អ្នកស្រី មករា ដែល​ជា​កម្មការិនីរោងចក្រមួយ​រូប​ បាន​និយាយ​ថា ៖ «កូន​ស្រី​ យើង​បារម្ភ​ជាង​កូន​ប្រុស​ ព្រោះ​អី​ ខ្លួន​ស្រី​អញ្ចឹង​ ដើរ​យប់​ប្រលប់ចឹង​។ តែ​កូន​ប្រុស​ គេ​ដឹង​ខ្លួន​គេ»។

ទោះ​បី​ជា​ អ្នកស្រី​ដែល​កំពុង​ចិញ្ចឹម​បី​បាច់​កូន​ស្រី​តូច​ម្នាក់​ដែល​មាន​អាយុ​ប្រហែល​ជា​ ៣ឆ្នាំផ្ទាល់ក៏​ពិត​មែន ប៉ុន្តែ​គាត់​នៅ​តែ​បង្ហាញ​គោលជំហរ រឹង​មាំក្នុង​ការ​មិន​ព្រម​បើក​សិទ្ធិ​ឱ្យ​កូន​ស្រី​ពេញ​លេញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ឆ្ងាយបាន​ទេ ដោយ​អ្នក​ស្រី​បាន​សង្កត់​ធ្ងន់​ថា​៖ «បើ​ឱ្យ​ដើរ​ ប៉ុន្តែ​លុះ​ត្រា​តែ​កូន​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ល្អ​»។​

អ្នកស្រី​បាន​បន្ត​ថា ប្រសិន​បើ​កូន​ស្រី​គាត់​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ គាត់​នៅ​តែ​ប្រដៅ​ស្តី​ថា ប្រសិន​ជា​កូន​ស្រី​មិន​ស្តាប់​អាច​មាន​បញ្ហា គាត់​បញ្ជាក់​ទាំង​សើច​តិច​ៗ​៕