ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​​ណែ​នាំ​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ឱ្យ​ពង្រឹង​វិធាន​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​-១៩​​បម្លែង​ថ្មី​ ប្រភេទ​​Delta ក្នុង​សហគមន៍​ ​ជំងឺ​នេះ​​រក​ឃើញ​​មាន​វត្តមាន​នៅកម្ពុជា​តាម​រយៈការ​នាំ​ចូល​តាម​បណ្តា​​ច្រក​ព្រំដែន​។

​រដ្ឋ​មន្ត្រី​​ក្រសួង​សុខា​ភិបាល លោក​ ម៉ម​ ប៊ុន​ហេង​ នៅ​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ បាន​ណែនាំ​ជា​ប្រញាប់​ដល់​អភិបាល​រាជ​ធានី​ខេត្ត​ទាំង​អស់​ ​ពង្រឹង​វិធាន​ការ​ចត្តាឡីស័ក​នៅតាម​បណ្តា​ច្រក​ព្រំដែន​នានា និង​ពង្រឹង​វិធាន​ការ​រដ្ឋ​បាល​ចាំបាច់​ផ្សេង​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​បម្លែង​ខ្លួនថ្មី​​​ប្រភេទ​Delta ក្នុង​សហគមន៍។

លោក​ ម៉ម ប៊ុនហេង បាន​បញ្ជាក់​ក្នុង​លិខិត​ប្រញាប់​នោះ​ថា៖ «​សភាព​ការណ៍​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ បម្លែង​ខ្លួន​ថ្មី​ប្រភេទ​Delta​ឆ្លង​ចូល​ក្នុង​សហគមន៍​តាម​រយៈ​ការ​នាំចូល​ពី​បណ្តា​ច្រក​ព្រំដែន​នានា»។

លោក ម៉ម ប៊ុនហេង បានណែនាំ​ដល់​អភិបាល​រាជធានីខេត្ត​ទាំង​អស់​ឱ្យ​អនុវត្ត​នូវ​វិធាន​ការ​ធ្វើ​ចត្តាឡីស័កនៅ​មណ្ឌល​ចត្តាឡីស័ក​មាត់​ច្រក​ព្រំដែនចំពោះ​អ្នក​ដំណើរ​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ឆ្លង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​ធ្វើ​ការ​ដឹកជញ្ជូន​បន្ត​ដើម្បី​យក​ទៅ​ធ្វើ​ចត្តា​ឡីស័ក​នៅ​តាម​ភូមិឃុំ​ទៀត​ទេ។

លោក​បាន​បន្តទៀត​ថា៖​ «​ត្រូវ​ចាត់​វិធាន​ការ​ពង្រឹង​​ការ​គ្រប់​គ្រង​​ប្រជា​ពល​រដ្ឋ​ធ្វើ​ចំណាក​ស្រុក​ ដែល​វិល​ត្រឡប់​មក​ភូមិ​-ឃុំ​វិញ​ និង​ត្រូវ​អនុវត្ត​វិធាន​ការ​ចត្តា​ឡីស័ក​​នៅមណ្ឌល​ចត្តា​ឡី​ស័ក​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ក្នុង​ករណី​ដែល​រក​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ពុំ​បាន​ឆ្ល​ង​​កាត់​ការ​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​តាម​ព្រំ​ដែន»។

លោក​ ម៉ម ប៊ុនហេង បាន​បញ្ជាក់​បន្ថែម​នៅក្នុង​លិខិត​ប្រញាប់​នោះ​ដដែល​ ដោយ​ណែនាំ​ឱ្យ​ពង្រឹង​ការអនុវត្ត​វិធាន​ការ​ ទាំង​ផ្នែក​រដ្ឋ​បាល​ ទាំង​ផ្នែក​សុខាភិបាល​ សំដៅ​បង្ការ​ គ្រប់​គ្រង​និង​កាត់​ផ្តាច់​នូវ​ខ្សែ​រយៈចម្លង​នៃ​មរោគ​កូវីដ-១៩ប្រភេទ​ថ្មី​នេះ នៅតាម​មូលដ្ឋាន​ដែល​ត្រូវ​បាន​រក​ឃើញ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ។

សូមបញ្ជាក់​ផង​ដែរ​ថា ជំងឺ​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មីប្រភេទ​ Deltaនេះ​បាន​ឆ្លង​ចូល​មក​ក្នុង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈការ​នាំចូល​ពីពលរដ្ឋ​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ។ គិត​ត្រឹម​ថ្ងៃទី​១៨ ​ខែ​មិថុនា ​ឆ្នាំ២០២១​នេះ ​ជំងឺ​កូវីដ-១៩​បម្លែង​ខ្លួន​ថ្មី​នេះ​មាន​១០​ករណី​​​ហើយ​៕