ក្រសួង​សុខាភិបាល​ បាន​ប្រកាស​​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​ចែក​ចាយ​ និង​លក់​ឱសថ​បុរាណ​ចិន​ខុស​ច្បាប់​ LIANHUA QINGWEN JIAONANG ក្រោយ​រក​ឃើញ​គណនី​ហ្វេសប៊ុកចំនួន​៨  កំពុង​បោក​ប្រាស់​ថា​ អាច​ព្យាបាល​ជំងឺ​កូវីដ-១៩​បាន​ ខណ:ដែល​ឱសថ​នេះ​គ្មាន​លេខបញ្ជិកា​ត្រឹមត្រូវ​។

យោង​ទតាម​សេចក្តី​ប្រកាស​ដែល​ចេញ​ផ្សាយ​នៅ​រសៀល ​ថ្ងៃសៅរ៍​ ទី​២៦ ខែ​​មិថុនានេះ​ បាន​ឱ្យ​ដឹង​ថា គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ( Facebook ) ចំនួន​៨​ ឈ្មោះ ៖ ១. Global Products ២. សុខភាព​ប្រចាំថ្ងៃ ៣. Online Shop ៤. JHRWS ៥. ឱសថបុរាណ​ចិន​-Lianhua Qingwen Capsule ៦. R&N Supply ៧. 999 online shop ៨. Morakotលក់អាកុល​សុទ្ធ​100% និងគណនី​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ មាន​ទាំង​ឱសថស្ថាន​ ឱសថស្ថាន​រង​ អគារលក់​ឱសថ​បុរាណ​មួយ​ចំនួន​កំពុង​ផ្សព្វផ្សាយ និង​លក់​ ដោ​យ​កុហក​ថា​អាច​ព្យាបាល​ជំងឺ​កូវីដ​បាន​។

ក្រសួង​បាន​បញ្ជាក់​ថា៖ «ក្រសួង​សុខាភិបាល​នឹង​មាន​វិធាន​ការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​គណនី​ហ្វេសប៊ុក​ចាង​លើ​ និង​គណនី​ផ្សេង​ៗ​ទៀត​ ដែល​បាន​ និង​កំពុង​នាំចូល​ ចែក​ចាយ និង​ផ្សព្វផ្សាយ​លក់​ ឱសថបុរាណ​ចិន​ខាង​លើ​ ទៅ​តាម​ច្បាប់​ស្តី​ពី​ច្បាប់​វិសោធនកម្ម​ ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រ​ង​ឱសថ​ជា​ធរមាន​»។

បើតាមក្រសួង​សុខាភិបាល គ្រប់​ឱសថ​ដែល​មិន​ស្រប​តាម​បញ្ជិកា​ដែល​ចេញ​ពី​ក្រសួង​សុខាភិបាល មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​បាត់​បង់​ថវិកា​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បាន​ទិញ​យក​មក​ប្រើ​ប្រាស់​នោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ ឬ​ឈាន​ដល់​បាត់បង់​ជីវិត​ថែម​ទៀត​ផង​។ ដូចនេះ​ សូម​មាន​ការប្រុង​ប្រយ័ត្ន​ រាល់​ពេល​​ទិញ​ឱសថ​​តាម​អនឡាន ត្រូវ​ប្រាកដ​ថា​មាន​បញ្ជិកា​ច្បាស់​លាស់​​ មុន​សម្រេច​ទិញ​យក​មក​ប្រើ​ប្រាស់​៕