គណ:កម្មាធិការ​ជាតិ​​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ បាន​ចេញ​សេចក្តី​ណែនាំ​ ដល់​គណ:កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ទូទាំង​រាជធានី​ ខេត្ត​ទាំង​អស់ ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ត្រៀម​ទប់​ទល់​នឹង​​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ នា​ពេល​ខាង​មុខ​ ដើម្បី​ធានា​ជូន​នូវ​សុវត្ថិភាព​ និង​សុខុមាលភាពរស់​នៅ​​របស់​ប្រជាពលរដ្ឋ​ ។​

យោង​តាម​សេចក្តី​ណែ​នាំដែល​ចុះ​ហត្ថលេខា​ដោយ​អនុប្រធាន​ទី​១ លោក​​ គន់ គីម ​ ចេញ​ផ្សាយ​នៅថ្ងៃ​ទី​២៥ ខែ​មិថុនា​នេះបញ្ជាក់​ថា បើតាម​សេចក្តី​ជូន​ដំណឹង​ពី​ការ​ព្យាករណ៍​អាកាសធាតុ​ និង​ការ​ផ្តល់​ព័ត៌មាន​ពី​គណ:កម្មការ​ទន្លេមេគង្គ​ ​បរិមាណ​ទឹក​ភ្លៀង​នឹង​ធ្លាក់​ច្រើន​នៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​របស់​ទន្លេ​មេគង្គ​ និង​ទន្លេ​សាប​ ដែល​អាច​ឱ្យ​ទឹក​ទន្លេ​ឡើង​ខ្ពស់​ ​​ដោយ​ចាំ​បាច់​ត្រូវ​ត្រៀម​លក្ខណ: និង​ប្រកាន់​យក​វិធាន​ការ​សំខាន់ៗ​មួយចំនួន​។​

វិធានការ​សំខាន់ៗ​ក្នុង​សេចក្តី​ណែនាំ​នោះ​មាន​ដូចជា ការ​រៀប​ចំ​ទី​ទួល​សុវត្ថិភាព (ទីទួល​សុវត្ថិភាព​​សំណង់ វត្ត​អារាម​ អគារ​សាធារណ:។ល។) សម្រាប់​ការងារ​ជម្លៀស​ប្រជាជន​ឱ្យ​មាន​សុវត្ថិភាព​ ដោយ​ប្រើ​ប្រាស់​ធនធាន​ កម្លាំង​ និង​មធ្យោបាយ​សរុប​ ស្រប​តាម​យុទ្ធការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល​ ៣ការពារ ៣​កុំ ។​

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ញឹកញាប់​​តាម​រយ:ប្រព័ន្ធផ្សព្វផ្សាយ​នានា ដូចជា Telegram តាម​ទូរស័ព្ទ ១២៩៤ ស្តី​ពី​ការព្យាករអាកាសធាតុ ស្ថានភាព​ទឹក​ទន្លេ ជាដើម​។ ជាពិសេស​ ជូន​ដំណឹង​ទៅកាន់​ប្រជាជន​ជា​មុខសញ្ញា​ដែល​ងាយ​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​ ព្រម​ទាំង​ណែនាំឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​តាម​គ្រួសារ​នីមួយៗ​ ត្រៀម​ទុក​ដាក់​សម្ភារសំខាន់ៗ មាន​ សត្វ​ពាហន: មធ្យោបាយ ​ស្បៀង​អាហារ​ ដើម្បី​ជៀសវាង​បាត់​បង់ និង​គ្រោះ​ថ្នាក់​ផ្សេង​ៗ។

ករណី​ឃើញ​មាន​គ្រោះ​ថ្នាក់​ នៃ​គ្រោះ​មហន្តរាយ​កើត​ឡើង​នៅ​តំបន់​ណាមួយ​។ អាជ្ញាធរ ត្រូវ​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ មុន​គណ:កម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រាជធានី​ ខេត្ត​ ចុះ​មក​ជួយ​។

«លេខាធិការ​ដ្ឋាន​គណ:កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយរាជធានី​ ខេត្ត​ ត្រូវ​សម្របសម្រួល​ការ​ឆ្លើយ​តប​​ក្នុង​ព្រឹត្តិការណ៍​គ្រោះ​មហន្តរាយ​ ប្រមូល​វិភាគ​ព័ត៌មាន​តាម​ប្រព័ន្ធ​ព្រឺស៊ឹម និង​ផ្តល់​ចំណាត់​ការ​ជូន​ប្រធាន​គណ:កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​រាជធានី ខេត្ត​ ព្រមទាំង​រាយការណ៍​ជា​ប្រចាំ​មក​គណ:កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​»។ នេះ​បើតាម​​សេចក្តី​ណែនាំរបស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM៕ ​