រដ្ឋ​បាល​រាជ​ធានី​ភ្នំ​ពេញ​​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​ដែលមិន​ទាន់​បាន​​​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​​១៩​ក្នុង​ភូមិ​សាស្ត្ររាជធានី​ភ្នំពេញ​ ឆាប់​មក​​ទទួលចាក់​វ៉ាក់សាំង ​​ដោយថា ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​គ្រោង​​​បិទ​បញ្ចប់​នៅដើម​​ខែ​កក្កដា​ខាង​មុខ​។

អភិបាល​រាជ​ធានី​ភ្នំពេញ​ លោក ឃួង​ ស្រេង នៅ​ថ្ងៃទី​​២៥ ​ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ដោយ​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញដែល​​​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩​ទាំង​អស់ ​ឱ្យ​ឆាប់​មក​ទទួលចាក់​វ៉ាក់​សាំង​បង្ការឱ្យ​បាន​គ្រប់​គ្នា​នៅ​តាម​ខណ្ឌ​ទាំង​១៤​ ​ចាប់​ពី​ថ្ងៃ​ទី ២៧ ​ខែ​មិថុនា​ឆ្នាំ ២០២១​នេះ ​រហូត​ដល់​ថ្ងៃទី​០៨ ​ខែ​កក្កដា ​ឆ្នាំ​២០២១​​​។

សេច​ក្តី​ជូន​ដំណឹង​ដដែល​នោះ​បាន​បញ្ជាក់​​ថា៖ «ក្រោយ​ការ​បិទ​បញ្ចប់​ចំពោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ខក​ខាន​មិន​បាន​មក​ចាក់​វ៉ាក់​សាំង​តាម​ពេល​វេលា​ខាង​លើ រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​មិន​ទទួល​ខុស​ត្រូវ​ចាក់​ជូន​ទៀត​ឡើយ»។

គួរបញ្ជាក់​ថា យុទ្ធ​នា​ការ​ជាតិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​​ជូន​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​នៅរាជ​ធានី​ភ្នំពេញ ​គិត​ត្រឹម​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ២០២១​នេះ​សម្រេច​បាន​១,៦៦២,៣៥៦នាក់​ (ដូស​ទី​១) និង​១,៤៩៨,៧៨៧នាក់ ​(ដូសទី២)៕