ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​អាទិត្យ​​បាន​ប្រកាស​​ច្រាន​ចោល​ពាក្យ​ចចាមអារាមដែល​ថា​ តម្រូវ​ឱ្យ​មាន​ការ​បង់​ប្រាក់​ដើម្បី​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​កូវីដ១៩ ​ក្រោយ​មាន​ការ​ចុះ​ស្រាវជ្រាវ​ដោយ​ក្រុម​ការងារ​ គ.វ.ក-១៩ រក​ឃើញ​ពាក្យ​ដែល​បាន​ចែក​ចាយ​តៗ​គ្នានេះ​ ​នៅ​តាម​គ្លីនិក​ឯកជន។

បើ​​តាម​សេចក្តី​ប្រកាសព័ត៌មានរបស់​ក្រសួង​សុខាភិបាលចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​អាទិត្យ​ ទី​២៧ ខែ​មិថុនា​ នេះ​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​នា​ពេល​ថ្មី​ៗ​នេះ​ មាន​ការ​លេចឮ​ពី​សាធារណជន​ដែល​ថា មាន​ការ​ប្រមូល​ផ្តុំគ្នា​ចាក់​វ៉ាក់​សាំង​កូវីដ១៩ ប្រភេទ​អាស្រ្តាហ្សេនីកាបាន ​​ដោយ​តម្រូវ​​មាន​ការបង់​ថវិកាក្នុង​ចំនួន​មួយ​មិន​ច្បាស់​លាស់។ បន្ទាប់​មក​ គ.វ.ក-១៩ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ តាម​គ្លីនិក​ឯកជន​ ពិត​ជាមាន​ការ​ផ្សព្វផ្សាយ​ពាក្យ​បោក​ប្រាស់នេះ​ ក្នុង​រូប​ភាព​ជា​ការ​និយាយ​លេង​សើច និង​ការ​ឮគេ​និយាយ​តៗ​គ្នា ពី​រឿង​នេះ​។

គណ:កម្មការចំពោះ​កិច្ចចាក់​វ៉ាក់​សាំង​កូវីដ​១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​បាន​អំពាវនាវក្នុង​សេចក្តី​ប្រកាស​ដដែល​ថា សម្រាប់​​បុគ្គល​ដែល​បាន​ប្រឌិត​ព័ត៌មាន​ក្លែង​ក្លាយ​នេះ​ឡើង​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ចែក​ចាយ​ព័ត៌មាន​មិនពិត​ដែល​ថា មាន​ការ​បង់​ប្រាក់​សម្រាប់​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ ក្នុង​គោល​បំណង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​ជាតិ​ចាក់​​វ៉ាក់​សាំង​កូវីដ១៩ របស់​រាជ​រដ្ឋាភិបាល​ និង​ខាត​បង់​ប្រាក់​កាសរបស់​ប្រជាពល​រដ្ឋ​ផង​ដែរ ។

ក្រសួង​បាន​បញ្ជាក់​​ថា ករណី​មាន​ការ​ទាម​ទារ​ឱ្យ​បង់​ប្រាក់​កម្រៃ​ពី​ជន​ខិល​ខូច​ណាមួយ ក្នុង​ការ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ សូម​រាយការណ៍​ទៅ​ គ.វ.ក-១៩ តាម​លេខ​ទូរស័ព្ទ ០១២ ៧៧៧ ៧៦០ ឬ ០១២ ៩១៦ ០៩៩ ឬ ០១២ ៩០៤ ៣៨៥ ជាបន្ទាន់​។

សូម​បញ្ជាក់​ថា ការ​ចាក់​វ៉ាក់​សាំង​កូវីដ១៩ នឹង​ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​​ចំនួន​​១០​​លាន​នាក់​​ទូទាំង​ប្រទេស​ដោយ​ឥតគិត​ថ្លៃ ដែល​មាន​អាយុ​ចាប់​ពី​១៨​ ឆ្នាំ​ឡើយ​ទៅ​ និង​ស្ថិត​នៅ​ក្នុង​ក្រុម​អាទិភាព​ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល​៕