ចំនួន​អ្នកបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​ទូទាំង​ប្រទេស ​ចាប់​តាំងពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ឆ្នាំ​២០២១​ ដល់​ត្រឹម​ថ្ងៃទី​៣០ ​ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​ មាន​ចំនួន​​៤,២០២,៧៥១​​នាក់ ឬ​ស្មើ​នឹង​៤២.០៣ភាគរយ​​ បើធៀប​​នឹង​គោល​ដៅ​១០​លាននាក់​ដែល​កម្ពុជា​បាន​គ្រោង​​នឹង​​សម្រេច​។

យោង​តាមរបាយ​ការណ៍​អនុគណៈកម្មការ​តាម​ដាន ​និង​វាយ​តម្លៃ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​​ចាក់​​វ៉ាក់សាំង​កូវីដ១៩​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ចេញ​​នៅ​ថ្ងៃទី៣០ ​ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​បានបញ្ជាក់​​ថា លទ្ធផល​សរុប​នៃ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩​ទូ​ទាំង​ប្រទេស ​កើន​ដល់​៤២.០៣ ភាគរយ​ ​បើប្រៀប​ធៀប​នឹង​គោល​ដៅ​១០លាន​នាក់​ដែល​បាន​គ្រោង​ទុក​។

​ក្នុង​របាយ​ការណ៍​ដដែលបន្ថែម​​ថា ​ចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​មក​ចាក់​វ៉ាក់​សាំង​សរុប​មាន​៤,២៦១,០៨៥ នាក់​ ហើយ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​លើកទី១មាន​ ៤,២០២,៧៥១នាក់ និង​ចំនួន​៥៨,៣៣៤នាក់​ទៀត​ គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​បាន​ដោយ​សារ​តែ​បញ្ហា​សុខភាព។

អ្នក​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩បាន​ទាំង​ពីរ​លើក​ មាន​ចំនួន​៣,០៤៨,៩០៥នាក់ ​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ​ឆ្នាំ​២០២១។ នេះ​បើ​តាម​របាយការណ៍ខាងលើ​​។

គួរបញ្ជាក់ផងដែរ​ថា​ កម្ពុជាបន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ-១៩ សំដៅ​បង្កើត​ឱ្យបានភាពស៊ាំ​សង្គម សេដ្ឋកិច្ចនៅត្រឹម​ឆ្នាំ​២០២១នេះ៕​