រដ្ឋបាល​រាជធានីភ្នំពេញអនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ចំនួន​៣ ​ផ្តល់​សេវាសម្អាត ប្រមូល​ និង​ដឹកជញ្ជូន​សំរាម នៅ​រាជធានី​ភ្នំពេញ​ ចាប់​ពី​ថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ២០២១នេះ តទៅ​ ដោយ​បែង​ចែក​ជា​៣​ តំបន់​ខុសៗ​គ្នា​ក្នុង​ខណ្ឌ​ទាំង​១៤។

យោង​តាម​សេចក្តី​ប្រកាសរបស់​សាលារាជធានី​ភ្នំពេញ​ ចេញ​នៅយប់​ ​ថ្ងៃទី​៣០ ខែ​មិថុនា បាន​បញ្ជាក់​ថា  ក្រុមហ៊ុន​ថ្មី​ចំនួន​៣ នឹង​ចុះ​ទៅ​ប្រមូល និង​ដឹជញ្ជូន​សំរាម សំណល់​រឹង បន្ត​ពី​ប្រតិបត្តិករ​ចាស់​ នៅ​តាម​តំបន់​ដោយ​ឡែក​ពី​គ្នាចំនួន​៣៖ «ក្រុមហ៊ុន​ 800 Super/Global Action for Environment Awareness Public Limited នឹង​ផ្តល់​សេវា​ ដល់តំបន់​ទី​១ ដែល​មាន​​ខណ្ឌ​ចំនួន​៥ គឺ ខណ្ឌ​ទួល​គោក ខណ្ឌ​ឫស្សីកែវ ខណ្ឌ​សែនសុខ​ ខណ្ឌ​ជ្រោយ​ចង្វារ និង​ខណ្ឌ​ព្រែកព្នៅ ។ ក្រុម​ហ៊ុន​ Mizuda Group  Co, Ltd នឹង​ត្រូវ​ផ្តល់​សេវា ដល់​ខណ្ឌ​ចំនួន​៥ ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​ទី​២ គឺ ខណ្ឌ​ដូន​ពេញ ខណ្ឌ​៧​មករា ខណ្ឌ​ដង្កោ ខណ្ឌ​ពោធិ៍សែន​ជ័យ​ និង​ខណ្ឌ​កំបូល​។ និង​ក្រុមហ៊ុន​ CINTRI (Cambodia)/Everbright (China) នឹង​ផ្តល់​សេវា ដល់​ខណ្ឌ​ចំនួន​៤ ផ្សេង​ទៀត​ ក្នុង​តំបន់ទី​៣ គឺ ខណ្ឌ​ចំការ​មន ខណ្ឌ​បឹង​កេងកង​ ខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌ​ច្បារអំពៅ»​។

សាលារាជធានី​ក៏​បាន​អំពាវ​នាវ​ឲ្យ​​ប្រជាពលរដ្ឋ​ទាំងអស់នៅ​រាជធានី​ភ្នំពេញ វេចខ្ចប់​ ទុកដាក់​ និង​បញ្ចេញ​សំរាម​ សំណល់​រឹង​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ និង​តាម​ការ​កំណត់​ ដើម្បី​រក្សា​អនាម័យ​ និង​បរិស្ថាន​ក្រុង​ភ្នំពេញឱ្យ​បាន​ស្អាត​ល្អ​ ព្រម​ទាំង​យោគយល់​ចំពោះ​ភាព​រអាក់​រអួល​នៃ​ការ​ចាប់​ផ្តើម​ប្រមូល​សំរាមដំបូង​ដោយ​ក្រុមហ៊ុន​ថ្មី​នេះ​៕