សាលារាជធានី​​ភ្នំពេញ​​នៅ​ថ្ងៃ​សុក្រ បាន​ប្រកាស​​ផ្អាក​ដំណើរ​ការ​ផ្សារអូឡាំពិក​ក្នុង​រយ:ពេល​១៤ថ្ងៃ ចាប់​ពី​ថ្ងៃទី​៣ ខែ​កក្កដា​ រហូត​ដល់​ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០២១ បន្ទាប់​ពី​រក​ឃើញ​ថា​មាន​បុគ្គល​ពាក់ព័ន្ធ​ក្នុង​ផ្សារ​ឆ្លង​ជំងឺ​កូវីដ១៩ ។

បើ​តាម​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល​ ចេញ​នៅ​ថ្ងៃ​សុក្រ​ ទី​២ ខែ​កក្កដា​នេះ​ បាន​​លើក​ឡើង​ពីប្រការ​៣​ ពី​​ការ​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ចេញ​-ចូល ក្នុង​បរិវេណ​​ផ្សារ​អូឡាំពិក​ ប៉ុន្តែ​មាន​ករណី​លើកលែង​មួយ​ចំនួន​ដូចជា​៖ « ការ​ចេញ-ចូល​ និង​ការ​ជួប​ជុំ​ក្នុង​ចំណោម​សន្តិសុខ​ បុគ្គលិក​-កម្មករ អាជីរករ អតិថិជន​ និង​អ្នកពាក់ព័ន្ធ​ នៅ​ក្នុ​ងទីតាំង​កំណត់​ដែល​ត្រូវ​ផ្តល់​សំណាក​។ ការ​ចេញ​-ចូល​ និង​ការ​ជួប​ជុំ​របស់​បុគ្គលិក​សុខាភិបាល​ ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល​។ ការ​ចេញ-ចូល​ និង​ការ​ជួបជុំ​របស់​គណ:កម្មការ​ផ្សារ​ អាជ្ញាធរ​មាន​សម្ថកិច្ច​ និង​កម្លាំង​គណ:បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់​ថ្នាក់​ ក្នុង​ការ​បំពេញ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធារណ:»។

រដ្ឋបាល​សាលារាជធានី​បាន​បញ្ជាក់​ក្នុង​ប្រការ​២​ថា​​ អាជីវករ អតិថិជន និង​អ្នកពាក់​ព័ន្ធទាំងអស់​ ត្រូវ​​ទៅ​យក​សំណាក​វិភាគ​រក​មេរោគ​ និង​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ឯ​គណ:កម្មការ​ផ្សារ​អូឡាំពិក​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​​ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្សេង​ៗទៀត​។

ករណី​​បុគ្គល​ពាក់ព័ន្ធ​មិន​ព្រម​សហការ​ទៅ​យក​សំណាក​វិភាគ​រក​មេរោគ​កូវីដ-១៩ ឬ​មិន​ធ្វើ​ចត្តាឡីស័ក​ទេ ត្រូវ​ទទួល​ការពិន័យ​ក្នុងទឹក​ប្រាក់​ចន្លោះពី ១លាន​រៀល ដល់ ១០លាន​រៀល​ ដូច​ដែល​បាន​ចែង​ក្នុង​សេចក្តី​ប្រកាសអន្តរ​ក្រសួង​​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​សុខាភិបាល​ ចុះ​កាល​ពីថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២១មក​។ នេះ​ជា​ការ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ដដែល​​។

«គណ:កម្មការ​ផ្សារ​ សន្តិសុខ​ បុគ្គលិក​-កម្មករ អាជីវករ អតិថិជន និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ណា​ ដែល​មិន​អនុវត្ត​តាម​ប្រការ​២​ និង​ប្រការ​៣ នៃ​សេចក្តី​សម្រេច​នេះ​នឹង​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅស្ថានប័ន​តុលាការ​ដើម្បី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ និង​ទោស​ពិន័យ​ជា​ប្រាប់​ ស្រប​តាម​ច្បាប់​ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត​ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​»។

គិត​ត្រឹម​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ចំនួន៥២,៣៥០នាក់ ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន​៦៦០នាក់៕​