ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ប្រកាសនៅថ្ងៃទី២ ខែកក្កដានេះថា រដ្ឋាភិបាលនឹង​​បង់​ថ្លៃ​សិក្សា​សម្រាប់​និស្សិតកម្ពុជា​ទាំង​៦ នាក់​​ដែល​កំពុង​សិក្សា​​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិករហូត​ដល់​ចប់​ បន្ទាប់​ពីទីក្រុងវ៉ាស៊ីងតោន​ផ្តាច់ជំនួយ​​ដោយ​ហេតុ​ថា​ទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​ មាន​ភាព​មិន​សូវ​ចុះ​សម្រុង​គ្នា។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ ​បានលើក​ឡើង​ថា៖ «ដោយ​មើល​ឃើញ​អំពី​ការ​លំបាក របស់​សិស្សបណ្ឌិត​សភា​យោធា​កម្ពុជា​ទាំងអស់​ដែល​បណ្តាល​មក​ពី​ការ​បញ្ឈប់​នូវ​កាតព្វកិច្ច​នៃ​ការ​បង់​ថ្លៃ​សិក្សា​ពី​សំណាក់ ភាគី​អាមេរិក​ និង​នៅ​ក្នុង​ស្មាររតីទទួល​ខុសត្រូវ​ចំពោះ​អនាគត​ និង​ផល​ប្រយោជន៍​របស់​សិស្ស​បណ្ឌិត​សភា​យោធា​កម្ពុជា រាជរដ្ឋាភិបាល​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​នឹង​ទទួល​បន្ត​បង់​ថ្លៃ​សិក្សា​សម្រាប់​សិស្ស​បណ្ឌិត​យោធា​កម្ពុជា​ទាំង​៦​រូប​ រហូត​ដល់​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ ជា​ស្ថាពរ»​។

ក្រសួង​ការពារ​ជាតិ​បាននិយាយថា នឹង​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក​ នៅ​ក្នុង​ចំណាត់ការ​នេះ​ ហើយបាន​យល់​ឃើញ​ថា ការ​​ផ្តាច់​អាហាររូបករណ៍​​នេះ​ ជា​ការ​សម្រេច​ចិត្ត​​តែ​ម្ខាង​ ដែល​ក្រសួង​ការពារ​ជាតិ​នឹង​ធ្វើ​នូវ​ចំណាត់​ការ​ជា​បន្ទាន់​ ពាក់ព័ន្ធ​នឹង​ការ​សិក្សា​របស់​សិស្ស​ដែល​រៀន​នៅ​សាលា​បណ្ឌិត​សភា​យោធា​លើ​ទឹក​ដី​សហរដ្ឋអាមេរិក​។ ​នេះ​បើតាម​សេចក្តី​ប្រកាសព័ត៌មាន​ដដែល​។

យោងតាមវិទ្យុសំឡេងសហរដ្ឋអាមេរិក (VoA) ​លោក​Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​​ថា​ និស្សិត​ទាំង​៦​នាក់​នោះ​អាច​បន្ត​ការ​សិក្សា​បាន​ ប្រសិន​បើ​ពួកគេ​អាច​រក​ថវិកា​បង់​ដោយ​ខ្លួន​ឯង​បាន​ ឬររដ្ឋាភិបាល​កម្ពុជា​ចំណាយ​ឱ្យ​ដោយ​ផ្ទាល់​។

លោក​ Arend ​បានបកស្រាយ​ តាម​សារអ៊ីម៉េល​ដូច្នេះ​ថា៖​ «បន្ទាប់ពី​កម្ពុជា​កាត់បន្ថយ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជាប្រពៃណី​រវាង​យោធា​ និង​យោធា ​គឺ​ប្រទេស​នេះ​បាន​បាត់បង់​ភាព​ស្របច្បាប់​ក្នុង​ការទទួល​បាន​កម្មវិធីសិក្សា​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក»។

ក្រោយ​ពី​​កម្ពុជា​​បាន​​លុប​ចោល​​សម​យុទ្ធ​​ប្រចាំ​​ឆ្នាំ​​ជាមួយ​​នឹង​​សហរដ្ឋ​អាមេរិក​​នៅ​​ដើម​​ឆ្នាំ​ ​២០១៧​ ​ហើយ​​រដ្ឋាភិបាល​កម្ពុជា​​ងាក​​ទៅ​​ជិតស្និទ្ធ​​ជាមួយ​​នឹង​​ ប្រទេស​ចិន​​កាន់​តែ​​ខ្លាំង​ សហរដ្ឋ​អាមេរិក​​បាន​​ផ្តាច់​​ជំនួយ​​ស៊ីវិល​ ​និង​​យោធា​​មួយ​​ចំនួន​​បន្ទាប់​​ពី​​អាជ្ញាធរ​​កម្ពុជា​​ចាប់​ខ្លួន​​មេដឹកនាំ​​គណបក្ស​ប្រឆាំង​​ និង​​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ​​ព្រម​ទាំង​​ធ្វើ​ទុក្ខ​​បុក្ខ​ម្នេញ​​អ្នក​រិះ​គន់​​បណ្តាញ​សារព័ត៌មាន​​ និង​​អង្គការ​​សង្គម​​ស៊ី​វិល​។

​និស្សិត ​៥នាក់​ក្នុង​ចំណោម​៦នាក់​ក៏​ធ្លាប់បាន​សរសេរ​លិខិត​ទៅ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​បាន​សិក្សា​ដល់​ចុង​បញ្ចប់​ដោយសារ​និស្សិត​ខ្លះ​បាន​សិក្សា​ដល់​ឆ្នាំ​ទី៤។ ​ពួកគេ​បាន​ចាត់ទុក​ថា​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដ៏​មានកិត្តិយស​ទាំងបួន​នឹង​ជួយ​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ​ និង​ការប្តេជ្ញា​កសាង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។ នេះយោងតាម VoA។

​យោងតាម VoA ដដែល និស្សិត​ទាំង​៦​រូប​ ដែលក្នុង​ចំណោម​នោះ​ មាន​និស្សិត​២ រូប​​កំពុង​សិក្សា​នៅ​បណ្ឌិត​សភា​យោធា​ជើងគោក​West Point  ២រូប​ទៀត​កំពុង​សិក្សា​នៅ​​បណ្ឌិត​សភា​ទ័ព​អាកាស​ ១រូប​ទៀត​នៅ​ផ្នែក​​កងទ័ព​ជើង​ទឹក​ ​និង​១ រូបចុង​ក្រោយ​​សិក្សា​ខាង​ឆ្មាំ​សមុទ្រ៕