កិច្ច​ប្រជុំ​ពិសេស​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន-រុស្សីនឹង​ត្រូវ​ចាប់​ផ្តើម​​នៅ​ថ្ងៃ​​អង្គារ​នេះ​ ដើម្បី​រំឮក​ខួប​អនុស្សាវរីយ៍​លើក​ទី២៥​នៃភាព​ជា​ដៃ​គូ​សន្ទ​នា​អាស៊ាន​-រុស្សី តាម​ប្រព័ន្ធ​វី​ដេអូ ក្រោម​ការ​សម្រប​សម្រួល​របស់​សាធារណៈរដ្ឋ​ឥណ្ឌូ​នេស៊ីនា​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយក​ដ្ឋាន​ព័ត៌​មាន​​ក្រសួង​ការ​បរទេស ​និង​សហប្រតិបត្តិ​ការ​អន្តរជាតិនៅ​ថ្ងៃទី​០៥​ ខែ​កក្កដា ​ឆ្នាំ២០២១នេះ​ បាន​ឱ្យ​ដឹង​ថា​​ ប្រទេស​កម្ពុជា​នឹង​ទទួល​តួ​នាទី​ជា​ប្រទេស​សម្រប​សម្រួល​ទំនាក់​ទំនង​ដៃ​គូសន្ទនា​អាស៊ាន-រុស្សី​​វិញ​ម្តង ​ចាប់​ពី​ខែ​សីហា ​ឆ្នាំ​២០២១​នេះ​។

​​ក្នុង​កិច្ច​ប្រជុំ​ពិសេស​​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន-រុស្សី​​នៅ​ថ្ងៃទី​០៦ ​ខែ​កក្កដា​ ឆ្នាំ២០២១​ ​ ប្រទេស​ឥណ្ឌូណេស៊ី គឺ​ជា​ប្រទេស​សម្រប​សម្រួល​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន-រុស្សី​ និង​សហព័ន្ធ​រុស្សី​នឹង​ធ្វើ​ជា​សហ​ប្រធាន​ដឹក​នាំ​កិច្ច​ប្រជុំ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេចក្តី ប្រកាស​ព័ត៌មាន​ខាង​លើ​នោះ។

រដ្ឋ​មន្ត្រី​ការ​បរទេស​និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិកម្ពុជា លោក ប្រាក់​ សុខុន គ្រោង​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែ​រ​នៅថ្ងៃ​ស្អែក​ដើម្បី​​នឹង​ពិនិត្យ​ឡើង​វិញ ​នូវ​សមិទ្ធ​ផល​នៃ​ទំនាក់​ទំនង​អាស៊ាន-រុស្សី​ដែល​សម្រេ​ច​បាន​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មក​នេះ។

សេចក្តីប្រកាស​ព័ត៌​មាន​ខាង​លើ​នោះ​​បាន​បញ្ជាក់​ថា អាស៊ាន​-រុស្សី​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មកនេះ​សម្រេច​បាន​សមិទ្ធផល​លើ​វិស័យ​ជា​ច្រើន​ដូច​ជា កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​នយោបាយ សន្តិ​សុខ ពាណិជ្ជ​កម្ម និង​សេដ្ឋ​កិច្ច ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​រវាង​ប្រជា​ជន និង​ប្រជា​ជន​ ព្រមទាំងបន្ត​តាម​ដាន​ការ​ងារ​ក្រោយ​កិច្ច​ប្រជុំ​ពិសេស​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​-រុស្សី​ស្តី​ពី​ជំងឺ​កូវីដ-១៩​កាល​ពី​ឆ្នាំ​មុន​ជាដើម។

គួរ​បញ្ជាក់​​​ថា កិច្ច​ប្រជុំ​ខាង​លើ​តាម​ប្រព័ន្ធ​វីដអូ​នេះ​ គឹ​ជា​​ការ​បោះ​ជំហាន​ទៅមុខ​បន្ថែម​ទៀត​នៅក្នុង​ភាព​ជា​ដៃ​គួ​យុទ្ធ​សាស្ត្រ​អាស៊ាន-រុស្សី សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​យូរ​អង្វែង​ ក្នុង​ខណៈ​ដែល​ពិភព​លោក​កំពុង​មាន​បញ្ហា​ប្រឈម​។ នេះ​បើ​តាម​​សេចក្តីក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​៕