ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​នៅ​ថ្ងៃ​ចន្ទនេះ ​បាន​ហាម​មិន​ឱ្យ​មានការ​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ពី​ក្រសួង​​យក​ទៅ​ធ្វើ​អាជីវកម្ម​បន្ត និង​អំពាវ​នាវ​ឲ្យ​​មានការ​រាយការណ៍ទៅ​ក្រសួង ប្រសិន​មាន​​​អ្នកយកទៅ​​លក់​បន្ត​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​នៅ​ថ្ងៃ​ទី​០៥ ​ខែ​កក្កដា ​ឆ្នាំ​២០២១​នេះ ​បាន​បង្ហោះ​សារ​របស់​ខ្លួន​ជា​សាធារណៈថា ការ​លក់​ឧបករណ៍តេស្ត​រហ័ស​អង់​ទី​ហ្សែន​កូវីដ-១៩​ក្នុង​តម្លៃ​ដើម​៣.៧​ដុល្លា​អាមេរិក​នេះ គឺ​​​ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​ សហគ្រាស រោងចក្រ ស្ថាប័ន​ពាក់​ព័ន្ធ​ចូលរួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​ឱ្យ​បាន​ទាន់​ពេល​វេលា​ប៉ុណ្ណោះ។ ក្រសួង​បន្ថែម​ថា ក្នុង​ករណី​ដែល​មាន​បុគ្គល​ណា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​ពី​ក្រសួង​យក​ទៅ​ធ្វើ​អាជីវកម្ម​បន្ត​នោះ​ ក្រសួង​សូម​ឱ្យ​រាយ​ការណ៍​មក​កាន់​លេខ​ទូរសព្ទ​ ០១២ ៩៨៨ ៨៩៨ ឬ ០៩២ ២២៤ ៤៥៤។

ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​ខាង​លើ​នោះ​បាន​បញ្ជាក់​ទៀតថា៖ «ក្រសួង​ប្រៃ​សណីយ៍​និង​ទូរគមនាគមន៍ សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ ក្រុម​ហ៊ុន​ សហគ្រាស រោង​ចក្រ ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ការ​ចូល​រួមទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​បាន​ទាន់​ពេល​វេលា​ដោយ​ទិញ​ឧបករណ៍​​តេស្ត​រហ័ស​អង់​ទី​ហ្សែន​កូវីដ-១៩​ក្នុង​តម្លៃ​ដើម​ត្រឹម​តែ​៣.៧​ដុល្លារ​ យក​ទៅ​ប្រើ​ប្រាស់​ក្នុង​អង្គភាព​ខ្លួន​ ហើយ​មិន​ត្រូវ​យក​ទៅ​លក់​បន្ត​ស្រប​តាម​ការ​ណែនាំ»។

គិត​ត្រឹម​ថ្ងៃទី​០៤ ​ខែ​កក្កដា ​ឆ្នាំ​២០២១​​ ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍​បាន​លក់​ឧបករណ៍​តេស្ត​រហ័ស​អង់​ទីហ្សែន​កូវីដ-១៩​បាន​ចំនួន​៤៦,៦៧៥ ជូន​២១០ក្រុម​ហ៊ុន ​និង​ស្ថាប័ន៕