ក្រសួង​ទូរគមនាគមន៍​ បានបង្ហាញ​ពី​វិធានការ​ការពារ​ ​និង​ទប់​ស្កាត់​​​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយ​ចោរ​ព័ត៌មាន​វិទ្យា​ ​ក្រោយ​រក​ឃើញ​ថាថ្មីៗនេះ​​មាន​ការ​គំរាម​កំហែង​ជំរិត​យក​ប្រាក់​ និង​ធ្វើ​ឱ្យ​អាប់​ឱន​ដល់​កិត្តិយស​តាមបណ្តាញ​​អ៊ីន​ធឺណេត​ដោយ​​​សារ​ការ​ឆ្លង​ចូល​​មេរោគ​ចាប់​ជំរិត​ (Ransomware) ។ ​

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ចេញ​នៅ​ថ្ងៃសៅរ៍​ ទី​៣ ខែ​កក្កដា​នេះ​បាន​បញ្ជាក់​ពី​សញ្ញា​អាសន្ន​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​ ដែល​កើត​មាន​ឡើង​នៅ​ពេល​ថ្មី​ៗ​ទៅ​នេះ​ ដោយ​ចោរ​តាម​ប្រព័ន្ធ​អ៊ីធឺណិត​​ និង​ធ្វើ​ឱ្យ​មេរោគ​ម៉្យាង​ឈ្មោះ​ «មេរោគ​ចាប់​ជំរិត» ដែល​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ ដែល​បណ្តាល​ពី​ទិន្នន័យ​ប្រើប្រាស់​ក្នុង​ដំណើរ​ការ​ប្រតិបត្តិការ​ត្រូវ​បាន​ធ្វើ​កូដនីយកម្ម​ (Encrypted)  រហូត​មិន​អាច​ប្រើ​ប្រាស់​បាន​ ក្រោយ​ត្រូវ​បាន​ឆ្លង​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នកប្រើ​ប្រាស់​​បាន​សម្រេច​។

ក្រសួង​បាន​ណែនាំពី​យុទ្ធសាស្រ្ត​ការពារចំនួន​៥​​ ទប់​ទល់​នឹង​ការ​រាត​ត្បាត​មេរោគ​ប្រភេទ​នេះ​តាម​ប្រព័ន្ធ​កុំព្យូទ័រដូចតទៅ​៖ «ប្រើ​ប្រាស់​កម្មវិធី​ដែល​មាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ​ (License Software) ដោយ​ជៀសវាង​ទាញ​យក​កម្មវិធី​តាម​អ៊ីនធឺណិត​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​។ ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ (Operating System) និង​កម្មវិធី​ទាំងអស់​ដែល​អ្នក​មាន​នៅក្នុង​កុំព្យូទ័រ​ឧបករណ៍​ចល័ត​របស់​អ្នក​ឱ្យ​បាន​ទៀង​ទាត់។ តំឡើង​កម្មវិធីកំចាត់​ និង​ទប់ស្កាត់មេរោគ​ (Anti-virus) និង​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​បាន​ប្រចាំ​។ មិន​ត្រូវ​ចុច​ទៅ​លើ​តំណ​ភ្ជាប់​ (Links) ឬបើកឯកសារ​ attachment ដែល​មិន​ស្គាល់​ប្រភព​ច្បាស់លាស់​នៅ​ក្នុង​អ៊ីមែល​។ ធ្វើ​ការ​ថត​ចម្លង​ទុក​ឯកសារ​ជា​ប្រចាំ​ (Regular Backup) និង​បិទ​ការតភ្ជាប់​អ៊ីនធឺណិត​ (Offline)»៊

​មេរោគ​នេះ​អាច​ឆ្លង​តាមរយ:កត្តា​៣ យ៉ាង​ដូចជា ៖ «១.ការ​ប្រើប្រាស់​សុសវែរ​មិន​មាន​អាជ្ញាបណ្ណ​ ២.​ការបើក​ឯកសារ​ភ្ជាប់​មក​ជា​មួយ​អ៊ីមែល​ ៣.​ការ​មិន​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​លើ​សុសវែ​ និង​កម្មវិធី​ប្រើប្រាស់​ជា​ដើម​»។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​ដដែល​របស់​ក្រសួង​។

ក្រសួង​បាន​បញ្ជាក់ និងក្រើន​​រំឮក​​ថា​ ប្រសិន​បើ​ចោរ​ព័ត៌មាន​វិទ្យា​​ចាប់​ចង្ខំ​ឱ្យ​បង់​ប្រាប់​ ដោ​យយក​លេស​ថា​​នឹង​បញ្ចេញឯកសារ​ទាំងអស់​ដែល​បាន​លួច​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​បុគ្គល​ ឬ​ស្ថាប័ន​នោះ​​ សូម​ជនរងគ្រោះ​កុំ​បង់​ប្រាក់​ទៅ​តាម​ការ​គំរាម​​​ពី​សំណាក់​ចោរ​ទាំង​នោះ​ ព្រោះ​មិន​ប្រាកដ​ថា​ នឹង​ទទួល​បានឯក​សារមក​វិញ​ទេ។ គប្បី​ទាក់​ទង​ទៅ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​តាម​រយ:គេហទំព័រ​ www.camcert.gov.kh ឬតាមរយ:អ៊ីមែល​ [email protected] ឬទូរស័ព្ទ​លេខ​ ០១៦ ៨៥១ ៦៧៨ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហានេះ​៕