ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​​ប្រជា​មានិតឡាវ ​នៅ​ថ្ងៃ​ចន្ទនេះ បាន​ជូន​ដំណឹង​ដល់​ប្រជាពល​រដ្ឋ​ ពលករ​ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ឡាវ​ទាំង​អស់​ឱ្យ​ប្រុង​ប្រ​យ័ត្ន ​និង​ការ​ពារ​ខ្លួនពី​ជំងឺ​កូវីដ​១៩​ អំឡុង​ពេល​រដ្ឋ​ធានី​វៀង​ចន្ទន៍​បន្ត​វិធានការ​បិទ​ខ្ទប់​១៤ថ្ងៃ​ទៀត​ ដោយ​សារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ ចេញ​នៅ​​ថ្ងៃ​ទី​០៥ ​ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ បាន​ឱ្យ​ដឹង​ថា ​រដ្ឋ​ធានី​វៀង​ចន្ទន៍​នឹង​បន្ត​បិទ​ខ្ទប់​១៤​ថ្ងៃ​ទៀត ​ចាប់​ពី​ថ្ងៃ​ទី​០៥ ​ខែ​កក្កដា ​ឆ្នាំ​២០២១ ​ដល់​ថ្ងៃ​ទី​១៩ ​ខែ​កក្កដា ​ឆ្នាំ​២០២១ ព្រោះ​តែ​ការ​​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​តែ​មាន​ក្នុង​សហគមន៍​។​ ក្នុង​នោះ រដ្ឋាភិបាលឡាវ​​​បន្ត​បិទ​​អាជីវកម្ម​ និង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន។

​ក្នុង​សេចក្តីជូន​ដំណឹង​ដដែល​បាន​បញ្ជាក់​ថា៖ «បន្តបិទកន្លែង​ស៊ីផឹក កាស៊ីណូ ការ៉ា​អូខេ កន្លែង​កំសាន្ត កន្លែង​ម៉ាស្សា ក្លឹប​កីឡាគ្រប់​ប្រភេទ ហាម​លក់​គ្រឿង​ស្រវឹង​ ហាម​ជួប​ជុំ​គ្នា​កុះករ​ ហាម​មិន​ឱ្យ​ពល​រដ្ឋ​ដែល​មិន​ទាន់​បាន​ទទួល​ចាក់​វ៉ាក់សាំង​កូវីដ១៩ ធ្វើ​ដំណើរ​តាម​រថយន្ត និង​ជិះ​យន្ត​ហោះ និង​ហាម​ចេញ-ចូល​តំបន់​ក្រហម»។

សេចក្តី​ជូន​ដំណឹង​នោះ​បាន​បន្ថែម​ថា បើ​ទោះ​បី​ជា​រដ្ឋ​ធានី​វៀងចន្ទន៍​​នៅ​បន្ត​ការ​បិទខ្ទប់​​១៤ថ្ងៃ​ទៀត​​ក្តី ប៉ុន្តែ​​រដ្ឋា​ភិបាល​ឡាវ​បាន​បន្ធូរបន្ថយ​​​វិធាន​ការ​មួយ​ចំនួន​​រួម​មាន ការអនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​ពាណិជ្ជកម្ម ផ្សារ​គ្រប់​ប្រភេទ​ កន្លែង​ហាត់​ប្រាណ រមណីយដ្ឋាន​ ភោជនីយដ្ឋាន មាន​កិច្ច​ប្រជុំ បើកសាលា​ដែល​មិនមាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ និង​អាចធ្វើ​ដំណើរ​ឆ្លង​ខេត្ត​តាម​រថយន្ត​ចំពោះ​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ១៩​បាន​ពីរ​ដូសរួច​ហើយ​ជា​ដើម៕​