សត្វតោចិញ្ចឹម ត្រូវបានប្រគល់ជូនម្ចាស់ជាជនជាតិចិនវិញ កាលពីថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្រោមលក្ខខណ្ឌ​ថាម្ចាស់​ត្រូវ​ធ្វើ​ទ្រុង​ឱ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ធានា​សុវត្ថិភាព​ទាំង​មនុស្ស​ក្នុង​ផ្ទះ​ និង​អ្នករស់​នៅ​ជិត​ខាង​។

លោក​ហ៊ុន​ សែន​ នា​យប់​ថ្ងៃអាទិត្យ​ ទី​៤ ខែ​មិថុនានេះ បាន​​សរសេរ​នៅ​​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន​ថា​ការ​សម្រេច​ចិត្ត​នេះគឺ ​ក្រោយពីមាន​ការពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម។

លោកបានសរសេរដូច្នេះថា៖ «អនុញ្ញាត​ឱ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​វិញ​ក្នុង​លក្ខខណ្ឌ​ម្ចាស់​ត្រូវ​ធ្វើ​ទ្រុង​ឱ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ធានា​សុវត្ថិភាព​ទាំង​មនុស្ស​ក្នុង​ផ្ទះ​ និង​អ្នករស់​នៅ​ជិត​ខាង​»។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី២៧ មិថុនា ​រដ្ឋបាល​ព្រៃ​ឈើ និង​ អង្គការ​សម្ព័ន្ធ​មិត្ត សត្វ​ព្រៃ​កម្ពុជា បាន​ដកហូត​យក​សត្វតោ​ឈ្មោល​​រស់​មួយ​ក្បាល​ពី​ជនជាតិ​ចិន​ម្នាក់​ ដែល​បាន​ចិញ្ចឹម​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​លំនៅឋាន​របស់​ខ្លួន​ នៅ​ក្នុង​សង្កាត់​បឹង​កេងកង ១ ក្រុង​ភ្នំពេញ ក្រោយ​ដឹង​ដំណើរ​ដើមចម​ថាសត្វ​តោ​នេះ ​ត្រូវ​បាន​បុរស​នេះ​​ទិញ​មក​ចិញ្ចឹម​ក្នុង​តម្លៃ ១ម៉ឺន​ដុល្លារ ក្នុង​មួយ​ក្បាល។

សត្វ​តោ​មួយ​ក្បាល​នេះ ជា​ប្រភេទ​សត្វ​តោ​មក​ពី​តំបន់​អាហ្វ្រិក ដែល​វា​ចូល​ចិត្ត​រស់​នៅ​ក្នុង​វាលស្មៅ។ នេះ​ជា​ការ​បញ្ជាក់​ពី​​​រដ្ឋបាល​ព្រៃ​ឈើ។

​​អ្នកស្រី​ ចក់​ សុភាព​ នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ប្រចាំកម្ពុជា (CCHR)​ ​បានស្នើ​ឱ្យ​​ដោះ​លែងសកម្មជន​បរិស្ថាន​ដែលកំពុងជាប់ឃុំ បន្ទាប់ពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សត្វតោ​ត្រឡប់​ទៅ​​ជនជាតិ​ចិន​ចិញ្ចឹម​នៅ​ផ្ទះ​វិញ​​។

​អ្នកស្រី​ ចក់​ សុភាព​ បានបង្ហោះសារ​លើ​គណនី​បណ្តេញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួននៅ​ថ្ងៃ​ចន្ទ​នេះ​​​ ដោយ​ភ្ជាប់​ជាមួយ​រូបភាព​កាន់​ក្រដាស​ដែល​សរសេរ​ថា «ខ្ញុំ​ស្រឡាញ់​បរិស្ថាន!​ ដោះ​លែង​​» ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ សុំ​ឱ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​ ​ជាមួ​យ​សារ​​​សម្តែង​ការ​​ខក​ចិត្ត​ដែល​រដ្ឋាភិបាល​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​ ផ្ទុយ​ទៅ​វិញ​បែរ​ជា​​ ​ដោះ​លែង​សត្វ​តោ​ ​ដោយ​ខុស​ច្បាប់​ ដោយ​មិន​មាន​ចំណាត់​ការ​ស៊ីប​អង្កេត​ណាមួយ​ច្បាស់​លាស់​មុន​ធ្វើ​ការសម្រេចចិត្ត។

អ្នកស្រី​បាន​បញ្ជាក់​ក្នុង​សារ​បង្ហោះ​នោះ​ថា​៖ «រឿង​សត្វ ​និង​ឈ្មួញ​ និង​លើ្មសយក​តោ​មក​ចិញ្ចឹម​ទាំង​បំពាន​ច្បាប់​ស្រុក​ខ្មែរ​ និង​ច្បាប់​ធម្មជាតិ​មិន​ត្រូវ​បាន​ស៊ើប​អង្កេត​ច្បាស់​ផង​​ ត្រូវ​សួរ​ថា​តោ​រត់​មក​ស្រុក​ខ្មែរ​ ឬហោះ​ចូល​ដោយ​របៀប​ណា​ហើយ​ច្បាប់​យើង​ចែង​យ៉ាង​ណា​ដែរ​ ហើយ​នៅ​មាន​សត្វព្រៃ​មួយ​ចំនួន​ទៀត​ដែល​អ្នក​មាន​មួយ​ចំនួន​យក​គ្នា​មក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​»។

«អស់​លោក​អ្នក​ដែល​សម្តែង​ក្តី​អាណិត​ពេល​តោ​ត្រូវ​បាន​រឹបអូស​យក​ទៅ​សួន​តា​ម៉ៅ​នោះ​ សូម​លោក​អ្នក​គួរ​ពិចារណា​ថា​តើ​តោ​នោះ​ត្រូវ​បាន​ឈ្មួញ​បំបែក​ពី​មេរោគ​យ៉ាង​ណា​ ដក​ចង្កូម​ ឬ​ក្រចក​គេ​យ៉ាង​ណា​ តើ​នោះ​ជា​ទង្វើ​នៃ​ក្តី​ស្រឡាញ់​ឬ​?»