បច្ចេក​វិទ្យាធ្វើ​ឱ្យវិស័យវេជ្ជសាស្ត្រ​កាន់​តែប្រសើរ​ឡើង​ ​មាន​ភាព​ជឿន​លឿន​ក្នុង​ការ​ព្យាបាល ​​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ​ការ​កត់ត្រា​ទិន្នន័យ ការ​វិភាគ​ទិន្នន័យ​ប្រកបដោយ​ភាព​ងាយ​ស្រួល និងជា​មធ្យោបាយ​​ទំ​នាក់​ទំនង​យ៉ាង​​រហ័សនិង​ចំណេញ​ពេលវេលា​។ ដល់ពេល​ហើយ​​ដែល​កម្ពុជា​ត្រូវ​ផ្លាស់​ប្រែ​ប្រព័ន្ធ​ថែទាំ​សុខ​ភាព​ពីធម្មតា​ទៅ​ជា​ប្រព័ន្ធ​ថែ​ទាំ​សុខ​ភាព​បែប​​ឌីជីថលដោយ​បង្កើត​ជំរើស​ថែម​ដើម្បី​​​បន្ថយ​របាំង​នៃ​ការគ្រប​ដណ្តប់​ការ​ផ្តល់​ថែទាំ​សុខភាព ការទទួលបាន​ការថែ​ទាំ​សុខភាព និង​ទំនើបកម្ម​ចំពោះ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព​នៅ​កម្ពុជា​។

Newsroom Cambodia បាន​សម្ភាសន៍ជាមួយ​អ្នកជំនាញ​សុខាភិបាល​ចំនួន​៦នាក់​ដែល​ជា​អ្នក​ជំនាញខាង​វេជ្ជសាស្រ្ត គោលនយោបាយ និង​ការ​គ្រប់​គ្រងអង្គភាព​ផ្នែក​វិស័យ​សុខាភិបាល​​ទាំង​វិស័យសាធារណៈនិងសង្គមស៊ីវិលតាមទូរស័ព្ទ និង​តាម​តេឡេក្រាម អំពីទស្សនៈយល់​ឃើញ​ជុំ​វិញ​ថា តើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​អាច​ធ្វើ​ទំនើប​កម្ម​ទៅ​ជា​ឌីជីថល​បាន​ដែរ​ ឬយ៉ាងណា។

មន្ត្រី​សុខា​ភិបាល​មក​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ធំ លោកស្រី​ អ៊ុន ផល្លា អាយុ ២៨​ឆ្នាំ​ ​បាន​មាន​ប្រសាសន៍ប្រាប់​Newsroom Cambodia ថា៖ «តាមយោបល់​របស់​ខ្ញុំ គឺ​អាចធ្វើ​បាន​ព្រោះ​ថា​បុគ្គលិកសុខាភិបាល​មាន​ចំណេះដឹង​ពី​របៀប​ប្រើ​ប្រាស់​កុំព្យូទ័រ ការ​ប្រើ​ប្រាស់​អ៊ីនធើ​ណែត ហើយ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជី​ថល​នៅក្នុង​ប្រព័ន្ធ​សុខាភិបាល​គឺជួយ​កាត់​បន្ថយ​ការប្រើ​ប្រាស់​ក្រដាស​ដែល​ចំណេញ​ដល់​បរិស្ថាន ជួយ​កាត់​បន្ថយ​ការ​ចំលង​រោគ​ អាចជួយ​រក្សា​ទិន្នន័យបាន​ល្អ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាញ​យក​ទិន្នន័យ​ដើម្បី​ធ្វើ​របាយការណ៍»។

ប្រធាន​មណ្ឌលសុខភាព​មួយរូប​មក​ពី​ខេត្ត​ពោធិ៍សាត់ លោក មាស​ តូច ​បាន​មាន​ប្រសាសន៍​យល់​ឃើញ​ថា​៖ «ទីមួយ​កាល​ណា​យើង​ធ្វើ​ទំនើប​កម្មទៅ​ យើង​មាន​ធនធាន​ព្រោះ​បុគ្គលិក​ភាគច្រើន​មាន​វ័យ​ក្មេង​ច្រើន ហើយ​បុគ្គលិក​ចាស់​ៗ​គាត់​អាច​យក​បុគ្គលិក​ក្មេងៗ​ទាំង​នោះ​មក​បង្រៀន​ ហើយ​បង្វឹក​ឱ្យ​ចេះ​បាន ហើយ​ម្យ៉ាង​ទៀត​មិន​សំខាន់​ថា​បុគ្គលិកមាន​វ័យ​ចាស់​ឬ​ក៏​ក្មេង​ទេ កាល​ណា​ថ្នាក់​លើ​ដាក់​ការងារ​ឱ្យ​ធ្វើ​គឹ​ថា​គាត់​នឹង​ធ្វើ​តាម មានន័យ​ថា​គាត់​ប្រឹង​រត់​តាម​»។

លោក​បាន​បន្តទៀត​ថា៖ «ប៉ុន្តែ​យើង​នឹង​អាច​ពិបាក​លើ​ការ​ធ្វើ​ទំនើប​កម្ម​លើ​ផ្នែក​សម្ភារៈ ព្រោះ​ដើម្បី​ធ្វើ​ឱ្យ​វា​ជឿន​លឿន​ ត្រូវ​ចំណាយ​ថវិការ​ច្រើន ហើយ​រឿង​នេះ​វា​ពាក់​ព័ន្ធ​ជាមួយ​នឹង​ក្រសួងសុខា​ភិបាល ​ឬក៏រដ្ឋា​ភិបាល​ថា​តើ​លោក​អាច​ជួយ​សម្ភារៈទាំងអស់​ហ្នឹង​បាន​អត់»។

ប្រធាន​សមាគមគិលានុបដ្ឋាក​កម្ពុជា លោក​ស្រី​ ប្រាក់​ ម៉ានីឡា៖ «បងស្រប​ជាមួយ​នឹង​ប្រព័ន្ធ​សុខភាព​ឌីជីថល​នៅកម្ពុជាដែល​អាច​នឹង​ធ្វើ​ទំនើប​កម្មបាន ហើយ​បង​យល់​ថា​វាដល់​ពេល​វេលា​ដែល​យើង​ត្រូវ​ផ្លាស់​ប្តូរ​មក​ជា​ប្រព័ន្ធ​ថែ​ទាំសុខភាព​បែ​បឌីជីថល​ហើយ ប៉ុន្តែ​វាមិនមែន​អាចទៅរួច​បាន​គ្រប់​ករណីទេ ឧទាហរណ៍ថា ដូច​ផ្នែក​ជំងឺ​ធ្ងន់ ឬផ្នែក​សង្គ្រោះ​បន្ទាន់​ជាដើម​យើង​មិន​អាច​ធ្វើ​បាន​ឌីជីថល​បាន​ទេ លើក​លែង​តែ​ករណីពិគ្រោះ​ជំងឺ​ក្រៅ​ ទើ​បយើង​អាច​ធ្វើទំនើប​កម្ម​ទាំង​ស្រុង​បាន ដូចជា​ការ​តំឡើង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យាខ្លះ​ដោយ​គ្រាន់​តែ​ថត​រូប​រោគ​សញ្ញា​នៅលើ​ស្បែក​ហើយ​គេ​អាចធ្វើ​រោគ​វិនិច្ឆ័យបានដែរ​»។

លោក​ស្រី​បាន​មានប្រសាសន៍ទៀត​ថាការ​នេះ​ត្រូវ​ការ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ តែ​មិន​អាច​ប្រើ​ប្រាស់​បាន​គ្រប់​ពេល​វេលានោះទេ។

លោកស្រី​បន្តថា៖ «ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​ករណី​យើង​ផ្លាស់ប្តូរបែប​ហ្នឹង​គឺ​ពិត​ជា​មធ្យោបាយ​មួយ​ងាយ​ស្រួល​មក​ដល់​ប្រជា​ជន នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ដូច​ជា​មិន​ចាំ​បាច់​ចំណាយ​ពេល ថវិការដើម្បី​ធ្វើ​ដំណើរ​មក​កាន់​មន្ទីរពេទ្យ តែវា​នៅ មាន​រប៉ាំង​ជាច្រើន​»។

លោក​ស្រីពន្យល់​ថា​យ៉ា​ង​ហោច​ណាស់​ប្រជា​ពលរ​ដ្ឋ​ត្រូវ​មាន​ទូរស័ព្ទ​ឆ្លាតវៃ​ប្រើ​ប្រាស់​ប្រព័ន្ធ​ថែ​ទាំង​សុខភាព​បែ​បឌី​ជីថល ជាពិសេសគឺ​ផ្តោត​លើ​​ប្រជាពលរដ្ឋ​ក្រី​ក្រឱ្យ​បាន​ច្រើ​នជាង​ ដោយ​សារ​តែ​យើង​ចង់​បាន​ការ​គ្រប​ដណ្តប់​សុខ​ភាព​ជា​សាកល។

នាយក​មន្ទីរពេទ្យកុមារ​អង្គរ លោក​វេជ្ជ​បណ្ឌិត​ ងួន​ ច័ន្ទ​ភក្ត្រា បាន​បញ្ចេញ​ការ​យល់​ឃើញ​ថា៖ «ខ្ញុំគិត​ថា​កម្ពុជាយើង​នៅថ្ងៃ​មុខ អាច​ប្រែជា​​ប្រព័ន្ធ​សុខាភិបាល​ឌីជីថល​បាន ព្រោះ​ថា​យើង​ត្រូវ​តែ​​ដើរ​ឱ្យ​ទាន់​សម័យ​កាល​ដើម្បី​ដើរ​តាម​បច្ចេកវិទ្យា​ ហើយ​ប្រព័ន្ធ​ថែ​ទាំង​សុខភាព​តាម​បែ​ប​ឌីជីថល​ហ្នឹង​មាន​សារៈសំខាន់ វា​ផ្តល់​ប្រសិទ្ធិភាព​ជាមួយ​នឹង​ភាព​ច្បាស់​លាស់ ពាក់ព័ន្ធ​នឹង​ឯកសារអ្នក​ជំងឹ ការ​រក្សាទិន្នន័យ ហើយ​វា​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ធ្វើ​ដោយ​ដៃ​នា​ពេល​បច្ចុប្បន្ន​ ជួយ​ទុក​ដាក់​ឯកសារ​បាន​ត្រឹម​ត្រូវ​ សន្សំពេល​វេលាធ្វើ​ការ និង​ការ​ប្រើ​ប្រាស់​ធន​ធាន​មាន​ប្រសិទ្ធិភាព​ល្អ»។

អនុបណ្ឌិត​សុខភាព​សាធារណៈផ្នែក​អេពី​ដេមីសាស្ត្រ​ លោក អ៊ុំ សុភ័ក្តិ ដែល​កំពុង​បម្រើ​ការ​ងារ​នៅ​នៅ​មន្ទីរពេទ្យ​ជាតិ​កាល់​ម៉ែត្រ​យល់​ឃើញ​ថា៖ «ខ្ញុំគិត​ថា​អាច​ធ្វើ​ទំនើប​កម្ម​បែ​បឌីជីថល​ហ្នឹង​បានដោយ​ផ្នែក​ខ្លះ ផ្នែក​ខ្លះទៀត​គឺ​នៅ​តែ​រក្សា​ដដែល​ទេ ឧទាហរណ៍​ថា ការ​ធ្វើទម្រង់​ការ​ស្កេន ថត​កម្មរស្មី​អ៊ិច ឬ​ក៏​ធ្វើ​អេកូសាស្ត្រ​អី​នេះ យើង​អាច​ផ្ញើ​រូប​ភាព​តាម​ប្រព័ន្ធ​អ៊ីន​ធើណែត​ ឬ​លទ្ធផល​ឈាម​ជាដើម។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សម្រាប់​ការ​ត្រូ​វមកពិនិត្យ​ គឺ​យើង​មិន​អាច​ធ្វើ​តាម​ឌីជីថល​បាន​ទេ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «​មួយ​ទៀត​ការ​ធ្វើ​ទំនើប​កម្មប្រព័ន្ធ​ថែ​ទាំង​សុខភាព​ទៅ​ជា​ឌីជីថល​នេះ​ វាមាន​ភាពងាយ​ស្រួល​ក្នុង​ការវិភាគ​ទិន្នន័យផ្សេងៗ ដើម្បី​យើង​ស្វែង​រក​មូល​ហេតុ​ណា​មួយ​ជាក់​ស្តែង​បាន​ ហើយ​យើង​អាច​រក្សារ​ទុក​ទិន្នន័យ​មួយ​បាន​យូរ​ដែរ»។

លោក​ អ៊ុំ សុភ័ក្តិ​បាន​បន្ត​លើក​ឡើង​ថា​៖ «ការ​ប្រើ​ប្រព័ន្ធ​ឌីថល​នេះ​ត្រូវ​គិត​ដល់​សុវត្ថិភាព​នៃ​ទិន្នន័យ ហើយនឹង​របៀប​រក្សា​ទុក​ទិន្ន័យ​កុំ​ឱ្យ​បាត់​បង់​ ការពារ​ការ​លួច​ទិន្នន័យ​ ហើយ​នឹង​ការ​ចំណាយ​ថ្លៃ​ខ្ពស់​អ្នក​ជំនាញ​ចំនួន​ច្រើន»។

អនុប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង លោក សៀ ប៊ុនយឿ បាន​មាន​ប្រសាសន៍ថា៖ «អាច​ធ្វើ​បាន​ ដោយ​ចាប់​ផ្តើម​ពី​គម្រោង​សាកល្បងតូច​មួយ​ជា​មុន​សិន ដោយ​ត្រូវ​ជ្រើ​ស​រើស​គំរូជា​មុន​សិននៅកន្លែង​ណា​ដែល​មាន​ធន​ធាន​មនុស្ស​ដែល​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ជាពិសេស​ធន​ធាន​ក្មេង​ៗ​ដែល​ទើប​ប្រឡង​ជាប់​ចូល​បម្រើ​ក្របខ័ណ្ឌ​មន្ត្រី​សុខា​ភិ​បាល​ដែល​ទើប​ចប់​ពី​សាកល​វិទ្យា​ល័យ​ ពួក​គេ​អាច​ប្រើ​ប្រាស់​កុំព្យូទ័រ​ ហើយ​មួយ​ទៀត​រើស​យក​ទីណា​ដែល​មាន​អតិថិជន​ប្រើ​ច្រើន ជាតំបន់​ទី​ប្រជុំ​ជន​ មាន​ថ្នាក់​ដឹក​នាំ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាដើម្បី​ជំរុញ​ការងារ​របស់​ស្ថាប័ន​»៕