មន្រ្តី​ជំនាញ​លើកឡើង​ថា ស្ថាប័ន​ពាក់ព័ន្ធ​នៅ​កម្ពុជា​កំពុង​សិក្សា និង​រៀបចំ​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់ ពាក់ព័ន្ធនឹង​​ការ​សាងសង់​សំណង់​លើ​ទឹក​ដី​ថៃ ​ដែល​មាន​រចនាបថ​ចម្លង​តាម​​ប្រាសាទ​​អង្គរវត្ត​។​

ការ​លើកឡើង​របស់​មន្រ្តី​ជំនាញ​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​បាន​ប្រតិ​កម្ម​​អំពី​រូប​ភាព​ប្រាសាទ​មួយ​​ដែល​ថៃកំពុង​សាងសង់​​​​ក្នុង​ខេត្តបុរីរម្យ ដោយ​ចម្លង​តាម​រចនា​បថ​ប្រាសាទ​​អង្គរវត្ត​នៅកម្ពុជា​​។

លោក អ៊ឹម សុខរឹទ្ធី​ ប្រធាននាយក​ដ្ឋាន​បុរាណវិទ្យា និងស្រាវជ្រាវ​នៃអាជ្ញាធរជាតិអប្សរា បាន​សម្តែង​ការ​រីករាយ​ចំពោះការ​ដែល​ចេះ​ឈឺឆ្អាល​ និង​គិតគូរ​ពី​សំណាក់​​ប្រជាពលរដ្ឋខ្មែរដែល​បង្ហាញ​ការ​ទាមទារ​តាម​រយ:បណ្តាញ​សង្គម​ក្នុង​ពេល​ថ្មីៗ​នេះ។ លោក​បាន​ប្រាប់​​​ Newsroom Cambodia នៅ​ថ្ងៃសុក្រ​នេះ​ថា​៖ «ខ្ញុំយល់​ថា​វា​ជា​ការងារ​ត្រឹមត្រូវ​។ បន្ទាប់មក​ទៀត​ យើង​ត្រូវ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​បន្តិច​ ដើម្បី​កុំ​ឱ្យ​ការ​ជាតិ​និយម​របស់​យើង​ទៅ​មុខ​ វា​ជ្រុល​លើស​ពី​បន្ទាត់ក្រហម​។ យើង​ត្រូវ​ធ្វើ​ការ​ប្រតិកម្ម​តាម​របៀប​អ្នកចេះ​ របៀប​អ្នករៀន​សូត្រ​ របៀបអ្នកស៊ីវីល័យ​ មិន​មែន​ជា​​របៀប​​អ្នកកាប់ចាក់​»។

លោក​ សុខរឹទ្ធី​ បាន​បន្ថែម​​ថា​ រាជរដ្ឋាភិបាល ​និង​ក្រសួង​ពាក់ព័ន្ធមិន​បាន​ប្រងើយកន្តើយ​ទៅ​លើ​ការ​សាងសង់ប្រាសាទ​នៅ​ប្រទេស​ថៃ​ ដែល​មានការ​លើកឡើង​​ថាលួច​ចម្លង​តាម​ក្បាច់​ប្រាសាទ​អង្គរវត្ត​នោះទេ​។ លោក​ថា ក្រសួងកំពុង​​ចាត់វិធានការ​​ឱ្យ​មាន​ការ​រៀបចំ​ឯកសារ​ក្នុង​ការ​តវ៉ា និង​ចាត់​អ្នកជំនាញ​ និង​អ្នកតំណាង​​កម្ពុជា​​​ទៅ​ត្រួតពិនិត្យ​ផ្ទាល់​ផង​ដែរ​​។

លោកបញ្ជាក់ថា៖​ «ដើម្បីឱ្យលឿនយើងត្រូវមានតំណាងរដ្ឋាភិបាលយើងដែលជាទូតនៅប្រទេសថៃនោះ លោកបានចុះទៅមើលផ្ទាល់ហើយ។ [….] មកដល់ថ្ងៃនេះយើងមិនទាន់បានព័ត៌មានទេ ប៉ុន្តែខ្ញុំជឿថាយើងធ្វើក្នុងក្របខណ្ឌច្បាប់អន្តរជាតិហើយ យើងបានអនុវត្តនៅក្នុងច្បាប់រួចហើយ»។

មន្រ្តី​អាជ្ញាធរជាតិ​អប្សរា​ប្រចាំនៅ​ខេត្ត​សៀមរាបរូប​នេះ​បាន​​អំពាវនាវ​ ឱ្យ​សាធារណ​ជនទាំ​ងអស់​មិន​គួរ​មាន​ការ​ព្រួយបារម្ភ ស្លន់ស្លោរ​ឡើយ​។ លោក​​ថា ប្រទេស​កម្ពុជា​នឹង​មិនទទួល​រង​ផល​ប៉ះពាល់​​ផ្នែក​​ទេសចណ៍​នោះទេ​ ដោយ​ភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិ​នៅ​តែ​ចង់​មក​ទស្សនា​ស្នាដៃ​​ដ៏​អស្ចារ្យ​​នៃ​ប្រាង្គប្រាសាទ​បុរាណ​តាំងពី​បុរាណ​កាល​ ដែល​ជា​ស្នាដៃដើមពិតៗ​ ជាជាង​​ការ​ទៅ​ទស្សនា​ប្រាសាទ​ដែល​ទើបនឹង​កែច្នៃ​ថ្មី​ធ្វើពី​ស៊ីម៉ង់នោះ​។

បើតាម​លោក អ៊ឹម សុខរឹទ្ធី ប្រាសាទ​អង្គរវត្ត​មិន​ត្រឹម​តែ​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជា​សម្បត្តិ​រួម​របស់​ពិភពលោក​ទាំង​មូល​ដែល​ចាំបាច់​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ថែរក្សា​ទាំងអស់គ្នា​ ។ អាស្រ័យ​ទៅ​តាមការ​វាយ​តម្លៃ​នៃ​សម្បិត្តិបេតិកភណ្ឌពិភពលោក​ ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​​ចំណាត់ថ្នាក់​ឈានមុខគេបង្អស់​​ក្នុង​ចំណោម​ប្រាសាទ​ល្បីៗ​ឯទៀត​ ហេតុនេះ​ពិភព​លោក​បាន​ទទួល​ស្គាល់​រួច​មក​ហើយ​ថា​នេះ​ជា​សម្បត្តិជាតិ​របស់​កម្ពុជា​ ព្រមទាំ​ង​ទទួល​បាន​ការ​យកចិត្តទុកដាក់ ថែរក្សា ការពារ​ ប្រាង្គប្រាសាទ​ពី​សំណាក់​អង្គការ​អន្តរជាតិ​ជាច្រើន​ តួយ៉ាង​ដូចជា​អង្គការ​យូណេស្កូ​ ( UNESCO ) ជាដើម​ ដែល​បន្ត​ការពារ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​មកទល់ពេល​បច្ចុប្បន្ន​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងវិចិត្រសិល្ប: នៅ​ថ្ងៃពុធ ទី​៧ ខែ​កក្កដា​ សប្តាហ៍​នេះ​បាន​បកស្រាយ​ពី​ហេតុ​ផលធំៗ៣ ដែលទទួល​បាន​ពី​​​ភាគី​ប្រទេស​ថៃ ពាក់ព័ន្ធ​ទៅ​នឹង​ការ​សាងសង់​ប្រាសាទ​​ដែល​ប្រជាពលរដ្ឋកម្ពុជា​យល់​ថា​ជា​ការ​លួច​ចម្ល​ង​តាម​រចនាបទ​នៃ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​ បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​​លើ​បណ្តាញ​សង្គម​ (Facebook) នៃ​រូបភាព​​​ប្រាសាទមួយ​​ដែល​កំពុង​សាងសង់​នៅ​លើទឹក​ដី​ខេត្ត​បុរីរម្យ​ នៃ​ប្រទេស​ថៃ​​រួចមក។

ហេតុផលទី​១ ប្រាសាទ​នេះគឺ​ដូច​ទៅ​នឹង​ប្រាសាទ​ដទៃទៀត​ ពោល​គឺសាងសង់​ក្នុង​គោលបំណង​សម្រាប់គោរព​បូជា​នៃ​ព្រះពុទ្ធសាសនាធម្មតា​ ដែល​មាន​ការ​ចាក់​បេតុង​បង្កប់​ដែក​ពី​ក្នុង​ និង​ធ្វើពីថ្មភក់​ពី​ក្រៅ​។

ហេតុផលទី​២ មានការអះអាងពី​ព្រះចៅអធិការវត្ត​ថា ឯកសារ ប្លង់​ប្រាសាទ​នេះ​គឺ​ត្រូវបាន​រចនា​ និង​គូសដោយ​ដោយខ្លួនឯងតាម​ម៉ូត​នៃ​ស្ថាបត្យកម្មរបស់ប្រាសាទលើទឹកដី​ប្រទេស​ថៃ ដោយ​បដិសេធថា​ខ្លួន​មិន​បាន​លួច​ចម្លង​តាម​រចនាបថនៃ​ប្រាសាទ​អង្គរវត្ត​នៅ​កម្ពុជាឡើយ​។

ហេតុផលទី​៣​ ភាគី​ថៃមិនខ្លាច​ក្នុង​​ការ​បើក​ឱ្យ​មន្រ្តីជំនាញ​ផ្នែក​ស្ថាបត្យកម្ម​នៅ​កម្ពុជា​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ ដើម្បី​ស្រាយ​បំភ្លឺ​ការ​សង្ស័យ​ដែល​កម្ពុជា​មាន​ ។​

លោក ឡុង​ ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌និង​វិចិត្រសិល្ប: នៅថ្ងៃព្រហស្បតិ៍​នេះ​ បាន​ប្រាប់ Newsroom Cambodia តាមទូរស័ព្ទថា​ លោក​សុំ​មិនធ្វើការអធិប្បាយលម្អិត​​​ជុំវិញ​​បញ្ហានេះទេ ប៉ុន្តែ​លោក​បានបញ្ជាក់​ថា ​ក្រសួង​នៅ​តែ​បន្ត​ចាំតាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ និង​ពិនិត្យ​បន្ថែម​ពី​ប្រាសាទ​ដែលកំពុង​សាងសង់នៅ​ខេត្ត​បុរីរម្យ​ នៃ​ប្រទេស​ថៃ​ដោយផ្ទាល់ ដោយ​រងចាំ​ពេល​​ដែល​ជំងឺកូវីដ​-១៩ ប្រសើរឡើង​​បន្តិច​ ដោយ​​សារ​បច្ចុប្បន្ន​ប្រទេសកម្ពុជា និង​ប្រទេស​ថៃ​ក៏កំពុង​រងការ​រាតត្បាត​ធ្ងន់ធ្ងរនៅឡើយ។

Newsroom Cambodia បាន​ទាក់ទងទៅ​អង្គការ​ UNESCO ប្រចាំនៅ​កម្ពុជា​ពាក់ព័ន្ធទៅ​នឹង​រឿង​នេះ​ដែរ ប៉ុន្តែ​តំណាង​​អង្គការ​​បានបញ្ជាក់​​​ថា​ មិន​ទាន់​មាន​អ្នកជំនាញ​ណា​អាច​ផ្តល់​ព័ត៌មាន​ពី​រឿង​សាងសង់ប្រាសាទ​នេះ​បាន​នៅឡើយ​។

លោក​ សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​ មានប្រសាសន៍​ថា ​ការសាសងសង់​ប្រាសាទ​នៅខេត្ត​បុរីរម្យ​ ​ប្រទេសថៃ​នេះ​ មិនមែន​ជា​ការ​សាងសង់​ប្រាសាទអង្គរវត្ត​នោះទេ។​

លោកលើកឡើង​ថា៖ «ប្រាសាទ​អង្គរវត្ត​សាងសង់​នៅ​សតវត្សទី​១២ នៅ​ឆ្នាំ​១១១៣ ដល់​ឆ្នាំ​១១៥០ នៃ​ព្រះបាទ​សូរ្យវរ្ម័នទី​២ នៅ​សម័យ​អង្គរ​ឯណោះ។ ដូច្នេះ​សួរ​ថា តើ​ប្រាសាទ​នេះ​ធ្វើ​ឡើង​ដោយ​ម៉ាស៊ីន​អត់? បោះពុម្ព? ធ្វើ​ដោយ​ដៃ?​ [….] ដោយ​គិត​ពី​អាយុកាល និងពេលវេលា និយាយ​ពី​ថ្មគឺ​ប្រាកដ​ជាខុស មិនត្រឹម​តែ​ប៉ុណ្ណឹង​ទេគឺ​គេ ​(ប្រទេសថៃ) យកថ្ម​ទៅ​ធ្វើមែន​ពិត​ ក៏ប៉ុន្តែ​គេ​យក​ស៊ីម៉ង់​ទៅ​ឱប​ ទៅ​ទ្រ ទៅ​សង្កត់​ អញ្ចឹង​សួរថា​ដូចគ្នាកន្លែង​ណា?»។

សាស្ត្រាចារ្យ​ប្រវត្តិសាស្រ្តរូបនេះ​​ បាន​ផ្តាំផ្ញើទៅ​​​ប្រជាពលរដ្ឋខ្មែរ​កុំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហានេះ​ដោយ​លោក​លើកឡើង​ថា ប្រទេស​នីមួយៗ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ច្នៃប្រឌិតថ្មី ប៉ុន្តែ​បើ​យើង​មាន​ច្បាប់​ការពារ​យើងអាច​យក​មក​និយាយបាន។ លោក​បន្ថែម​​ថា​ ​អ្វី​ដែល​ចាំបាច់​បំផុត​គឺ​បន្ទាប់ពី​រំងាប់​ការព្រួយបារម្ភភ័យ​ព្រួយ​​របស់​ប្រជាជន​កម្ពុជាហើយ គឺត្រូវ​បំប្លែង​ទៅ​ជាការកម្លាំង​ចិត្ត​ក្នុងការ​ខិតខំរៀនសូត្រ​ ​ ពង្រឹង​ឡើង​វិញនូវ​សមត្ថភាព​ចំណេះដឹង​របស់ខ្លួន​បន្ថែម ​ហើយ​បង្កើត​ច្បាប់​​សម្រាប់​ការពារ​ពី​ការ​ថតចម្លងតទៅទៀត​។

យោងតាមការចុះផ្សាយលើគេហទំព័ររបស់វិទ្យុបារាំងកម្ពុជាក្នុងចំណងជើងថា «តើការចម្លងប្រាសាទអង្គរវត្តជាការរំលោភកម្ម​សិទ្ធិបញ្ញាដែរ ឬទេ?» កាលពីឆ្នាំ២០១២ បានបង្ហាញថា៖ «នៅក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ ប្រាសាទអង្គរវត្ត ដែលត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទទួលបាននូវការការពារពីសំណាក់ អនុសញ្ញា ឆ្នាំ១៩៧២។ ក៏ប៉ុន្តែអនុសញ្ញានេះមានចែងតែអំពីការការពារ និងការអភិរក្សប្រាសាទ កុំឲ្យបាក់បែក ឬខូចខាតតែប៉ុណ្ណោះ មិនមានចែងអំពីការការពារស្នាដៃស្ថាបត្យកម្ម ពីការថតចម្លងនោះទេ»។

គួរបញ្ជាក់ផងដែលថា ការចម្លងសម្បត្តិវប្បធម៌ ដែលជាបេតិកភណ្ឌពិភពលោក មិនមែនទើបតែកើតមានលើប្រាសាទអង្គរវត្តរបស់កម្ពុជានៅពេលនេះទេ។ កាលពីឆ្នាំ២០១២ ឥណ្ឌាក៏គ្រោងសាងសង់សំណង់ដែលមានរចនាបថដូចជាប្រាសាទអង្គរវត្តផងដែរ។ ចំណែកសំណង់ Tour Eiffel Stonehenge និង Parthenon ជាដើម ក៏មានការសាងសង់ចម្លងជាហូរហែ៕