ក្រសួងសុខាភិបាល​ នៅថ្ងៃចន្ទ​​​នេះ បាន​ណែនាំ​ពីគោលការណ៍​អនុវត្ត​សម្រាប់​អ្នក​កើត​ជំងឺ កូវវីដ​១៩ និង​​​​​ណែនាំ​ពី​វិធី​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​ ទាំង​អ្នក​គ្មាន​រោគ​សញ្ញា​ និង​កម្រិតស្រាល​ នៅតាមផ្ទះ​។

យោងតាមសេចក្តីណែនាំ​​​ដែលបានចេញផ្សាយនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សុខា​ភិបាល​​​ នៅ​ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ​២០២១​ បញ្ជាក់ថា​​អ្នកដែល​មាន​រោគសញ្ញាកូវីដ១៩​ ដូចជា​អស់កម្លាំង​ ឬហត់បន្តិចបន្ទួច​ ឬមិនស្រណុកក្នុងខ្លួន​ សម្រាប់​ការព្យាបាល គឺ​គ្រាន់​តែ​បរិភោគ​អាហារ​មាន​ជីវជាតិគ្រប់​គ្រាន់​ដូចជា​ សាច់​ បន្លែ​ ផ្លែឈើ​ ហើយត្រូវពិសារទឹកឱ្យបានច្រើ​ន​ និងសម្រាកឱ្យបានច្រើន។

សម្រាប់អ្នកមាន​ អាការៈ​ដូចជាក្តៅខ្លួន​ ឬឈឺក្បាល​ ឬឈឺបំពង់ក​ ឬឈឺសាច់ដុំ​ ឬឈឺសន្លាក់​ ចំពោះការព្យាបាលមនុស្សពេញវ័យ ឬ​កុមារ​ចាប់​ពី​៣០គីឡូក្រាម​ឡើ​ង​ ត្រូវប្រើ​ប៉ារ៉ាសេតាមុល​៥០០​មីលីក្រាម ៣ដងក្នុងមួយថ្ងៃ។​ កុមារដែលមានទំងន់​ចាប់ពី២០ រហូតដល់២៩គីឡូក្រាម​​ ត្រូវប្រើ​ប៉ារ៉ាសេតាមុល៣០០មីលីក្រាម ៣ដងក្នុងមួយថ្ងៃ។

ចំពោះអ្នកមានអាការ:តឹងច្រមុះ ឬផ្តាសាយ​ ឬហៀរសំបោរ​ ឬក្អក ​(មានស្លេស ឬ​គ្មានស្លេស)​ សម្រាប់ការព្យាបាលចំពោះមនុស្ស​ពេញវ័យ​ ឬកុមារអាយុចាប់ពី៦ឆ្នាំឡើងទៅ​ ត្រូវ​ប្រើ​ប្រូម៉ិចស៊ីន​ ៨មីលីក្រាម ៣ដងក្នុងមួយថ្ងៃ​ ឬសេទីរីហ្សុន​ ១០មីលីក្រាម​​ ១ដងក្នុងមួយថ្ងៃ។ សម្រាប់​មនុស្សពេលវ័យ​ ត្រូវប្រើថ្នាំគ្រាប់​ លៀនហ័រ​ ឈីងវីន​ (​Lanhua Qngwen Capsules) លេបចំនួន៤​គ្រាប់ក្នុង១ដង​ និងចំនួន៣ដងក្នុង១ថ្ងៃ។

យោងតាមការណែនាំរបស់ក្រសួងសុខាភិបាលដដែល​​ បានបញ្ជាក់ទៀត​ថា​សម្រាប់​​អ្នក​គ្មាន​រោគ​សញ្ញា​ដូចជា​ ក្អក​ ហៀរសំបោរ​ ឈឺបំពង់ក​ ពិបាកដកដង្ហើ​មកំដៅតិចជាង​ ឬស្មើ៣៧.៥​ ពុំចាំបាច់ប្រើឱសថទេ។

នៅក្នុងសេចក្តីណែនាំខាងលើក៏បានណែនាំពីគោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ១៩នៅតាមផ្ទះ​ផងដែរ​ គឺត្រូវដាក់ជំងឺឲ្យដាច់ដោយឡែកពីគ្រួសារ​ នៅក្នុង​បន្ទប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ល្អ​ និងមានបន្ទប់ទឹកបង្គន់ខាងក្នុង​។ បរិភោគ​អាហារ​ និង​ប្រើប្រាស់​សម្ភារ:​បរិក្ខារ​ដាច់​ដោយ​ឡែក​ពីគ្រួសារ។  ខ្ចប់​សំណល់​ពី​ការប្រើប្រាស់ក្នុងស្បោងប្លាសស្ទិកឱ្យបានត្រឹមត្រូវ​ ដាក់ដាច់ដោយ​ឡែកពីសំរាមរបស់សមាជិកគ្រួសារដទៃទៀត​ ទុកឱ្យ​មាន​សុវត្ថិភាព​រយ:ពេល​៧​២​ម៉ោងមុននឹងយកទៅដាក់នៅកន្លែងប្រមូលសំរាម។

អ្នកជំងឺត្រូវពាក់ម៉ាសជាប់ជានិច្ច​ លាងដៃជាមួយអាល់កុល​ ឬលាងជាមួយ​សាប៊ូ និង​ទឹក​ជា​ប្រចាំ​ ត្រូវរក្សាគម្លាតពីសមាជិកគ្រួសារយ៉ាងតិច២ម៉ែត្របើ​ត្រូវពិភាក្សាគ្នា។

​ប្រសិនបើមានរោគសញ្ញាអាសន្នត្រូវឆាប់ទាក់ទងមកគ្រូពេទ្យដើម្បីព្យាបាល​ ដែល​មាន​អាការ​:​ដូចជា​ ហត់ ឬពិបាកដកដង្ហើម​ ឈឺទ្រូងខ្លាំង​ និងភ្លាមៗ វង្វេងស្មារតី​ បាត់មាត់បាត់ក​ បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​។ អ្នកជំងឺត្រូវតាមដានសុខភាពផ្ទាល់ខ្លួន​ ដោយវាស់កំដៅរៀងរាល់ព្រឹក​ និងល្ងាច​ ថែរក្សា​​សុខភាពផ្លូវកាយ និងផ្លូវចិត្ត​ រក្សា​ទំនាក់ទំនងជាមួយគ្រូពេទ្យព្យាបាលតាមរយ:ទូរស័ព្ទ​ ឬ​ បណ្ដាញ​សង្គម​រាល់ថ្ងៃ​ ត្រូវបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់​ ហាមជក់បារី​ ផឹក​ស្រា​ ឬគ្រឿងស្រវឹងផ្សេងៗ។

ក្នុងសន្និសីទសារព័ត៌មាននៅ​ឯសាលារាជធានីភ្នំពេញនៅ​ព្រឹក​​ថ្ងៃ​ចន្ទ លោក ងី មានហេង ប្រធាន​មន្ទីរសុខាភិបាលរាជធានីភ្នំពេញ​​បញ្ជាក់​​​ថា តួលេខអ្នក​ដែល​បាន និង​កំពុង​សម្រាក​ព្យាបាលជំ​ងឺ​កូវីដ​១៩ នៅតាមផ្ទះក្នុងរាជធានីភ្នំពេញ មានចំនួន១,០៣៣ នាក់ ចំណែក​អ្នក​ដែល​ព្យាបាលជា​សះស្បើយមានចំនួន ២៦៨នាក់។ 

គិត​ត្រឹម​​ថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ​២០២១​ នេះមានអ្នកឆ្ល​ងជំងឺកូវីដ​១៩​​​សរុបចំនួន​ ​៦២,៧០០នាក់​ អ្នកជាសះស្បើយ​​​ចំនួន​ ​៥៤,៤៨៩នាក់​ និង​មាន​​អ្នកស្លាប់ចំនួន៩៥៣នាក់​៕​