គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (គ.ស.ម.ក) ដែល​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋា​ភិបាល​បាន​​​សហការណ៍​ជាមួយការិយាល័យឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​(OHCHR) និងភាគីពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពីការ​ប្រព្រឹត្តិ​ទៅ​របស់​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជានៅ​ថ្ងៃទី​៨ ខែកក្កដា​ឆ្នាំ​២០២១​នេះ​បាន​បញ្ជាក់​ថា​ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​កំ​ពុង​ដាក់​ដំណើរ​ការ​ការ​ពិគ្រោះ​យោបល់​​ដោយ​សហការណ៍​ជាមួយ​ការិយាល័យឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​(OHCHR) នឹង​រៀបចំ​ដាក់​ដំណើរការ​ពិគ្រោះ​យោបល់​ជា​មួយ​ក្រសួង​ ស្ថាប័ន​ អង្គការ​សង្គមស៊ីវិល​ និងភាគី​ពាក់​ព័ន្ធនានា​ ដើម្បីជា​ធាតុចូល​លើ​សេចក្ដីព្រាងច្បាប់នេះ​។

ចំពោះ​កិច្ច​ពិគ្រោះ​យោបល់គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (គ.ស.ម.ក) នឹងបែង​ចែក​ជាក្រុម​ពិគ្រោះ​យោបល់តាម​វិស័យ​សិទ្ធិ​មនុស្ស​នីមួយ​ៗដែល​គ្រោង​ធ្វើ​ដោយ​ផ្ទាល់​​​ ឬ/និង​​តាម​វី​ដេអូ ​(Video Conference)។

តាម​រយៈសេច​ក្ដី​ព្រាង​ច្បាប់​ស្ដីពីការ​ប្រព្រឹត្ត​ទៅ​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជាបាន​កំណត់​ជា​៨ជំពូក ​រួមដោយ​ចាប់​ផ្ដើម​ពី​ជំពូកទីមួយ បទប្បញ្ញត្តិ​ទូទៅ ​ជំពូកទី២ គណៈកម្មការជ្រើសរើស និងជំពូក​ទី៨ អវសាន្តប្បញ្ញត្តិ​ និងមាន៣២មា​​ត្រា។

Newsroom Cambodia បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក ជិន ម៉ាលីន អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប៉ុន្តែ​រហូត​ដល់​ល្ងាច​ថ្ងៃ​ចន្ទ នៅ​តែមិនមានការ​ឆ្លើយ​តប។

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិនៃ​មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស ​(CCHR) បានប្រាប់​Newsroom Cambodia ថា អង្គការ​សង្គម​ស៊ី​វិល​មិន​សង្ឃឹម​ថា​ស្ថាប័ន​ថ្នាក់​ជាតិ​នេះ​មិន​អាច​អនុលោម​តាម​គោល​ការណ៍ទីក្រុង​ប៉ារីស​ទេ​។

លោកស្រី​បាន​លើក​ឡើង​ថា៖ ​«ពាក់​ព័ន្ធ​ហ្នឹង​បង្កើត​គណៈកម្មា​ធិការ​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ​នេះ ​កន្លង​មក​គឺ​ជា​ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ី​វិល​ ហើយ​និង​អ្នក​រាយការណ៍​ពិសេស​មួយ​ចំនួន​ពី​មុន​មក​ហ្នឹង​ក៏​លោក​ធ្លាប់​លើក​ពី​កិច្ច​ការ​ងារ​នេះ​ដែរ​ ប៉ុន្តែគ្រាន់តែ​យើង​មើល​ថា​កាលៈទេ​សៈបច្ចុប្បន្ន​នេះ​ ជាក្ដី​បារម្ភ​របស់​អង្គការ​សង្គម​ស៊ី​វិល​ហ្នឹង​គឺ​យើង​មិន​មាន​សង្ឃឹម​ថា​ការ​បង្កើត​គណៈ​កម្មាធិការ​ថ្នាក់​ជាតិមួយ​ដែល​អាច​អនុ​លោម​ទៅ​តាម​គោលការណ៍​ទី​ក្រុង​ប៉ារីស​បាន​នោះ​ទេ ​ហើយ​ការ​ធានា​ឯករាជ្យភាព​​របស់ស្ថាប័ន​នេះ​ទៀត​សោត​ក៏ជា​ចំណោទដែរ»។

លោកស្រី​បាន​បន្ថែម​ទៀត​ថា​ កន្លងមក​គណៈកម្មាធិការ​ជា​ច្រើន​ដែល​ត្រូវ​ដើរ​តួ​នាទី​ឯករាជ្យ​ ​​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​ឯករាជ្យ​នោះទេ។

លោកស្រី​បញ្ជាក់​​ថា៖ «ក្នុង​កាលៈ​ទេសៈបច្ចុប្បន្ន​នេះ​ ទាំង​នីតិបញ្ញត្តិអីហ្នឹង​គឺត្រូវបាន​គ្រប់​គ្រង​ដោយ​ដោយ​រដ្ឋ​ដែល​មក​ពី​គណបក្ស​កាន់​អំណាច​សុទ្ធ​ហ្នឹង ​អ៊ី​ចឹង​យើង​មើល​ទៅ​ដូច​ជា​មិន​មាន​អី​ដែល​យើង​អាច​រំ​ពឹង​ថា​អាច​ដំណើរ​ការ​តាក់​តែង​នូវ​ច្បាប់​មួយ​ដែល​យើង​ធានា​នូវ​ឯក​រាជ្យ​ ហើយ​ទី​ពីរ​ហ្នឹងការ​បង្កើត​គណៈ​កម្មាធិការ​ទៀត​សោតហ្នឹ​ង​​ តើ​អាចធានា​នូវ​ឯករាជ្យ​កម្រិត​ណា​គឺ​យើង​មិន​មាន​ក្ដី​សង្ឃឹម​ទេ​»។​

យោង​តាម​គេហទំព័រ​ផ្លូវ​ការគណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​(គ.ស.ម.ក) ដែលជា​ស្ថាប័ន​មាន​តួរនាទី ​និង​ភារកិច្ច​ក្នុងការ​ពារ​ អភិវឌ្ឍន៍​ និង​លើក​តម្កើង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បញ្ជាក់ថា​ គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​(គ.ស.ម.ក) ត្រូវ​បង្កើត​ជាផ្លូវ​ការ​តាម​ព្រះរាជ​ក្រឹត្យលេខ​ នស/រកត/១២១៣/១៣៣៦ ចុះ​ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០១៣​ ស្ដី​ពីការ​រៀប​ចំ​ជា​ថ្មី​នៃ​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ និងអនុក្រឹត្យ ៥៧០ អនក្រ.បក ចុះ​ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៣ ស្ដី​ពីការ​រៀប​ចំ​​នៃ​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា៕​