ក្រសួង​ប្រៃ​សណី​យ៍ ​និង​ទូរ​គមនាគមន៍នៅ​ថ្ងៃ​អាទិត្យ​ ​នេះ​ បានប្រកាស​​​ឱ្យថ្នាក់​ដឹក​នាំ ​ឬ​ម្ចាស់​ក្រុម​ហ៊ុន​ សហគ្រាស រោង​ចក្រ ស្ថាប័ន​ពាក់​ព័ន្ធ​ប្រើ​ប្រាស់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម ​សម្រាប់​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ-១៩​បន្ថែម​លើ​យន្ត​ការ​ដែល​មាន​ស្រាប់​។

តាមរយៈសេចក្តីជូន​ដំណឹងចេញ​នៅ​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០២១​​ ក្រសួង​ប្រៃសណីយ៍​​បាននិយាយថាប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​សម្រាប់​​បញ្ជា​ទិ​ញ​ឧបករណ៍​តេស្ត​រហ័ស​នេះ មាន​គោល​​បំណង​ដើម្បី​ពន្លឿន​ផ្តល់​ភាព​ងាយ​ស្រួល ​និង​សម្រួល​ដល់​ការ​ចែក​ចាយ​ឧបករណ៍​តេស្ត​រហ័ស​​អង់​ទី​ហ្សែន​កូវីដ-១៩​។

ក្រសួង​ប្រៃសណីយ៍បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​នោះថា ថ្នាក់​ដឹក​នាំ ឬ​ម្ចាស់​ក្រុម​ហ៊ុន សហគ្រាស​​ រោង​ចក្រ​ ស្ថាប័ន​ពាក់​ព័ន្ធ​ ដូច​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ទី​តាំង​ប្រមូល​ផ្តុំ​ដែល​មាន​ការ​គ្រប់​គ្រងអាច​ចូល​ទៅកាន់​តំណភ្ជាប់ ​mptc.gov.kh/rt ហើយ​ចុច​លើ​ពាក្យ​ «ដាក់​បញ្ជា​ទិញ» និង​ធ្វើ​តាម​ការ​ណែនាំ​ដូច​ក្នុងជំហាន​​ដែល​បង្ហាញ​នៅលើ​គេហទំព័រ​។ ក្រោយ​ពេល​ទូទាត់​ប្រាក់​រួច​ហើយ សារ​អំពី​កាល​បរិច្ឆេទ​មក​ទទួល​​ឧបករណ៍​តាម​លំដាប់​នៃ​ការ​បញ្ជា​ទិញ​នឹង​ត្រូវ​ផ្ញើជូន​។ នេះតាម​សេចក្តីជូន​ដំនឹង​របស់​ក្រសួងដដែល។

សូម​បញ្ជាក់​ផង​ដែរ​ថាក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​បន្ថែម​ពេល​វេលា​សម្រាប់​ការ​មក​ទទួល​យក​ឧបករណ៍​តេស្ត​រហ័ស​នេះ​ពីថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​អាទិត្យ ​ចាប់​ពីម៉ោង​៨ព្រឹក​ ដល់​ម៉ោង​៦ល្ងាច៕