អង្គការ សង្គមស៊ីវិល​ និង​សកម្មជន​បរិស្ថាន​ បានអំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យមានតម្លាភាពអំពីគម្រោងអភិវឌ្ឍន៍កោះ​អរិយក្សត្រ​ ក្នុងស្រុក​ល្វាឯម​ ​ខណ:ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​អវិជ្ជមាន​ដែល​អាច​កើត​មាន​ដោយ​សារ​គម្រោង​ចាក់​ដី​ចូល​ទន្លេ​ភ្ជាប់​បន្ត​ពី​កោះដែលមាន​ប្រមាណ​ ៧០​ហិចតា​។ ​​

លោក​សាន​ ម៉ាឡា ដែល​ជា​សកម្មជន​បរិស្ថាន ​បាន​​ប្រាប់​ Newsroom Cambodia ​កាលពី​ថ្ងៃព្រហស្បតិ៍នេះថា ពី​ក្តី​ព្រួយបារម្ភ​នៃការអភិវឌ្ឍដោយ​សារ​ការ​​ចាក់​ដី​លុបទន្លេ​ ស្ទឹង​ ព្រែក ​ឬបឹង អាច​ផ្តល់​​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ដែលអាច​ធ្វើ​ឱ្យ​ទន្លេ​រួមតូច​នាពេល​អនាគត​ ក៏ដូចជា​បាត់បង់​នូវ​សោភណ្ឌភាព​។

លោកសាន ម៉ាឡាបាន​​បន្ត​ថា ​រាជរដ្ឋាភិបាល​គួរ​ពិចារណា​ពី​និន្នាការណ៍​អភិវឌ្ឍន៍​ដែល​ប្រើ​មធ្យោបាយ​ចាក់​បំពេញ​ដី​ចូល​ក្នុង​ប្រភព​ទឺក​នេះ​ឡើង​វិញ​​។

«ប្រទេស​កម្ពុជាយើង​ត្រឹមចំនួន​ប្រជាពលរដ្ឋ​ ១៥- ១៦ លាននាក់​ ​ខ្ញុំ​គិត​ថា​នៅ​មិនទាន់​ដល់​ពេល​ដែល​យើង​ត្រូវ​លុប​ទន្លេ ស្ទឹង​ ឬ​ក៏បឹង​បួរ​ ដើម្បីអភិវឌ្ឍន៍​នោះទេ​ បើ​យើង​នៅ​សេស​សល់​ដី​ទូលាយ​ច្រើន​»។

លោកសាន ម៉ាឡា​ ​បានជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើ​ការ​អភិវឌ្ឍតាម​​គំរូដែល​បុព្វបុរស​ខ្មែរ​សម័យ​បុរាណ​​ដែលបាន​ធ្វើ​ការ​អភិវឌ្ឍរាជធានី តាមរយ:ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្រ្ត​បាន​ល្អ​​ ដោយ​មាន​ការ​ប្រើ​ប្រាស់​គូរ​ទឹក​ព័ទ្ធជុំវិញ​ប្រាសាទ​ដែល​ជាសសរ​គ្រឹះ​ការពារ​ប្រាសាទ​ឱ្យ​កាន់​តែ​ស្ថិត​ស្ថេរ​យូរអង្វែង ជៀសវាង​ការ​បំផ្លាញធនធានធម្មជាតិ​ផ្លូវ​ទឹក​បែបនេះ​ដែល​លោកគិត​ថា​មិន​មែន​ជា​គំរូ​ល្អ​នោះទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «ដូចដែល​យើង​បាន​ឃើញ​នៅ​តំបន់​អង្គរ​ យើង​ឃើញ​មាន​ការ​ស្ថាបនា​បារាយណ៍ទឹក​ មាន​ទឹក​ព័ន្ធ​ជុំវិញ​ប្រាសាទ​ផ្សេង​ៗ​។ ដូច្នេះ​​ អ្នកអភិវឌ្ឍន៍​នៅ​ក្នុង​សម័យ​ទំនើប​នេះ​ ឬក៏​រដ្ឋាភិបាល​គួរ​តែ​យក​គំរូ​តាម​ដូនតា​របស់​យើង​ដែល​បាន​សាងសង់​សំណង់​ប្រាសាទ​ផ្សេង​ៗ​ ជៀសវាង​ការ​អភិវឌ្ឍដែល​ត្រូវ​ចាក់​លុប​បឹង​ ស្ទឹង​ ឬក៏ទន្លែបែបនេះ​វា​មិនមែន​ជា​គំរូ​ល្អ​នោះទេ​»។

ទីកន្លែងដែលក្រុមហ៊ុនចាក់លុបទន្លេ។ រូបភាព៖ Newsroom Cambodia

អ្នកស្រី​ចក់​ សុភាព​ ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​​​ដោះ​ស្រាយ​ដោយ​តម្លាភាព​ គឺ​ត្រូវ​មាន​ការ​​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋជាមុន​ដើម្បី​ឱ្យ​ពួក​គាត់​បាន​ត្រៀម​លក្ខណ: និង​ផ្តល់​នូវ​សំណង​ដែល​សមស្រប​អាច​ទទួល​យក​បាន​ដល់​សំណាក់​ប្រជាពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅ​តំបន់​នោះ​ ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​នៅដែល​ស្ថិត​នៅ​កោះ​អរិយក្សត្រ​​នេះ​។

លោក​ហែម ឧត្តម​ ជា​អ្នក​ប្រឹក្សា​យោ​បល់​ឯក​រាជ្យ​សម្រាប់​អភិ​បាល​កិច្ច​​ធន​ធាន​ធម្ម​ជាតិ​នៃ​ទន្លេ​មេ​គង្គ​ បាន​ប្រាប់​ Newsroom Cambodia កាល​ពី​ថ្ងៃ​​ទី១២ ខែកក្កដា​នេះ​ថា សកម្ម​ភាព​ចាក់​ថ្ម ចាក់​ខ្សាច់​ចូល​ទៅ​ក្នុង​ទន្លេ​លោក​សង្កេត​ឃើញ​​ថា ជា​បញ្ហា​ចម្បង​សំ​ខាន់​គឺ​តម្លា​ភាព​ ត្រូវ​ការ​ទទួល​ដឹង​ ឮ​នូវ​ព័ត៌​មាន​ដែល​គេ​ធ្វើ​សកម្ម​ភាព​​ចាក់​ដី។

លោក​បានមាន​ប្រ​សាសន៍​ថា៖ «យើង​មិន​អាច​បដិ​សេធ​ចំ​ពោះ​ការ​អភិវឌ្ឍន៍​​បាន​ទេ ហើយ​ជា​ពិ​សេស​ការប្រើប្រាស់ធនធានធម្មជាតិ យើងរាប់តាំងពីព្រៃឈើ ខ្សាច់ ហើយទន្លេក៏នៅក្នុងហ្នឹងដែរ ប៉ុន្តែយើងត្រូវគិតអពីនិរន្តរភាពនៃការទាញយកធនធានធម្មជាតិប្រើប្រាស់ដូចជាទន្លេ តើយើងប្រើប្រាស់កម្រិតណា»។

លោកបានបន្ថែមថា ការចាក់ខ្សាច់ ចាក់ថ្មចូលទន្លេត្រូវដឹងពីជម្រៅ វិសាលភាព ចំងាយ ទាំងនេះជាចំណុចសំខាន់ ហើយផលប៉ះពាល់ត្រូវតែមានការសិក្សាឱ្យបានច្បាស់លាស់ មិនអាចធ្វើការប៉ាន់ស្មានបានទេ ប៉ះពាល់តែងតែកើតមានតិច ឬច្រើន។

លោក​បានថ្លែង​​ថា៖ «ដើម្បី​ឱ្យ​គម្រោង​នេះ​មាន​ភាព​ប្រ​ក្រ​តី​ ឬ​ល្អ​ប្រ​សើរ យើង​គួរ​តែ​មាន​ព័ត៌​មាន​បក​ស្រាយ​ដើម្បី​ឱ្យ​អស់​ចម្ងល់​​កាល​ណា​ដែល​យើង​មិន​មាន​តម្លា​ភាព​​នៅ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​យើង​ធ្វើ​ទេ ការ​សង្ស័យ ការ​រិះ​គន់ ការ​ប៉ាន់​ស្មាន វា​នឹង​មាន​មិច​​អាច​ចៀស​ផុត និង​អាច​ប៉ះ​ពាល់​ដល់​គម្រោង​ដែល​យើង​កំពុង​នឹង​ធ្វើ គម្រោង​ហ្នឹង​អាច​នាំ​ផល​វិជ្ជ​មាន​ច្រើន​ជាង​អវិ​ជ្ជមាន​ក៏​អាច​ថា​បាន ឬ​មួយ​អវិ​ជ្ជមាន​ច្រើន​ជាង​វិជ្ជ​មាន​ក៏​យើង​ អត់​ដឹង»។

ស្រប​ពេល​មាន​ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុងភូមិសាស្រ្ត​អរិយក្សត្រ​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​មិន​ឆ្ងាយ​ពី​ទឹក​ទន្លេ​ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញចេញ​នៅ​ពេល​ខាង​មុខ ខណៈ​ពួកគេ​មិន​មាន​ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​នៅ​ទីនោះ​នៅឡើយ​ទេ។

ប្រជាពលរដ្ឋជាស្រ្តីវ័យ​​ចំណាស់​មួយ​រូប​សុំមិន​បញ្ចេញ​ឈ្មោះ​ ដោយ​ហាក់​មាន​ការ​ភ័យ​ខ្លាច​ផង និង​ស្តាយ​ស្រណោះ​ទទឹម​គ្នា​ផង​បាននិយាយ​​ប្រាប់ Newsroom Cambodia ​ថា​៖ «ខ្ញុំ​មិន​ដឹង​ជា​អ្វី​ទេ បាន​តែ​នៅ​អញ្ចឹង​  អារម្មណ៍វាចេះ​តែ​មាន​ហើយ​គ្រាន់​តែ​ថា​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ ។»

Newsroom Cambodia បាន​ខិត​ខំ​ព្យា​យាម​ទាក់​ទង​ទៅ​លោក​មេ​ឃុំ អរិយ​ក្សត្រ​កាល​ពី​ថ្ងៃ​០៧ ខែ​កក្កដា​នេះ​ច្រើន​លើក​ច្រើន​សារ​ តែមិន​​អាច​សុំ​ការ​បកស្រាយ​លំអិត​ពី​រឿង​នេះ​បានទេ​។

លោកគង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល​ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ ថា​ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុង​ភូមិសាស្រ្ត​អរិយក្សត្រ ជា​គម្រោង​អភិវឌ្ឍន៍​របស់ក្រុមហ៊ុន ឃុន សៀ (Khun Sea Development Group) ដែល​បាន​ជួល​ដី​រដ្ឋ​ចំនួន ៧០ហិកតា ក្នុង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​តាម​ដង​ទន្លេនេះ​។

ការចាក់​ថ្ម​ ឬចាក់គ្រឹះ​នៅក្នុង​ទន្លេនេះ​ គឺជាការចាប់​ផ្តើម​នៃការ​អភិវឌ្ឍមួយ​ ដោយលោកបាន​បន្ថែម​ថា​ មានការ​សិក្សា​ពី​អ្នកជំនាញ​ផ្នែកបរិស្ថាន​គ្រប់ស្ថាប័ន​រួច​ហើយ ​ដើម្បី​ធានា​មិនឲ្យ​ប៉ះពាល់​លំហូរ​ទឹក​ទន្លេ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​នៅ​ថ្ងៃទី​៧ ខែ​កក្កដា ពី​វិទ្យុ​សម្លេងសហរដ្ឋអាមេរិក​ (VOA)។ ​

តំណាង​ក្រុមហ៊ុន ​គឺលោក​សេង ផេង ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ក្រុមហ៊ុន​បាន​ជួលដីរដ្ឋ​ចំនួន​ ៧០​ហិកតា​ រយៈពេល​៥០ឆ្នាំ ដោយបាន​ដោះស្រាយ​រួចរាល់​ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​នៅ​ទីនោះ។ លោក​បញ្ជាក់​ថា​ក្រុមហ៊ុន​នឹង​អភិវឌ្ឍតំបន់​នោះ​ឲ្យ​ដូច​ជា​នៅទីក្រុង​ហុង​កុង ​ដែល​អាច​មើល​ឃើញ​ទឹក​ទន្លេ​នា​ពេល​យប់។ លោក​បន្ថែម​ថា​ក្រុម​ហ៊ុន​នឹង​ស្ថាបនា​សំណង់​នានា ​ដើម្បី​ធានា​ការ​ទប់​ច្រាំង​ទន្លេ​ផងដែរ។

​លោក​នេត្រ ភក្រ្តា​ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ មិនអាច​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​ទេ។

គួរ​បញ្ជាក់​ផង​ដែល​ថា អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋ

មន្ត្រីហ៊ុន សែន បានសម្រេចជួលដីកោះមាស ទំហំជាង ៣៤០​​ហិកតា ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែលនៅជាប់ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ឱ្យ​ទៅ​ក្រុមហ៊ុន «ឃុន សៀ Import Export» ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​រយៈពេល ៥០​ឆ្នាំ ខណៈដីទំហំ៧០​ហិកតាទៀតក៏ត្រូវបានរដ្ឋាភិបាលជួលឱ្យក្រុមហ៊ុននេះ សម្រាប់អភិវឌ្ឍ​ជាតំបន់​សេដ្ឋកិច្ច​តាម​ដង​ទន្លេត្រើយខាងកើត ក្បែរគ្នាអភិវឌ្ឍន៍កោះពេជ្រ៕