ក្រ​សួង​​សុខា​ភិបាល​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​​​​នេះបាន​​ប្រកាស​​ថា ​មាន​​អ្នក​​ស្លាប់​​ដោយ​សារ​​ជំងឺ​​កូវីដ​​១៩​​ចំនួន ​៣៩​​​​នាក់ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ហើយចំនួននេះបានធ្វើឲ្យមានស្លាប់សរុបកើនដល់ ​១០២៥​នាក់។

​​សេចក្តី​​ជូន​​ដំ​ណឹង​​របស់​​ក្រ​សួង​​សុខា​ភិ​បាល​​ចេញ​នៅ​​ថ្ងៃ​​​​ទី​​១៥ ខែ​​កក្ដដា​ ឆ្នាំ​​​២០២១​ ​​នេះបាន​​​បង្ហាញ​​​ថា​នៅ​​​​ថ្ងៃ​​ទី​​​១៤​​ ​ខែ​​​កក្ដដា​​​ ឆ្នាំ​​២០២១ មាន​​​ករណី​​ឆ្លង​​ថ្មី​​ចំនួន ​​​​៩៩៦​​នាក់​ និង​​​​​ជា​​សះ​​ស្បើយ​​​ចំនួន​ថ្មី​ចំនួន ៨១៣​​នាក់​។ គិត​ត្រឹម​ថ្ងៃ​​ទី​​១៤​ ​ខែ​​កក្ដដា​ ​​ឆ្នាំ​​​២០២១​​នេះ ​កម្ពុជា​​មាន​​អ្នក​​ឆ្លង​​ជំងឺ​​កូវីដ​​សរុប​​កើន​​ដល់​​ ៦៤,៦១១​នាក់ អ្នក​ជារ​​សះ​ស្បើយ​​សរុប​​​ចំនួន​​​ ៥៦​,១៧៨​នាក់ និង​​អ្នក​​ស្លាប់​​សរុប​​កើន​​ដល់ ​​១០២៥​នាក់​គិត​ចាប់​​តាំង​​ពី​​ការ​​រក​​ឃើញ​​ដំ​បូង​​នៅ​​ចុង​​ខែ​​មករា ​ឆ្នាំ២០២០នេះ​មក។

សេច​​ក្តីជូន​ព័ត៌​មាន​ដដែល​នោះ​​បាន​បញ្ជាក់​ទៀត​ថា៖ «ក្នុង​​ចំ​ណោម​​ករណី​​ឆ្លង​​ថ្មី​​ចំនួន ​​៩៩៦​​​នាក់​ ក្នុង​នោះ​​មាន​​ករណី​ឆ្លង​​ថ្មី​​ចំនួន ​​១៦៧​នាក់ ​​គឺ​​ជា​​ករណី​​នាំ​​ចូល​​ពី​​ក្រៅ​​ប្រទេស ហើយ​នាំឱ្យ​ករណី​​​នាំ​​ចូល​​ពី​​ក្រៅ​​ប្រទេស​​កើន​សរុប​រហូត​ទៅ​​ដល់​៥,៥១៤​​នាក់​​»៕

​​បើគិតមកដល់​ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងកូវីត១៩ ចំនួន​១៦លានដូស ក្នុងនោះកម្ពុជា​ប្រើ​ប្រាស់​វ៉ាក់​សាំង​ចំ​នួន​៣​ប្រ​ភេទ​មាន​ដូច​ជា វ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសឥណ្ឌាចំនួន ៣២៤០០០ដូស វ៉ាក់សាំង ស៊ីណូហ្វាមចំនួន ៥២០០០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១០៥០០០០០ដូស។ ​គិតមកទល់​ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចចាក់វ៉ាក់សាំងការ​ពារជំងឺកូវីតជូនពលរដ្ឋរបស់ខ្លួនបានចំនួន ៥លាននាក់ ស្មើនឹង៥០% នៃប្រជាជនដែលត្រូវទទួលវ៉ាក់សាំងចំនួន ១០លាននាក់។