នា​រសៀល​ម៉ោង​១​​ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា សំ​ឡេងស្រ្តី​ម្នាក់​​ឮ​ចេញ​ពី​ក្នុង​ផ្ទះ​យ៉ាង​រួស​រាយ​រាក់​ទាក់​ ជាមួយ​​​​ទឹក​មុខ​អម​នឹង​ស្នាម​ញញឹម​​ផង​ អ្នកស្រី សុខ ហៀង​ហី ជា​អ្នក​ធ្វើ​ចំ​ការ​ ដាំ​ដំ​ណាំ​ចម្រុះ និង​ជា​ម្ចាស់​ចំ​ការ​​ក្រញូង ដែល​មាន​ទី​តាំង​ស្ថិត​នៅ​​​ឃុំ​ព្រែក​អំ​បិល​ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

ក្រៅពី​ខាង​មុខ​ផ្ទះ​ចម្រុះ​​ដោយ​ដំ​ណាំ​ហូប​ផ្លែ​​​ ក្នុង​ចំការ​ក្បែរ​ផ្ទះ​របស់​អ្នកស្រី ហៀងហី វិញ ដើម​ក្រ​ញូង​​​​កំ​ពុង​ដុះ​បណ្ដាក់​គ្នា​យ៉ាង​ខៀវ​ស្រ​ងាត់។

​​អ្នក​ស្រី​វ័យ​៣២​ឆ្នាំរូប​នេះ​​​ បាន​​ចង្អុល​ទៅ​ចំ​ការ​ក្រ​ញូង​របស់អ្នកស្រី​បណ្តើរ ហើយ​​​ប្រាប់​ Newsroom Cambodia បណ្តើរ​ថា​​ អ្នកស្រី​​បាន​ចំ​ណាយ​​​រយៈ​ពេល​៤ឆ្នាំ​មក​ហើយ​ ក្នុង​បទ​ពិ​​សោធ​ន៍​​ដាំ ​និង​មើល​ថែ​ដំ​ណាំ​ក្រ​ញូង​នេះ។ អ្នកស្រី​ថា​ ​ក្រ​ញូង​​​ជា​ប្រ​ភេទ​ដំ​ណាំ​ងាយ​ស្រួល​ដាំ​​ ងាយមើល​ថែ​​​​ជាង​​ដំ​ណាំ​ផ្សេង​ៗ​ទៀត​។

ក្រញូង​ជា​ប្រភេទ​ឈើ​ប្រណីត និង​និង​មិនសូវ​មាន​អ្នក​ដាំ ហើយ​វា​ចំ​ណាយ​ពេល​យូរ​ក្នុង​ការ​មើល​ថែ​ទាំ​។​ ទោះ​ដំ​ណាំ​នេះ​​​មិ​ន​សូវពេញ​​និយម​សម្រាប់​ទី​ផ្សារ ​​តែ​វា​ជា​ក្ដី​សង្ឃឹម​មួយ​ដែល​ល្អ​សម្រាប់​ប្រ​កប​របរ​​ដែល​មិន​សូវ​ចំ​ណាយ​កំ​លាំង​ច្រើន​ក្នុង​ការ​ថែ​ទាំ ដូចជា​អ្នក​ស្រី​ សុខ ហៀង​ហី។

អ្នកស្រី ហៀងហី បាន​បញ្ជាក់​ថា​ ដំ​បូងឡើយ​​អ្នក​ស្រី​គឺ​​ជា​អ្នក​ចំ​ការ​ដាំ​បន្លែ​ ដំ​ណាំ​ហូប​ផ្លែ​ធម្មតា​ ប៉ុន្តែ​បន្ទាប់​ពី​​​មាន​គំ​និត​ផ្ចុង​​ផ្ដើម​ពី​ប្អូន​ប្រុស​ដែល​ជា​អ្នក​​​​លក់​គ្រឿង​សង្ហា​រឹម​បាន​​ផ្តល់​​គំ​និត​ឱ្យ​ដាំ​​ក្រ​ញូង​ ក៏​សាក​ល្បង​រហូត​ក្លាយ​ជា​របរ​ដែល​សម​គួរ​​​​ក្នុង​ការ​រក​ប្រាក់​កម្រៃ​។ ភាគ​ច្រើន​​​ពូជ​ក្រ​ញូង​នេះ​គឺ​មក​ពី​ថៃ ​និង​វៀត​ណាម​​ ​ហើយ​អ្នក​ស្រី​សព្វ​ថ្ងៃ​យក​ត្រឹម​ពីរ​ប្រ​ភេទ​ប៉ុណ្ណោះ​យក​មក​ដាំ​ គឺ​​មាន​ដូច​ជា​ប្រ​ភេទ​ក្រ​ញូង​ខ្មែរ​ និង​ប្រ​ភេទ​ក្រ​ញូង​ហៃ​ណាន ដោយសារ​​ប្រ​ភេទ​ទាំងពីរ​​នេះ​ ​​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​សំ​ណាក់​អ្នក​ដាំ​ ពិ​សេស​អតិ​ថិ​ជន​ប្រ​ចាំ​​របស់​អ្នក​ស្រី​។​

អ្នក​​ស្រី​​​ថា៖ «ភាគ​ច្រើន​ភ្ញៀវ​ដែល​មក​ទិញ​គឺ​ទិញ​ម្ដង​ៗរាប់​ពាន់​​ដើម​ដើម្បី​យក​ទៅ​ដាំ។​ ច្រើន​មក​ពី​តំ​បន់​ដែល​មាន​ដី​ចំ​ការ​ធំ​​ៗ​​នៅ​ស្រុក​​​យើង​មាន​នៅ​រតន​​គិ​រី មណ្ឌល​គិ​រី​​​ជា​​ដើម​ ដំ​ណាំ​នេះ​បើ​ដាំ​នៅ​ដី​បែប​តំ​បន់​​ភ្នំ​គឺ​ឆាប់​ទទួល​បាន​ខ្លឹម​តែ​ម្ដង​ ព្រោះ​​វា​ត្រូ​វ​នឹង​ប្រភេទ​ដី​នៅ​តំ​បន់​ភ្នំ​ តែ​សម្រាប់​តំបន់​ដី​ល្បាប់​វា​មិន​សូវ​ជា​​​ឆាប់​ទទួល​បានខ្លឹម​ល្អ​នោះ​ទេ​ កាល​ណា​ដី​ល្អ​ពេក​វា​ឆាប់​ធំ​ពិត​មែន​តែមិន​មានខ្លឹម​ពេញ​ហាប់​នោះ​ឡើយ»​។

ខែ​ដែល​សាក​សម​នឹង​ទទួល​ពូជ​ពី​ស្រុក​ក្រៅ ​គឺ​នៅ​ចន្លោះ​​ខែ​កញ្ញា​ មក​ទល់​ខែ​ធ្នូ ដោយសារ​តែ​ជា​រដូវ​ដែល​មាន​ភ្លៀង​ធា្លក់​គ្រប់​គ្រាន់​អំ​ណោយ​ផល​ជា​ខ្លាំង​ដល់​​ការ​ដាំ​ដុះ​ប្រ​ភេទ​ក្រ​ញូង​។ ទោះ​ជា​មិន​​ពិ​បាក​មើល​ថែ​ដូច​ដំ​ណាំ​ផ្សេងៗ​ក៏​ពិត​​មែន ប៉ុន្តែ​​វា​ទាម​ទារឲ្យ​មាន​ការ​មើល​ថែ​ក្នុង​រយៈ​​ពេល​ដែល​បណ្ដុះដើម្បី​ធា​នា​ថា ​វា​ទទួល​ទិន្នផល​បាន​គ្រប់​ចំ​នួន​។ នេះ​ជា​ការ​លើក​​ឡើង​របស់​អ្នក​ស្រី ហៀងហី។​ ​

អ្នក​ស្រី​បញ្ជាក់​ថា​ ក្រញូង​ទាំង​នេះ​ត្បិត​ថា​ងាយ​ស្រួល​ដាំ​ មិន​ចំ​ណាយ​កំ​លាំង​ច្រើន​​ក្នុង​ការ​មើល​ថែ ​តែ​ប្រ​ភេទ​ទាំង​ពីរ​នេះ​មាន​រយៈ​ពេល​ក្នុង​ការ​ដាំ​ដុះ ​និង​លក់​ចេញ​ផ្សេង​គ្នា​ ដោយ​ក្រញូង​ខ្មែរ​វា​​តម្រូវ​​ឱ្យ​​មើលថែ​​រយៈ​ពេល​យូរ​ជាង​ក្រ​ញូង​ហៃ​ណាន។ ក្រ​ញូង​ខ្មែរ​ងាយ​នឹងរង​​ការ​បំ​ផ្លាញពី​សត្វ​ល្អិត​ តែ​តម្លៃ​ថ្លៃ​ជាង​​ក្រញូង​ហៃ​ណាន។

អ្នកស្រី​បន្ថែម​ថា ​ក្រញូង​ទាំងពីរ​ប្រភេទ​អាច​លក់​ចេញ​បាន​​ពេល​វា​មាន​កម្ពស់​ត្រឹម​បួន​តឹក។ ជា​ទូទៅ​ក្រញូងអាយុកាន់តែច្រើន តម្លៃក៏កាន់តែថ្លៃ ហើយ​ក្រញូងដែល​មាន​កម្ពស់​កន្លះ​ម៉ែត្រ​មានតម្លៃ ៦,០០០រៀល សម្រាប់​ក្រញូង​ខ្មែរ ​តម្លៃ​៤,០០០រៀល​ សម្រាប់​ក្រញូង​ហៃ​ណាន​​។​

ដៃម្ខាង​​កំ​ពុង​ដក​ស្មៅ​ចេញ​ពី​កូន​ក្រញូង​ចំ​ណែក​ដៃ​ម្ខាង​ទៀត​លាត​ជូត​ញើស​ចេញ​ពី​ថ្ងាស អ្នកស្រី ហៀងហី ​បាន​រៀប​រាប់​ប្រាប់​ Newsroom Cambodia ពី​របៀប​ដាំក្រញូងថា៖ «ដំបូង​យើងរៀបចំថ្នាល់ឲ្យរៀបរយ ហើយយកគ្រាប់ទៅព្រួសទៅលើថ្នាល ព្រួស​រួចហើយ​យក​ចំបើង​មក​រោយពីលើឱ្យក្រាស់បន្ដិចដើម្បីកុំឱ្យ​ខ្ទាតគ្រាប់ និងការពារកុំឱ្យគ្រាប់ត្រូវថ្ងៃខ្លាំងពេក។ បន្ទាប់​មក​ស្រោចទឹកតាមសភាពដី និងកម្ដៅថ្ងែ កាលណាមេឃថ្ងៃក្ដៅខ្លាំង​ត្រូវ​ស្រោច​ទឹក​មួយ​ពីរដ​ង​ព្រឹក​ល្ងាច តែបើមេឃស្រទុំស្រោចទឹកមួយថ្ងៃម្ដងបានហើយ។ នៅពេល​សំបក​គ្រាប់ក្រ​ញូង​ប្រេះ​បែកមាត់ចាប់​តម្រូវ​ឱ្យបកចំបើងចេញខ្លះដើម្បីឱ្យ​វាទទួលពន្លឺថ្ងៃ តែ​បើ​ទុក​យូរ​ពេក​វា​អាច​នឹង​រលួយគ្រាប់។ ទុករយៈពេល១០ ទៅ២០ថ្ងៃដកកូនក្រញូងសម​ល្មម​ដាក់​កន្ទោង​ដែល​ច្រក​ដី​រួច កុំទុកយូរ​ពេកវាអាចនឹងអន់កូននៅពេលដែលយើងយកទៅស្ទូង»។

អ្នកស្រី ហៀងហី បន្ថែម​ថា​ពី​របៀប​ដាំ​ក្រញូង​ថា៖ «ស្ទូងដំបូងៗ​យើង​ស្រោច​ទឹកពីរ​ទៅ​បីដង​ទៅ​កុំឱ្យ​ស្លោកស្វិត។ រយៈពេល​បួនខែ​ទៅមុខយើង​អាច​ប្រមូល​ផល​បានហើយ ជាពិសេស​ដែល​ធ្លាក់ភ្លៀង​គឺ​យើង​លក់​ចេញ​បានច្រើន​ព្រោះថា​ខែ​ដែល​ចាប់ផ្ដើម​ភ្លៀង​គឺ​ភ្ញៀវ​ត្រូវ​ការដាំ​មិន​ពិបាក​ស្រោច​ទឹក ដាច់ទឹកភ្លៀង​គឺ​វា​លាស់​ស្លឹក​ល្អ ហើយ​ភាគរយ​នៃ​ការដុះ​ក៏​ខ្ពស់សឹ​ង​ថា​១០០​កូន​​មិ​ន​ខូច​​ទាំង​អស់ លើស​ពី​នោះ​ក្រ​ញូង​យើង​អាច​កំ​ណត់​បាន​ថា​វា​មាន​រូប​រាង​ពេញ​លីង​ចាប់​ពី​៧​ឆ្នាំ​ឡើង​ទៅ​​»។

ចាប់​តាំង​ឆ្នាំ​២០១៨មក​ដល់​បច្ចុប្បន្ន ​អ្នក​ស្រី​ សុខ ហៀងហី​ ដាំ​ក្រ​ញូង​ផ្គត់​ផ្គង់ត្រឹម​តែ​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ ​​ហើយ​នៅ​លើ​ផ្ទៃ​ដ៏​ធំ​ល្វឹង​ល្វើយ​របស់​អ្នក​ស្រី​មាន​គ្រប​ដណ្ដប់​ដោយ​ក្រ​ញូង​រាប់​ពាន់​ដើម​៕​