ក្រសួងធនធានទឹក​ បាន​ប្រកាស​ពីគ្រោះ​ថ្នាក់​ធម្មជាតិ​ ក្នុង​រយ:ពេល​៤ ថ្ងៃជាប់​គា្ន​ខាង​មុខ​ ចាប់ពី​ថ្ងៃទី​១៩ ដល់​ទី​២២ ខែ​កក្កដានេះ ក្រោយ​ព្យាករណ៍​​ថា ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​​កូន​ព្យុះ​ សេមប៉ាកា​ «CEMPAKA» លាយ​នឹង​ខ្យល់​មូសុង​និរតី​ខ្លាំង​ ពី​សមុទ្រចិន​ខាង​ត្បូង​​ ដែល​វិវត្តន៍ពី​ព្យុះទីហ្វុងនៅសមុទ្រ​ប៉ាស៊ីហ្វិក​ ។

យោងតាម​សេចក្តី​ប្រកាស​របស់ក្រសួង​ឧតុនិយម​ ដែល​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៩ កក្កដា​នេះ​បាន​បញ្ជាក់​ថា​ កូនព្យុះថ្មី​ទី​៧ សេមប៉ាកា ដែលនឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ និងខ្យល់​កន្ត្រាក់​ខ្លាំង​ មក​លើ​ប្រទេស​កម្ពុជា​នេះ ត្រូវ​បាន​រក​ឃើញ​ក្រោយ​ព្យុះទី​៦ «IN-FA» ដែល​បាន​កើត​នៅ​លើ​សមុទ្រ​ប៉ាស៊ីហ្វិក​ នៅ​វេលាម៉ោង​១ យប់​ ទី​១៨ កក្កដា​នេះ​ បាន​បំប្លែង​ទៅ​ជា​សម្ពាធ​មួយ​ថ្មី​ឆ្ពោះ​ទៅ​ជិត​ប្រទេស​ហុងកុង​ក្នុង​ដែន​សមុទ្រ​ចិន​។

ស្ថានភាព​អាកាសធាតុ​តាម​តំបន់​ធំ​ៗចំនួន​៣​ មា​ន​លក្ខណ:ដូចជា តំបន់​វាលទំនាប​ នឹង​មាន​ភ្លៀងធ្លាក់​រាយ​ប៉ាយ​ ពី​បង្គួរ​ទៅ​ច្រើន​ជាមួយ​ខ្យល់​កន្រ្តាក់​កម្រិត​ខ្លាំង​។ តំបន់​ដងទន្លេ​មេគ្គង​ ជួរ​ភ្នំដង​រែក និង​ជួរ​ភ្នំ​ក្រវាញ​ និង​មាន​ភ្លៀងធ្លាក់ពី​មធ្បមទៅ ច្រើន​លាយ​ឡំ​ខ្យល់​កន្រ្តាក់​កម្រិត​ខ្ពស់​ដូ​ចគ្នា​។ ​តំបន់​មាត់​សមុទ្រ​ នឹង​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​ក្នុង​ភូមិសាស្រ្ត​ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កោះ​កុង​ ដែល​បណ្តាល​ឱ្យ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។

ក្រសួង​បន្ថែម​ថា ដើម្បី​ចៀងវាង​គ្រោះថ្នាក់​ផ្សេង​ៗដែល​អាច​កើត​មាន​ជា​យថាហេតុ​ដូច​ដែល​បាន​ជម្រាបជូន​ខាង​លើ សូម​សាធារណជន​ ជាពិសេស​ប្រជានេសាទ​ និង​អ្នក​ដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​យកចិត្ត​ទុកដាក់៕