អ្នកអភិរក្ស​សត្វ​ព្រៃ​ បានអំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បញ្ឈប់​ការ​បរិភោគ​សត្វ​ព្រៃ បន្ទាប់ពីមានកូន​សត្វ​ខ្លាពពកមួយក្បាល ​ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ ​បាន​ស្លាប់ដោយសារជាប់​អន្ទាក់​ក្នុង​​ព្រៃ ក្នុងខេត្ត​កំពត​។

យោង​តាម​សេចក្តីប្រកាសព័ត៌មាន​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ ( Wildlife Alliance Cambodia ) នៅ​ថ្ងៃ​សុក្រ​ ​កូន​សត្វ​ខ្លាពពក​​មួយ​ក្បាលនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មជ្ឈមណ្ឌល​សង្រ្គោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ​ ដើម្បី​ព្យាបាល​របួស​ពី​សំណាក់​គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​បសុព្យាបាល​។ ទោះ​បី​ជា​ការ​វះកាត់​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគ​ជ័យ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ដោយ​សារសភាព​ទន់​ខ្សោយ​ខ្លាំង​ ​កូន​សត្វ​កម្រ​នេះ​​បាន​បាត់បង់​ជីវិត​ក្រោយ​ការ​វះ​កាត់​ពីរ​ថ្ងៃ ក្រោយ​ត្រូវបាន​មនុស្ស​ចាប់​ចង​ជើង ក្បាល និង​ថ្គាម​របស់​វា​អស់​រយ:ពេល​ពីរ​ថ្ងៃ​មុន​ពេល​ដែល​មូល​ដ្ឋាន​ប៉ូលីស​បាន​ទៅ​ដល់​។

លោក​និក ម៉ាក ( Nick Marks ) នាយក​កម្មវិធី​សង្គ្រោះ​ និង​ថែទាំ​សត្វ​ព្រៃ​នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ «អន្ទាក់​សម្លាប់​ ហើយ​អន្ទាក់​រាប់​ពាន់​ត្រូវ​បាន​ដាក់​ពាស​ពេញ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​លទ្ធផល​ចុង​ក្រោយ​នឹង​ក្លាយ​ជា​ព្រៃ​ទទេ​ស្អាត។ ហានិភ័យ​អន្ទាក់​គឺ​ច្បាស់​។ ប្រសិន​បើ​ច្បាប់​តឹង​រឹង​មិន​ត្រូវ​បាន​អនុវត្ត​ឆាប់​ទេ​ ព្រៃ​កម្ពុជា​នឹង​គ្មាន​សត្វ​ព្រៃ​នៅ​សល់​ឡើយ​»។

​ការ​លើក​ឡើង​របស់​លោក​និក​ ម៉ាក បានទទួលអ្នក​​ប្រតិកម្ម​ប្រមាណ​ជាង ​១០០០នាក់​ ក្នុង​រយ:ពេល​១០​ម៉ោង​ លើ​សារ​បង្ហោះ​សារនេះ​។

អង្គការ​អភិរក្សសត្វព្រៃ​ប្រចាំ​នៅ​កម្ពុជា​​ដែល​ហៅ​កាត់​ថា​ WAC បាន​បញ្ជាក់​ថា​ខ្លួន​ចូលរួម​សហការជាមួយ​ក្រសួង​បរិស្ថាន​ក្នុង​ការ​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា​ឱ្យ​ឈប់​បរិភោគ​សត្វ​ព្រៃ​តទៅ​ទៀត​។

Newsroom Cambodia មិន​អាច​ទាក់ទ​ង​ទៅ​លោកនេត្រ​ ភក្រា​ អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​បាន​ទេ​។

កាលពី​ទិវា​សត្វ​ព្រៃ​ពិភព​លោកថ្ងៃទី​៣ មីនា ឆ្នាំ​២០២០ ក្រសួង​បរិស្ថាន​បាន​អំពាវនាវ​ ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ​ព្រៃ ព្រោះ​មាន​មេរោគ និង​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ដែល​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​សុខភាព​។ ក្នុងនោះ​ក្រោយពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ប្រទេស​ចិន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ​ព្រៃ និង​កុំ​ជួញដូរ​សត្វព្រៃ​។

គួរ​បញ្ជាក់​ដែល​ថា ​វត្ត​មាន​សត្វ​ខ្លា​ពពក​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​ជំនាញ​របស់​ក្រសួង​បរិស្ថាននៅ​ភូមិ​ភាគ​ឥសាន និរតី និង​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា។ ខណ:ខ្លាពពក​ស្ថិត​ក្នុង​ក្រុម​ជិត​ផុត​ពូជ​ ​ដែល​ទទួល​រង​នូវ​ការ​គំរាម​គំហែង​តាមរយ:ការ​បរបាញ់ ការ​បាត់បង់​ទី​ជម្រក​ដែល​វា​ធ្លាប់​ស្វែង​រក​ចំណី​ និង​រស់នៅ​ ​ព្រមទាំង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​ សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ (IUCN)​ ​ថា​ជា​ប្រភេទ​សត្វ​ព្រៃ​ងាយ​រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​ពិភពលោក​។ នេះ​​យោង​តាម​ក្រសួង​បរិស្ថាន៕