ក្រសួង​សុខា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធ​​នេះ ​បាន​ប្រកាស​​​រក​ឃើញ​ករណី​ឆ្លង​វី​រុស​កូវីដ-១៩​បម្លែងថ្មី​ប្រភេទ​ B.1.617-2 (Delta) ចំនួន​៣៦​ករណី​ ក្នុង​នោះ​មាន​៨​ករណី​ឆ្លង​លើ​បុគ្គលិក​សុខាភិបាល ​​ក្រោយ​ទទួល​លទ្ធផល​ធ្វើ​វិភាគ​ដោយ​វិទ្យា​​ស្ថាន​ប៉ា​ស្ទ័រ​​កម្ពុជាកាល​ពី​ថ្ងៃ​ទី​៣ ​ខែ​សីហា ​ឆ្នាំ​២០២១​។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​កាល​ពី​ថ្ងៃនៅ​ទី​៤ ខែ​សីហា​ ​ឆ្នាំ​២០២១​នេះ​បាន​ឱ្យ​ដឹង​ថា ករណី​ឆ្លង​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី​​ប្រភេទ​ B.1.617-2 (Delta) ទាំង​៣៦​នាក់​នោះ រួម​មាន​​បុគ្គលិក​សុខាភិបាល​ចំនួន​ ៨ ​នាក់​​ភេទ​ស្រី​ចំនួន​២នាក់ និងអ្នក​ភូមិ​ក្នុង​សហគមន៍​ចំនួន​២៨នាក់​​ ភេទស្រី​១៤នាក់​នៅ​រាជធានីភ្នំពេញ​ ឧត្តរមានជ័យ សៀមរាប និង​កំពង់​ធំ។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បញ្ជាក់ថា​ការ​ចម្លង​ជំងឺ​កូវីដ-១៩​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​សន្ទុះ​ខ្លាំង​លើ​យុវវ័យ ដោយសារ​ក្រុម​នេះ​បាន​ដើរ​ចេញ​ក្រៅ​ផ្ទះ​ច្រើន ឬ​មាន​ការ​ជួប​ជុំ​មិត្តភ័ក្រ្ត​។

គួរ​បញ្ជាក់​​​ថា កម្ពុជា​​បាន​រកឃើញ​​អ្នក​មាន​វិជ្ជមាន​វីរុស​កូវីដ​-១៩​ប្រភេទ​ដែល​តា (Delta) លើ​ពល​ករ​ត្រឡប់​​ពី​ប្រទេស​ថៃ​ អ្នក​ដំណើរ​តាម​យន្តហោះ បុគ្គលិក​សុខាភិបាល និង​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍​​សរុប​ទាំង​អស់​ចំនួន២៦០នាក់ ក្នុង​នោះ​ស្រ្តី​ចំនួន​១២៥​នាក់។ នេះបើតាម​សេចក្តី​​ជូន​ព័ត៌មាន​ខាងលើ​ដដែល៕​