ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​ឡាវ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជូន​ដំណឹង​ដល់​ប្រជា​ពល​រដ្ឋ​ ពលករ និង​និសិ្សត​ខ្មែរ​ដែល​កំពុង​រស់​នៅ​ប្រកប​អាជីវកម្ម ធ្វើ​ការងារ ​និង​សិក្សា​នៅ​ប្រទេស​ឡាវ ឱ្យ​ប្រុង​ប្រយ័ត្ន​​​ជំងឺ​ឆ្លង​កូវីដ-១៩​ព្រោះ​ប្រទេស​ឡាវ​សម្រេច​បន្ត​វិធាន​ការ​បិទ​ខ្ទប់​ប្រទេស​ចំនួន​១៥​ថ្ងៃ​បន្ថែម​ទៀត។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​​ប្រជា​មានិត​ឡាវ​នៅថ្ងៃ​ទី​០៤ ​ខែ​សីហា​ ឆ្នាំ​២០២១​នេះ​បាន​ឱ្យ​ដឹង​ថា​ រដ្ឋា​ភិបាល​ឡាវ​បាន​សម្រេច​បន្ត​វិធាន​ការ​​បិទ​ខ្ទប់​ប្រទេស​ចំនួន​១៥​ថ្ងៃ​បន្ថែម​ទៀត ដោយ​សារ​តែ​​​ករណី​ជំងឺ​ឆ្លង​កូវីដ-១៩​​ក្នុង​សហគមន៍​នៅតែ​បន្ត​រក​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​រដ្ឋ​ធានី ខេត្ត​ ក្រុង​ទូទាំង​ប្រទេសលើ​ពលករ​ឡាវ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

រយៈ​ពេល​នៃ​ការ​បន្ត​បិទ​ខ្ទប់​ប្រទេស​១៥​ថ្ងៃ​នោះ​រាប់​ចាប់​ពី​ថ្ងៃ​ទី​០៣​​-១៨​ ខែ​សីហា ឆ្នាំ​២០២១​តទៅ​។​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឺង​ខាង​លើ​បាន​បញ្ជាក់។

បើ​តាម​សេចក្តី​ជូន​ដំណឹង​​​ខាងលើ​បន្ថែម​​ថា៖ «​មិន​ឱ្យ​​បងប្អូន​ប្រជា​ពល​រដ្ឋ ពលករ​ និស្សិត​ខ្មែរ​ទាំង​អស់​​ទៅ​កាន់​កន្លែង​ដែល​មាន​ហានិភ័យ​ បន្ត​រក្សា​អនាម័យ៣កុំ​ ៣ការពារ​ឱ្យបាន​ល្អ និង​អនុវត្តតាម​​សេចក្តី​ណែនាំ​របស់​រដ្ឋា​ភិបាល​ឡាវ​​ និង​វិធាន​ការ​រាជ​រដ្ឋាភិបាល​កម្ពុជាឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់»។

​តាម​ខ្លឹម​សារ​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​នោះ បាន​បញ្ជាក់​ថា​រដ្ឋា​ភិបាល​ឡាវ​បន្ត​ហាម​ឃាត់​កន្លែង​ផឹកស៊ី កាស៊ីណូ ការ៉ា​អូខែ ក្លឹប​កម្សាន្ត ល្បែង​គ្រប់​ប្រភេទ រោង​ភាព​យន្ត ហាម​ជួប​ជុំ​កុះករ ហាម​លក់​គ្រឿង​ស្រវឹង​ និង​ហាម​មិន​ឱ្យ​ធ្វើ​ដំណើរ​តាម​រថ​យន្ត​និង​យន្ត​ហោះ​ចំពោះ​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក់​ថ្នាំ​បង្ការ​​កូវីដ-១៩។

សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​ក៏​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​នូវ​ផ្សារ​ទំនើប ផ្សារលក់​ដុំ និង​លក់​រាយ ផ្សាររាត្រី ផ្សារ​លក់​ម្ហូប​អាហារ កន្លែង​ហាត់​ប្រាណ ការ​នេសាទ ភោជនីយដ្ឋាន ហាង​កាហ្វេ រមណីយដ្ឋាន​ទេសចរ ហាង​កាត់​សក់ និង​ហាង​កែ​សម្ភស្ស រៀប​ចំ​កិច្ច​ប្រជុំ​ក្រៅ​តំបន់​ក្រហម បើកសាលា​រៀន​នៅ​កន្លែង​ដែល​ពុំ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ខ្ពស់។

សូម​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ថ្នាំ​បង្ការ​ជំងឺ​កូវីដ-១៩​ត្រូវ​បាន​គេ​បើក​យុទ្ធ​នាការ​ចាក់​ទូទាំង​សាកល​លោក​ដើម្បី​ទប់​ស្កាត់​កម្រិត​ឈឺ​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​នេះយ៉ាង​ណា​ក្តី​ ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែង​ថ្មី​ប្រភេទ ដែលតា (Delta) កំពុង​តែ​គម្រាម​កំហែង​សុខភាព​សាធារណៈ ដោយ​បង្កឱ្យ​ឈឺ​ និង​ស្លាប់​ដោយ​សារ​ជំងឺ​កូវី-១៩​នៅ​តែ​ជា​ក្តី​បារម្ភ ​និង​គ្រោះ​ថ្នាក់​មិន​ទាន់​អាច​គ្រប់​គ្រង​បាន​នៅឡើយ៕