គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានប្រកាសកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ថានឹងកែលម្អឆ្នេរភក់ ឲ្យទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង​ ២៧០០ ម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

សេចក្តីប្រកាសដដែលបានបញ្ចាក់ទៀតថា គម្រោងនេះនឹងមានការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រ ដែលមានប្រវែងទទឹងយ៉ាងតិច ៣០​ម៉ែត្រ និង បណ្តោយប្រវែង ២៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ខ្សាច់សល្អ។​​

រូបគំរោងចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

​ការកែល​ម្អក៏នឹងមានការចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីរឆ្នេរសមុទ្រដែលមានទទឹងប្រវែង ៥០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និង ការដាំដើមឈើ។ នេះយោងតាមសេចក្តីប្រកាសដដែល។

សេចក្តីប្រកាសដដែលបានបន្តថា ថវិកាសម្រាប់គំរោងនេះគឺជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ៕