ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ព្រះបាទ​ នរោត្តម​ សីហមុនី​ ព្រះ​តម្រិះ​យល់​ស្រប​លើ​គំនិត​ផ្តួ​ចផ្តើម​ធ្វើ​របស់​លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​កំណត់​ «សញ្ជាតិ​ខ្មែរ​តែ​មួយ​» ចំពោះ​ថ្នាក់​ដឹក​នាំ​កំពូល៤​ របស់​កម្ពុជា​ ។

តាម​រយៈ​លិខិត​របស់​ព្រះមហាក្សត្រ​ ជូន​ចំពោះ​លោកនាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​​១១​ ខែ​តុលា​ ឆ្នាំ២០២១​ ព្រះ​ករុណា​ ព្រះបាទ​ នរោត្តម​ សីហមុនី​ ទ្រង់​មាន​ព្រះ​បន្ទូល​ក្នុង​លិខិត​នោះ​ថា​៖ «ខ្ញុំ​បាន​ទទួល​នូវ​លិខិត​លេខ​ ០៦៣/០១/២០២១ ចុះ​នៅ​ថ្ងៃ​ទី​ ១១​ ខែ​តុលា​ ឆ្នាំ២០២១​ របស់​ឯកឧត្តម​កិត្តិនិតិកោសល​បណ្ឌិត​ អ៊ឹម​ ឈុនលឹម​ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ស្តី​ពី​មតិ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ អំពី​កា​រ​ផ្តួច​ផ្តើម​គំនិត​ធ្វើ​វិសោធនកម្ម​ […] ខ្ញុំ​សូម​ប្រគល់​ជូន​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ នូវ​លិខិត​របស់ឯកឧត្តម​កិត្តិនិតិកោសល​បណ្ឌិត​ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បាប់​»។

នៅ​មុន​លិខិត​របស់​ព្រះ​មហាក្សត្រ​ត្រូវ​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​ដែរ​នោះ គណបក្ស​ប្រជាធិប តេយ្យ​មូលដ្ឋាន​ក៏​បាន​ចេញ​​លិខិត​ថ្លែ​ង​ការណ៍មួ​យ ​ មិន​សាទរ​ចំពោះ​ការ​យក​បញ្ហា​រឿង​កំណត់​សញ្ជាតិ​តែ​មួយ​នេះ​ ទៅ​ពិភាក្សា​ជា​មួយ​អង្គ​មហាក្សត្រ​ឡើយ។​

គណបក្សមិន​មាន​អាសនៈ​សភា​​មួយ​នេះ​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​៖ «គណបក្ស​ប្រជា​ធិបតេយ្យ​​មូលដ្ឋាន ​(គ.ប.ម.)​ សូម​បញ្ជាក់​ជំហរ​មិន​គាំ​ទ្រ​រឿង​សញ្ជាតិ​ខ្មែរ​តែ​មួយ​នៅ​ពេល​នេះ​។ គ.ប.ម.​ ក៏​មិន​គាំទ្រ​ការ​ពិភាក្សា​រឿង​នេះ​ដោយ​ភ្ជាប់​ជា​មួយ​អង្គ​ព្រះមហាក្សត្រ​ដែរ​» ។

គួរ​បញ្ជាក់​ថា​ ​  គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​រួច​ជា​ស្រេច​ កាល​ពី​ថ្ងៃ​ទី​ ០៨​ តុលា​ ឆ្នាំ​ ២០២១​ លើ​សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​ «វិសោធនកម្មមាត្រា១៩ថ្មី​ មាត្រា៨២​ មាត្រា​១០៦ថ្មី​(មួយ)​ មាត្រា១១៩ថ្មី​ និងមាត្រា១៣៧ថ្មី​ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​រាជាណាចក្រកម្ពុជា​ និង​ មាត្រា៣​ និង​មាត្រា៤​ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​»។ វិសោធនកម្ម​នេះ​បាន​ដាក់​បញ្ចូល​កថាខណ្ឌ​ដែល​ចែង​ថា​ «ថ្នាក់​ដឹក​នាំ​ជាតិ​ដែល​ជា​ ប្រធាន​ព្រឹទ្ធសភា​ ប្រធានរដ្ឋសភា​ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​ និង​ នាយករដ្ឋមន្ត្រី​ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​»។​

ការ​អនុម័ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃពុធ​ ទី០៦​​ ខែតុលា​ ឆ្នាំ២០២១​ បាន​ចេញ​មក​ប្រកាស​បញ្ជា​ឱ្យ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​កម្ពុជា​សិក្សា​រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ឬ​សេចក្តី​ព្រាង​ច្បាប់​អង្គកា​រ​ចេញ​ពី​រាជរដ្ឋាភិបាល​ ឬ​ ជា​សេចក្តី​ស្នើ​ច្បាប់​ដែល​ចេញ​ពី​ព្រឹទ្ធសភា​ និងរដ្ឋសភា​ តម្រូ​វ​ឱ្យ​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ជាតិ​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​នោះ​គឺ​សញ្ជាតិ​ខ្មែរ​៕​