រដ្ឋា​ភិ​បាល​កម្ពុជា​ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បាន​​​ចេញ​សា​រាចរណែ​នាំ​​ ឲ្យ​ទប់​ស្កាត់​ការ​វាយ​កម្ទេច​ និង​បំផ្លិច​បំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ ទាំង​នៅ​ទីក្រុង និង​នៅ​តាម​បណ្តា​ខេត្ត។

សា​រាចរ​នោះ​បញ្ជាក់​ថា​​ ដោយ​សារ​ទំនើប​កម្ម​​​បណ្តាល​​​ឱ្យ​មាន​ការ​បាត់​បង់​​ ការ​វាយ​បំផ្លិច​បំផ្លាញ​ ការ​ធ្វើ​ឱ្យ​ខូច​ខាត​តាម​​គ្រប់​រូប​ភាព​ជា​បន្ត​បន្ទាប់ ​ចំពោះ​សំ​ណង់​អគារ​​​ដែល​ស្ថិត​​​ក្នុង​តំបន់​​បេតិ​កភណ្ឌ​ទី​ក្រុង​ តាម​បណ្តា​រាជ​ធា​នី​ ​ខេត្ត​ ដែល​ជា​សម្បត្តិ​​​បេ​តិ​កភណ្ឌ​​​​ជាតិ​ដ៏​មាន​តម្លៃ​ ហើយ​មាន​ការ​ប្រ​ឈម​នឹង​​ហា​និ​ភ័យ​ និង​ស្ថិត​ក្រោម​​ការ​គំរាម​កំហែង​ខ្ពស់​ដោយ​ការ​​អភិវឌ្ឍ​​​។

ក្នុងសា​រាចរ​បាន​​បញ្ជាក់ថា ដើម្បី​ឲ្យ​ការ​ងារ​អភិ​រក្ស​តំបន់​បេ​តិ​កភណ្ឌ​ទី​ក្រុង​​ដែល​មាន​សំណង់​អគារ​សាសនា​​ សំ​ណង់​សា​ធារណៈ​ សំ​ណង់​ឯកជន​ ភូមិ​​ដ្ឋាន​ និង​ផ្ទះ​បុរាណ​ ស្រប​តាម​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ​បេតិ​កភណ្ឌ​វប្ប​ធម៌​ រាជ​​រដ្ឋា​​ភិ​​បាល​​​ហាមឃាត់ចំពោះការកែប្រែ ការ​ប្តូរ​រូប​រាង​ខាង​ក្រៅ ឬធ្វើ​ឱ្យ​ខូច​ខាត​សោ​ភ័ណ​ភាព​ចំពោះ​សំ​ណង់​នៃ​តំបន់​បេ​តិក​ភណ្ឌ​ទី​ក្រុង​ និ​ង​ទប់​ស្កាត់​ការ​វាយ​កម្ទេច ​និង​បំផ្លិច​បំ​ផ្លាញ​សំ​ណង់​វប្បធម៌​ ប្រវត្តិ​សាស្ត្រ សំណង់​បុរាណ និង​សំណង់​អគារ​បេតិ​កភណ្ឌ​ ដើម្បី​ការ​ពារ​ឱ្យ​បាន​គង់​វង្ស​។

រាជ​​រដ្ឋា​​ភិ​​បាល​បាន​ណែ​នាំ​បន្ថែមថា៖ «បញ្ឈប់​ជា​បន្ទាន់​ចំ​ពោះ​ការ​បំ​ផ្លាញ​អគារ​បេតិ​កភណ្ឌ​ក្នុង​តំបន់​ការពារ​និង​ក្រៅ​តំបន់​ការពារ​ ដោយ​ផ្តោត​លើ​យុទ្ធ​សាស្រ្ត​ គោល​ន​យោ​បាយ​ និង​ផែន​ទី​ចង្អុល​បង្ហាញ​ ដើម្បី​ជំ​រុញ​ការ​អភិ​រក្ស​ និង​ការ​អភិ​វឌ្ឍ​ទី​ក្រុង​បេតិ​កភណ្ឌ​ប្រ​កប​ដោយ​និរន្តរ​ភាព​»។

ក្នុងសា​រាចរដដែល​ក៏​បាន​​បាន​ណែ​នាំថា រាល់​សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕