ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា​ នេះ​តទៅ អ្នក​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់​សាំង​ពេញ​លេញ​​ចួល​មក​ប្រទេស​កម្ពុជា​នឹង​ត្រូវ​អនុវត្ត​ការ​ធ្វើ​ចត្តាឡី​ស័ក​​ចំនួន​ពី​៣ ទៅ៧​ថ្ងៃ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ស្ដីពី​លក្ខខណ្ឌ​​ធ្វើ​​ដំណើរ កាអនុវត្តវិធានសុខាភិបាល និង​ការធ្វើ​ចត្តា​ឡីស័ក​នៅ​កម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ​ចេញ​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០២១ ​បង្ហាញ​​ថា ដោយ​មើល​ឃើញ​ពី​ការវិវ​ត្ត​កាន់​តែ​ប្រសើរ​ឡើង​នៃ​ស្ថានភាព​ជាក់​ស្តែង រាជរដ្ឋាភិបាលកម្ពុជា​សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និង​តាម​ដំណាក់កាល​ជាមួយ​នឹ​ង​ភាព​ប្រយ័ត្ន​ប្រយែង និងការទទួលខុសត្រូវខ្ពស់ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយ​មាន​ការសម្រួល​របប​នៃ​ការធ្វើ​ចត្តា​ឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល។

ក្នុង​សេចក្តី​ជូន​ដំណឹង​​នោះ​បញ្ជាក់​ថា​ អ្នក​ដំណើរ​​​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​បាន​ពេញ​លេញ ត្រូវអនុវត្ត​របបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស​ទាំង​ជន​ជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវការ និង​មន្ត្រីរាជការ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រលប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ការ​អនុវត្ត​នេះ​​ត្រូវ​រួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម​អាទិភាពនេះផង។​

ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន​៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬ​ជន​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​បាន​ពេញ​លេញ។ ដោយឡែក ចំពោះ​អ្នក​ដំណើរ​គ្រប់​ប្រភេទ​​ដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋានបានពេញលេញ ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃ ។

ក្រសួងសុខាភិបាលបាន​​បញ្ជាក់ថាផងដែរ​ថា សេចក្តីជូនដំណឹងនេះនឹងអនុវត្តចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះតទៅ។ ចំពោះអ្នកដំណើរដែលមកដល់កម្ពុជាមុនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងកំពុងធ្វើចត្តាឡីស័ក ក៏អាចទទួលបានការសម្រួលដូចគ្នាដែរ ក្នុង​ករណី​ទទួល​បាន​ការចាក់វ៉ា​ក់​សាំងកូវីដ-១៩​ពេញលេញ មានឯកសារគ្រប់គ្រាន់ និង​បំពេញ​រាល់​លក្ខខណ្ឌ​ខាងលើ៕