សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៧​ ខែតុលា​នេះ បាន​ចេញ​សេចក្តី​ណែនាំ​បន្ថែម​ស្តីពី​ករណី​លើកលែង​កាតព្វកិច្ច​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ចំពោះកុមារ និង​យុវវ័យ​មាន​អាយុ​ក្រោម​១៨ឆ្នាំ។

យោងតាមសេចក្តីណែនាំបន្ថែមរបស់រដ្ឋបាលរាជធានីភ្នំពេញ​ឲ្យដឹងថា​ តាមរយៈ​ការតាមដាន<ត្រួត​ពិនិត្យ និង​វាយតម្លៃជាប់​ជាប្រចាំ កុមារ និងយុវវ័យ​ដែល​មានអាយុក្រោម១៨ឆ្នាំ មិនមែន ជា​ក្រុ​មហា​និ​ភ័យ​ដែល​មាន​ការចម្លង​ជំងឺ​កូវីដ​១៩​សកម្ម​នោះ​ទេ​​ ផ្ទុយ​មក​វិញ​ពួកគេ​គឺជា​ក្រុម​មនុស្ស​ដែល​ងាយរងគ្រោះ​ពីកា​រចម្លង​ជំងឺផ្លូវ​ដង្ហើម​មួយ​នេះ។​

សេចក្តីណែនាំដដែលបន្ថែម​ថា ចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី៦​ ដល់​ក្រោម​១៨ឆ្នាំ និង​កុមារ​អាយុក្រោម​៦ឆ្នាំ មិន​ចាំបាច់​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​នៅ​ពេល​ចេញ​ចូល​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជ​ន​នោះទេ​។​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ជំរុ​ញ​ឱ្យ​គណៈ​គ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិង​ឯកជន​ត្រូវ​រៀបចំ​យន្តការ​ដើម្បី​ត្រួត​ពិនិត្យ​បណ្ណ​ចាក់វ៉ាក់​សាំង​របស់​បុគ្គលិក អាណាព្យាបាល និង​ភ្ញៀវ​ដែល​បាន​និង​កំពុង​មាន​ទំនាក់ទំន​ង​ក្នុង​ទីតាំង​របស់​ខ្លួន​ផង​ដែរ។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ចំពោះកុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវបានលើកលែងកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងផងដែរ រាល់​ពេល​ចេញ​ចូល​ទៅ​ទំនាក់​ទំនង​សាកសួរ​ព័ត៌មាន​ផ្សេងៗ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជ​ន​ក្នុង​រាជធានី​ភ្នំពេញ»។

រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា​ បានចេញសេចក្ដីណែនាំ ស្ដីពីកា​រ​បង្ហាញ​បណ្ណ​ចាក់វ៉ាក់​សាំង និង​ឯកសារ​បញ្ជាក់​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ រា​ល់ពេលចេញចូល គ្រឹះស្ថាន​សិក្សា និងទីប្រជុំជនក្នុងរាជធានីភ្នំពេញ ក្នុង​គោល​បំណង​គ្រប់គ្រង​នូវ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ និងឈានទៅដល់ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី នៃ​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ៕​