រាជរដ្ឋា​ភិ​បាល​កម្ពុជា​ នៅថ្ងៃចន្ទ​នេះ​ ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ក្រដាស​ប្រាក់​​​ប្រភេទ​៣០,០០០​រៀលគំរូថ្មី​ទូទាំងប្រទេស ដើម្បីអបអរសាទរខួប​៣០ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និងខួប​៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ មកកាន់មាតុភូមិវិញ។

​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន  បាន​ចេញ​អនុក្រឹត្យ​​​​ប្រកាស​ដាក់​ឲ្យប្រើប្រាស់​​ធនប័ត្រ​អនុស្សាវរីយ៍​​ប្រភេទ​ថ្មី​នេះ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១។​

ធនាគារជាតិនៃកម្ពុជា បាន​ប្រកាស​របស់​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០២១​នេះ​​ថា៖ «ដើម្បីអបអរ​សាទរខួប ៣០ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២១) និងខួប ៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលបាន​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ចេញ​ផ្សាយ​ធនប័ត្រ​អនុស្សាវរី​យ៍​ប្រភេទ ៣០.០០០រៀល គំរូថ្មី ដើម្បីដាក់ឱ្យចរាចរ និង​ប្រើប្រាស់​ទូទាំង​ព្រះរា​ជា​ណាចក្រ​កម្ពុជា»។

ធនាគារជាតិនៃកម្ពុជា​បាន​បញ្ជាក់​ដែរថា ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រ​អនុស្សាវ​រីយ៍​ប្រភេទ ៣០,០០០ រៀល ត្រូវបាន​ដា​ក់​ឲ្យ​ប្រើប្រាស់​ទន្ទឹមគ្នា​ជាមួយ​នឹង​ក្រដាស​ប្រាក់​ប្រភេទ​ផ្សេងៗ​ទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។ ដូចនេះសាធារណជនគ្រប់រូប ត្រូវ​ពិនិត្យ​សម្គាល់​ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ៕