Site icon Newsroom Cambodia

គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនចំនួន១៧៣ក្នុងខេត្តសៀមរាបនឹងបើកដំណើរការឡើងវិញ

ទិដ្ឋភាពក្នុងថ្នាក់នៅថ្ងៃដំបូងនៃការបើកដំណើរការសាលារៀន​សាកល្បងក្នុង​ខេត្ត​សៀម​រាប។ (រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ​បានជូន​ដំណឹង​អំពី​ការបើក​ដំណើរកា​រ​សាលារៀន​មួយចំនួនឡើងវិញ ដោយអនុវត្តការបង្រៀន និង​រៀន​តាម​បណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្រប​​តាម​គោលការណ៍ប្រតិបត្តិ​ស្តង់ដា​របស់ក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមសេចក្តីណែនាំលេខ ៤៦ អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់​ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និ​ង​រៀន​តាម​បណ្តុំ​ស​ម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប រដ្ឋបាល​ខេត្ត​សៀមរា​ប​បាន​ពិនិត្យ​វាយតម្លៃទៅលើគ្រឹះស្ថានសិក្សាសាធារណៈយ៉ាងហ្មត់ចត់ ទើប​សម្រេច​ឱ្យមា​ន​ការ​បើក​ដំណើ​រការបង្រៀន និងរៀនតាមបណ្ដុំ ក្នុងជំហានទី១។

សាលាដែលត្រូវបើកដំណើរការឡើងវិញមានចំនួន១៧៣​ ដែលស្ថិតតាមបណ្តាស្រុកចំនួន០៨ រួមមានស្រុកសូទ្រនិគម ប្រាសាទបាគង ក្រឡាញ់ ស្រីស្នំ វ៉ារិន អង្គរធំ បន្ទាយស្រី និង​ស្រុក​ស្វាយ​លើ។ ក្នុងនោះគ្រឹះស្ថានមធ្យមសិក្សាមានចំនួន ៤៤សាលា គ្រោង​ចាប់​ដំណើរការ​អនុវត្ត​សិក្សា​ចាប់​ពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងបឋមសិក្សាមានចំនួន​១២៩សាលា ដោយ​គ្រោង​ចាប់ដំណើរ​ការអនុវត្តសិក្សាចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះតទៅ។

ក្នុងថ្ងៃដដែលនោះ រដ្ឋបាល​ខេត្ត​ក៏​បាន​បញ្ចប់​ការដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះ​អាសន្ន សម្រាប់​បម្រាម​គោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ​១៩ ក្នុងភូ​មិសាស្ត្រ​ខេត្ត​សៀមរា​ប​ផងដែរ។

សូមបញ្ជាក់ថា ក្នុងទូទាំងខេត្តសៀមរាប មានសាលាមត្តេយ្យសិក្សាចំនួន២០កន្លែង និង​​មាន​ថ្នាក់មត្តេយ្យសិក្សាផ្សេងទៀត ដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួនជាង​៤០០កន្លែង សាលា​បឋម​សិក្សា​ចំនួនជាង ៥១៤កន្លែង មានអនុវិទ្យាល័យចំនួន៨២កន្លែង  និង​មាន​វិទ្យាល័យ​ចំនួន​៤១​កន្លែង ៕

Exit mobile version